ភ្នំពេញៈ លោ​ក ស សុខា ឧបនាយក​​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ព្យាយាម​រត់​មិន​ដោះ​ស្រាយ គួរ​ត្រូវ​ដកចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ខណៈ​វិធានការ​នៃ​ការអប់រំ​គួរតែ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២៣ ​នេះ ដោយ​អនុវត្ត​វិធានការ​ផាកពិន័យ​នៅ​ឆ្នាំ​ ២០២៤​។​


​លោ​ក ស សុខា បាន​ថ្លែង​ដូចនេះ ក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៨ ដែល​បាន​រៀបចំឡើង​នៅ​ទីលាន​តេ​ជោ ស្ថិត​ក្នុងភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២៣​។

លោក​មានប្រសាសន៍ថា៖ «​ចំពោះ​អ្នក​ដែល​បុក​រត់ ខ្ញុំ​សូម​ប្រកាស និង​ប្តេជ្ញា​នៅទីនេះ​តែម្តង បើសិនជា​ខ្លួន​ជា​សមត្ថកិច្ច ឬ​មន្ត្រីក្រោមឱវាទ បើ​អត់​មក​សារភាព​ទេ ក្របខ័ណ្ឌ​ខ្ញុំ​គិតថា មិនគួរ​ទុក​ទេ​។ ឧទាហរណ៍ យើង​ជា​កម្លាំង​​ប្រដាប់អាវុធ គឺ​យើង​ជា​គំរូ​មួយ ជា​តួអង្គ​មួយ​ដែល​គេ​មើល គេ​រៀនសូត្រ​តាម​។ អ៊ីចឹង បើ​កាយវិការ​យើង​មិន​គោរព មិនគួរ​ឱ្យគេ​ធ្វើតាម ខ្ញុំ​គិតថា មិនអាច​នៅ​បន្តទៀត​ទេ​»​។


លោ​ក ស សុខា ក៏​បញ្ជាក់ដែរថា ករណីនេះ​លោក​មិនមែន​ដាក់បន្ទុក​ទៅលើ​កងកម្លាំង ប្រដាប់អាវុធ​ទេ តែ​លោក​សូមឱ្យ​ពួកគេ​ក្លាយជា​អ្នក​ឆ្នើម ឬ​ហៅថា អ្នកគ្រូ​-​លោកគ្រូ​ឆ្នើម​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​

​លោក​ថា​៖ «​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​មិន​ហាម​ឃាត់​ការហូប​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​បើ​ហូប​យើង​កុំ​ប្រើប្រាស់​មធ្យោបាយ​។ បើ​នៅ​ស្រុក​គេ​ឱ្យតែ​យើង​ក្នុង​ម៉ោង​ធ្វើការ​ប្រើ​ប្រាស់ ឬ​ហូប​គ្រឿង​ស្រវឹង ហើយ​យើង​បើកបរ គេ​ចាប់បាន​គឺ​ត្រូវ​ជាប់ពន្ធនាគារ ហើយ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ទៀត​។ យើង​មិនទាន់​ដល់​ហ្នឹង​ទេ តែ​ខ្ញុំ​សូម​ដាស់​តឿន កុំ​ឱ្យមាន​បញ្ហា​នេះ​សម្រាប់​កង​ម្លាំ​ង​ប្រដាប់អាវុធ​ដែលជា​តួអង្គ​សំខាន់ ព្រោះ​ខ្លួន​យើង​ជា​អ្នកអនុវត្ត​ច្បាប់​»​។​


​នា​ពិធី​នោះដែរ លោក ស សុខា​ ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងមហាផ្ទៃ​បន្ត​រៀបចំ​ផែនការ​ដើម្បី​ណែនាំ អប់រំ​បន្ថែមទៀត ប៉ុន្តែ​ទាក់ទង​នឹង​វិធាន​ការអប់រំ​នេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​រំលេច​ឡើង​ដែរ​ថា​គួរតែ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២៣ ​នេះហើយ​។​

​លោក​ថ្លែងថា​៖ «​នៅ​ដើមឆ្នាំ ​២០២៤​ ខាងមុខនេះ គឺជា​វិធានការ​ក្នុងការ​រឹតបន្តឹង​ក្នុងការ​ផាក​វិន័យ​តែម្តង ព្រោះ​យើង​មិនដឹងថា ត្រូវ​អប់រំ​ដល់​ពេលណា​ទៀត​ទេ ហើយ​ខ្ញុំ​គិតថា បងប្អូន​ដែល​នៅទីនេះ​ដឹង​ ១០០% ​ថា ជិះ​ម៉ូតូ​បើ​មិន​ពាក់មួក​សុវត្ថិភាព គឺ​ខុសច្បាប់ តែ​អ្នកខ្លះ​ចេះតែ​ភ្លេចខ្លួន​។ ហានិភ័យ​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​មហន្តរាយ​ធំ​ណាស់​សម្រាប់​ជាតិ សម្រាប់​ខ្លួនឯង និង​សម្រាប់​ក្រុមគ្រួសារ​»​។​

​លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP)​ បានបង្ហាញ​ពី​ការគាំទ្រ​ចំពោះ​ការប្រកាស និង​ការ​​ប្តេជ្ញាចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​ការ​លុបឈ្មោះ​ពី​ក្របខ័ណ្ឌ​ដល់​មន្ត្រី​សមត្ថកិច្ច ឬ​មន្ត្រីរាជការ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រត់គេច​មិន​ទទួលខុសត្រូវ​។

លោក​ថ្លែងថា​៖ «​ការ​លុបឈ្មោះ និង​ការដេញ​ចេញពី​ក្របខ័ណ្ឌ​គួរតែ​ធ្វើឡើង ព្រោះ​វា​បញ្ជាក់​ពី​ការមិន​ទទួលខុសត្រូវ​របស់ខ្លួន​ក្នុងនាម​អ្នកបម្រើ​ឱ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំណុច​នេះ​ក៏ត្រូវ​ពិនិត្យមើល​ផងដែរ​ថា​តើ​គាត់​រត់គេច​របៀប​ម៉េច​? រត់​ដោយសារ​ការបារម្ភ​ខ្លាច​មានការ​ប្រើ​ហិង្សា តែ​គាត់​ចូលខ្លួន​ដោះស្រាយ​នៅ​ប៉ុស្តិ៍នគរបាល​ណាមួយ យើង​ក៏​គួរតែ​ពិនិត្យមើល​ដែរ​»​។​

​មួយវិញទៀត ប្រសិនបើ​អ្នកបង្ក​គ្រោះ​ថ្នាក់​នោះ មិន​ទទួលខុសត្រូវ​តែម្តង គឺ​ត្រូវតែមាន​ការផ្តន្ទាទោស​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បីឱ្យ​ជនល្មើស​មានការ​រាងចាល និង​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​គោរព​ច្បាប់ ឱ្យ​តម្លៃ​ដល់​អាយុជីវិត​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត​ផងដែរ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​រៀង​រាល់ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើងជា​មធ្យម​ក្នុង ​១ ​ថ្ងៃ​ចំនួន​ ១០ ​លើក បង្កឱ្យមាន​អ្នកស្លាប់​ជា​មធ្យម​ចំនួន ​៤ ​នាក់ និង​អ្នករបួស​ចំនួន​ ១២ ​នាក់ ខណៈ​យានយន្ត​មាន​កំណើន​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជាង ​១០%​។ តាម​ការកត់សម្គាល់​អ្ន​ក​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​អ្នក​ជិះ​ម៉ូតូ​ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​ជីវិត​មាន​ប្រមាណ​ជា ​៧៩% ហើយ​ក្នុងនោះ ​៧៤% មិន​ពាក់មួក​សុវត្ថិភាព​។​

​លោ​ក ស សុខា​បាន​ថ្លែងថា ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​ ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​សរុប​ចំនួន ​១ ៥៤៨ ​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៧៥៦​ នាក់ របួស​ ២ ០៧២​ នាក់​ដែល​ក្នុងនោះ​របួសធ្ងន់​មាន​រហូត​ទៅដល់ ​១ ៣៣២​ នាក់​។ បើ​ប្រៀបធៀប​ជាមួយនឹង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​ ២០២២ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​​ថយចុះ​ ៦១​ លើក ឬ​ស្មើ​ ៤%​។​

​ដោយឡែក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​មន្ដ្រី​នគរ​​បាល​ចរាចរណ៍ ត្រូវ​បញ្ឈប់​ការ​ស្លៀកពាក់​ស៊ីវិល​ឈរ​ពួនស្ទាក់​ចាប់​យានយន្ដ​ដែល​ល្មើសច្បាប់ ពោល​ត្រូវតែ​ស្លៀកពាក់ ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ពី​ការ​តិះ​ទៀន​ពី​សំណាក់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី ​២៥ ខែធ្នូ ឆ្នាំ ២០២៣ ​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការ​​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕