​ភ្នំពេញៈ មន្ត្រី​នាំពាក្យ​រាជ​​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​ថ្មី​បាន​អនុវត្ត​ការងារ​កមុ្ម​វិធី​ន​យោ​បាយ​ទាំង​ ៦ ​ក្នុង​រយៈពេល​ប្រមាណ​ជា ៤ ​ខែ​កន្លងទៅនេះ ដោយ​ទទួលបាន​ជោគជ័យ និង​បានផ្តល់​ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​រក្សាបាន​សុខសន្តិភាព ស្ថិរ​ភាព​នយោបាយ និង​សង្គម​។​


​ក្នុង​ឆ្នាំ​ ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាល​ថ្មី ក្រោម​ការដឹក​នាំ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នឹងធ្វើ​ដំណើរ​ទៅមុខ​យ៉ាង​រលូន ហើយនឹង​ឈានទៅរក​ភាពរុងរឿង​ផង​​ដែរ ហើយ​លោក​ក៏បាន​អំពាវ​​នាវ​ឱ្យ​ជនរួមជាតិ រួមគ្នា​ថែរក្សា​សន្តិភាព កុំឱ្យ​បាត់បង់​ទើប​ស្តាយក្រោយ​។ នេះ​ជាការ​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូ​ណា​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងពេល​ ៣ ឬ​ ៤ ​ខែ​កន្លងទៅនេះ ខ្ញុំ​ឃើញ​រាជរដ្ឋាភិបាល​ថ្មី​របស់​យើង​រក្សា​លំនឹង​សុខសន្តិភាព​ល្អ​មែនទែន គ្រប់បែបយ៉ាង​ទាំងអស់ អត់​មានការ​ប្រែប្រួល​ទេ ហើយ​ធ្វើការ​បាន​លឿន​រហ័ស​ទៀត​។ អ៊ីចឹង សង្ឃឹមថា ឆ្នាំ ​២០២៤ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ដំណើរ​ទៅមុខ​យ៉ាង​រលូន ហើយនឹង​ឈានទៅរក​ភាពរុងរឿង ក៏ដូចជា​ឆ្នាំ​ទៅមុខៗ​ទៀត​ដែរ​»​។​


​ក្នុង​រយៈពេល​ប្រមាណ​ជា ៤ ​ខែ ឆ្នាំ ​២០២៣ រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី ​២២ ខែសីហា រហូតមក​ដំណាច់ឆ្នាំ​២០២៣​ នេះ គឺជា​ការចាប់ផ្តើម​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី រដ្ឋមន្ត្រី​ថ្មី និង​នាយករដ្ឋមន្ត្រី​ថ្មី បានធ្វើ​ដំណើរ​លឿន ដោយ​​សារ​សម្រេចបាន​លទ្ធផល​ដ៏​ល្អ គឺ​ការរក្សាបាន​លំនឹង​សុខ​សន្តិ​ភាព ស្ថិរភាព​សង្គម លំនឹង​នយោបាយ លំនឹង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ដោយ​មិន​ធ្វើឱ្យមាន​ការច្របូកច្របល់​អ្វី​ឡើយ​។​

​លោក ប៉ែន បូ​ណា បាន​ថ្លែងថា បើទោះបីជា​រាជរដ្ឋាភិបាល​មាន​រចនាសម្ព័ន្ធ​ដែលមាន​ស្រាប់​ហើយក៏​ដោយ ក៏ប៉ុន្តែ​នៅពេលដែល​មន្ត្រី​ចូលកាន់​តំណែង​ថ្មី ប្រធាន​ស្ថាប័ន​នីមួយៗ​បាន​ប្រើប្រាស់​ដៃ​ម្ខាង​ត្រូវ​រៀបចំ​បញ្ហា​ផ្ទៃក្នុង និង​ការងារ​បែបបទ​មួយចំនួន និង​ដៃ​ម្ខាង​ទៀត គឺ​ចាប់ផ្តើម​រាជ​​រដ្ឋាភិបាល​ឱ្យទៅ​មុខ​។​


​លោក​បាន​ប្រាប់ថា​៖ «​អ៊ីចឹង​សម្លឹង​ទៅ​ឆ្នាំ​ ២០២៤ ខ្ញុំ​គិតថា គ្រប់យ៉ាង​ចុងក្រោយ​នេះ រាជ​រដ្ឋា​ភិ​បាល រួម​នឹង​ក្រសួង​នីមួយៗ ត្រៀម​រួចរាល់​ហើយ​ដែល​ឆ្នាំ​ ២០២៤ នឹងត្រូវ​ផ្តោតអារម្មណ៍​ធ្វើការ​ឱ្យ​សកម្ម​ជាង​ឆ្នាំ ២០២៣ ដោយ​ធ្វើ​ម៉េច​ជំរុញ​ក្បាល​សេដ្ឋកិច្ច របស់​យើង​ទៅមុខ ដើម្បី​ទាញយក​កំណើន​សេដ្ឋ​កិច្ច​ឱ្យបាន​ខ្ពស់​»​។​

​លោក ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ថ្លែងថា ពិតណាស់​ការធ្វើដំណើរ​របស់​រាជរដ្ឋាភិបាល​ថ្មី​ក្នុង​រយៈពេល​ ៤​ ខែ​កន្លងទៅនេះ គឺ​រលូន និង​ទទួលបាន​ជោគជ័យ​ជាច្រើន​ទាំង​កិច្ចការ​អន្តរជាតិ និង​ក្នុងប្រទេស ដូច​​ជាការ​រក្សាបាន​ស្ថិរភាព​ន​យោ​បាយ សន្តិភាព កំណែទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច រួម​នឹង​ការអនុវត្ត​គោ​លន​យោ​​បាយ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ និង​ជាពិសេស​ការដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​បន្ទាន់​ទាំង​ ៦ ​សម្រាប់​ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា​៖ «​ជាពិសេស​គឺ​រក្សាបាន​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ ​២០២៣ ចំនួន​ ៥,៦% ក្នុងនោះ​វិស័យ​កសិកម្ម​មានកំណើត​ ១,១%  វិស័យ​ឧស្សាហកម្ម​៥,៩% សេវាកម្ម​ ៧,៣%​។ សមិទ្ធផល​ទាំងនេះ​គឺ​មិនអាច​សម្រេច​បានទេ បើ​ប្រទេសជាតិ​គ្មាន​ស្ថិរភាព សន្តិភាព ដែលជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​»​។​

​លោក​ថា តាមរយៈ​កិច្ច​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល​ថ្មី សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​កំណើន​ប្រមាណ​ ៦,៦% សម្រាប់​ឆ្នាំ​ ២០២៤ ដោយ​ក្នុងនោះ​មានការ​ចូលរួម​សំខាន់​ពី​កំណើន​លើ​វិស័យ​សេវាកម្ម (​ទេសចរណ៍​) វិស័យ​ឧស្សាហកម្ម​ជាពិសេស​កម្មន្តសាល​មិនមែន​កាត់ដេរ និង​វិស័យ​កសិកម្ម​។ ហានិភ័យ និង​កត្តា​ប្រឈម​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០២៤ គឺ​បញ្ហា​អតិ​ផរ​​ណា​ថាមពល ម្ហូបអាហារ ជំងឺ​រា​ត​ត្បា​ត​សកល ការធ្លាក់ចុះ​នៃ​សេដ្ឋ​​កិច្ច​សកល និង​ការ​ងើបឡើង​វិញ​យឺត​នៃ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​ជាដើម​៕