​សៀមរាបៈ ក្រុមការងារ​បុរាណវិទ្យា​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អា​ជ្ញា​ធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​គ្រឹះ​ខ្លោងទ្វារ​ខាងត្បូង​របស់​ប្រាសាទតាព្រហ្ម ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​ឈានទៅដល់​ការជួសជុល​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​។​


​ការធ្វើ​កំណាយ​នេះ​មាន​កិច្ច​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​ ​(ASI)​។ កំណាយ​ស្រាវ​ជ្រាវ​នេះ​មាន​រយៈពេល​ ៣ ​ខែ ចាប់​ផ្ដើម​ពី​ពាក់កណ្ដាល​ខែធ្នូ ២០២៣ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា របស់​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី នេ​ត ស៊ី​មន មានប្រសាសន៍ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោង​ទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​នេះ​មាន​គោលបំណង​ទី​ ១ ស្វែងរក​ថ្ម​របស់​សំណង់​ដែល​បាត់បង់​។ ទី​២ សិក្សា​មើល​ស្ថានភាព​របស់​គ្រឹះ​នៃ​ខ្លោងទ្វារ និង​ទី​ ៣ សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​បុរាណ​របៀប​នៃ​ការរៀបចំ​គ្រឹះ​សម័យបុរាណ​ជាដើម​។​


​លោកស្រី​ឱ្យដឹងទៀតថា តាម​លទ្ធផល​ដំណាក់​កាល​ដំបូង​នៅក្នុង​រណ្តៅ​ទី​១ ក្នុង​ជម្រៅ​ ៨០ ​សង់ទីម៉ែត្រ បាន​ប្រទះឃើញ​ដុំ​ថ្មភក់​ចំនួន​ ៨ ​ដុំ​ដែលមាន​ក្បាច់ និង​អាច​កំណត់​អត្ត​សញ្ញាណ​ជា​ថ្ម​កំពូល​ហោជាង និង​ផ្នែក​ផ្សេងៗ​ទៀត​របស់​ខ្លោងទ្វារ​។​

​កំណាយ​ស្រាវជ្រាវ​នេះ គឺ​បន្ទាប់ពី​ក្រុមការងារ​បាន​រើ​គំនរ​ថ្មភក់​របស់​ខ្លោងទ្វារ​ផ្នែក​តួ​ខាងលើ​ដែល​រលុះ​ធ្លា​ក់មក​គ្រប​លើ​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​ទាំងមូល យកទៅ​ផ្គុំ​សាកល្បង​ដើម្បី​សិក្សា​ស្វែងរក​ទីតាំង​ដើម​៕