ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​​ ម៉ា​ណែ​ត បាន​លើកឡើងថា ការរៀបចំ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ​២០២២ អាច​ថា ជា​មោទនភាព និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ទៅមុខ ហើយក៏​ជា​មូល​​ដ្ឋា​នស​ម្រេច​ផែនការអភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០២៤-២០២៨ ផងដែរ​។​


​លោក​បានលើកឡើង​ដូចនេះ ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍រ​បស់​ក្រសួងផែនការ​ស្ដីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​ ២០២២ នៅ​ថ្ងៃទី ​២៦ ខែធ្នូ ឆ្នាំ ​២០២៣ ដែល​តាម​ទិន្នន័យ​បានបង្ហាញ​ពី​ការកើនឡើង​រហូតដល់​ ៤៩ ​ភាគរយ​នៃ​អង្គភាព​សេដ្ឋ​​កិច្ច បើ​ធៀប​នឹង​ជំរឿន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០១១ កន្លងទៅ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការរៀបចំ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២២ អាច​និយាយបានថា ជា​មោទនភាព ដែល​នេះ​គឺជា​លើក​ទី២ ដោយ​លើក​ទី១ ​ធ្វើឡើង​នៅ​ឆ្នាំ​ ២០១១ ដែល​ពេលនោះ​ស្ថានភាព​ទិន្នន័យ បច្ចេកទេស​មានការ​លំបាក ហើយ​អ្វីដែល​សំខាន់​ពេលនោះ​ធនធានមនុស្ស​សឹងតែ​អត់​មានតែ​ម្តង​ដោយ​ពឹង​លើ​ភាគី​មិត្ត​ជួយ​សឹង​ទាំងស្រុង​លើ​បច្ចេកទេស​។​


​លោក​បាន​មានប្រសាសន៍ថា​៖ «​ការចូលរួម​របស់​យើង​មាន​កម្រិត​តិច ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២២ មិន​ត្រឹមតែ​ទិន្នន័យ​បានល្អ​នោះទេ តែ​សំខាន់​សមត្ថភាព​ប្រជាជន​ខ្មែរ​ទាំង​មន្ត្រី​របស់​យើង​ក្នុងការ​ម្ចាស់ការ​ស្រាវជ្រាវ ហើយ​ពិតណាស់ យើង​មាន​ជំនួយ​ពី​មិត្ត​ភាគី​ដៃគូ​មួយចំនួន ប៉ុន្តែ​មន្ត្រី​របស់​យើង​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ខ្លួនឯង​នេះ​គឺជា​អ្វី​យើង​គួរ​មាន​មោទនភាព​»​។​

​នាឱកាស​នោះ លោកនាយក​​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ជំរឿន​សេដ្ឋកិច្ចជាតិ​ឆ្នាំ​ ២០២២ ដែលជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ទៅមុខ​ហើយក៏​ជា​មូលដ្ឋាន​សម្រេច​ផែនការអភិវឌ្ឍន៍​ជាតិ​ឆ្នាំ ​២០២៤-២០២៨ និង​ផែនការអភិវឌ្ឍន៍​វិស័យ​ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៤​ខាងមុខ ផងដែរ​។​


​លោក​បាន​បញ្ជាក់ថា៖ «​ទិន្ន​​ន័យ​គឺ​សំខាន់​ណាស់ ព្រោះ​ជា​ផែនទី​និង​ត្រីវិស័យ​សម្រាប់​យើង​ទាំង​ក្របខ័ណ្ឌ​រៀបចំ​គោលនយោបាយ និង​សេដ្ឋកិច្ច​។ ដូចនេះ​ជំរឿន​សេដ្ឋកិច្ច​គឺ​ដើម្បី​ចង​​ក្រង​ស្ថិតិ​មូលដ្ឋានគ្រឹះ​ស្តីពី​អង្គភាព​សេដ្ឋកិច្ច និង​បង្កើត​បញ្ជីមេ​នៃ​អង្គភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ​ស្តីពី​ស្ថានភាព​នៃ​សកម្ម​ភាព​និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សម្រាប់​ការរៀបចំ​គោលនយោបាយ ផែនការ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ទិន្នន័យ និង​ស្ថិតិ​ដែល​ទាញ​ចេញពី​ទិន្នន័យ​មានគុណ​ភាព​និង​ដែល​អាច​ជឿ​ទុកចិត្តបាន​គឺជា​ធាតុ​ចូល និង​ភ័ស្តុតាង ដែល​អ្នកធ្វើ​គោលនយោបាយ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការរៀបចំ​គោលនយោបាយ​,​យុទ្ធសាស្ត្រ​និង​ផែន​ការអភិវឌ្ឍន៍​និង​សង្គម​សេដ្ឋកិច្ច​នានា​ឱ្យចំ​គោលដៅ​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង​។​

​លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​ថ្លែង​នៅក្នុង​ពិធី​នោះដែរ​ថា គោលបំណង​ជា​សារវន្ត​នៃ​ជំរឿន​សេដ្ឋកិច្ច​គឺ​ដើម្បី​ចងក្រង​ស្ថិតិ​មូលដ្ឋានគ្រឹះ​ស្តីពី​អង្គភាព​សេដ្ឋកិច្ច​និង​បង្កើត​បញ្ជី​​មេ​នៃ​អង្គភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់ព័ត៌មាន​សំខាន់ៗ​ស្តីពី​ស្ថានភាព​នៃ​សកម្ម​​ភាព​និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដល់​អ្នករៀបចំ​គោលនយោបាយ អ្នករៀបចំ​ផែនការ អ្នកស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​

​លោក​បានឱ្យដឹង​ដែរ​ថា ជា​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​ ២០២២ បាន​បង្ហាញថា អង្គភាព​សេដ្ឋកិច្ច​សរុប​ទាំងអស់​មាន​ចំនួន​ ៧៥៣-៦៧០ ដែល​កើនឡើង​ ៤៩​ ភាគ​រយ បើ​ធៀប​នឹង​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០១១ ដែលមាន​ចំនួន ៥០៥ ១៣៤​។​

​លោក​បាន​បន្តថា៖ «​អង្គភាព​សេដ្ឋកិច្ច​ទាំងអស់​នៅ​ឆ្នាំ​ ២០២២ មាន​ ៥២,៥ ​ភាគរយ​នៅ​ទីប្រជុំ​ជន និង​ ៦៩,១​ ភាគរយ ជា​អង្គ​​ភាព​សេដ្ឋកិច្ច​ដែលមាន​ភាពជា​ម្ចាស់​តំណាង​ជា​ស្ត្រី​។ អង្គភាព​សេដ្ឋកិច្ច​ទាំងអស់​បាន​ស្រូបយក​កម្លាំង​ពលកម្ម​សរុប​ចំនួន ២,៩ ៨​លាន​នាក់​ក្នុងនោះ​ស្ត្រី​ចំនួន​ ១,៨៤​ លាន​នាក់​»​។​

​លោក​រដ្ឋមន្ត្រី​ផែនការ​បាន​បន្តថា ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២២ ​ដែល​គ្របដណ្តប់​អង្គភាព​សេដ្ឋកិច្ច​តែ​ក្នុង ​២ ​វិស័យ​គឺ​វិស័យ​ឧស្សា​​ហ​កម្ម​មាន​ ៧​ ភាគរយ និង​វិស័យ​សេវាកម្ម​មាន​ ៩៣ ​ភាគរយ​។ លើសពីនេះ​ចំនួន​អង្គភាព​សេដ្ឋ​កិច្ច​ត្រូវបាន​បែងចែក​តាម​រាជធានី​-​ខេត្ត និង​តាម​ទំហំ​នៃ​អ្នកចូលរួម​ការងារ​ក្នុង​អង្គភាព​សេដ្ឋកិច្ច​តាម​ចំណាត់ថ្នាក់​នៃ​វិស័យ​សកម្មភាព​សេដ្ឋកិច្ច​និង​តាម​ចំណូល​ចំណាយ​របស់​អង្គភាព​សេដ្ឋកិច្ច​។​

​លោក ប៊ិន ត្រឈៃ បាន​បញ្ជាក់ថា​៖ «​លទ្ធផល​នៃ​ជំរឿន​សេដ្ឋ​កិច្ច​នេះ រួមចំណែក​ក្នុង​ដំណើរ​ការអនុវត្ត​យន្តការ​តាមដាន​ត្រួត​ពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។​

​បើតាម​លោក ប៊ិន ត្រឈៃ ក្រសួងផែនការ​បានរៀបចំ​បង្កើត​គណៈកម្មាធិការ​ជាតិ​ជំរឿន​សេដ្ឋ​កិច្ច គណៈកម្មការ​បច្ចេកទេស​ជំរឿន​សេដ្ឋកិច្ច និង​គណៈ​កម្ម​ការឃោសនា​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​ ២០២១ ព្រមទាំង​គណៈកម្មាធិកា​រ​ជំរឿន​សេដ្ឋកិច្ច​រាជធានី​-​ខេត្ត​-​ក្រុង យ៉ាង​យកចិត្តទុកដាក់​ដោយ​កំណត់​ថ្ងៃទី​ ១ ​ខែមីនា ឆ្នាំ​ ២០២២ ​ជា​កាលបរិច្ឆេទ​។  

​ការធ្វើជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​ ២០២២ ត្រូវបាន​រាប់​​បញ្ចូល​អង្គភាព​សេដ្ឋកិច្ច​មាន ជាអាទិ៍ អង្គភាព​សេដ្ឋកិច្ច​នៅតាម​ផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាស​រដ្ឋ គ្រឹះស្ថាន​ហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរ​តាម​អន​ឡាញ សាលារៀន សាកល​វិទ្យាល័យ មណ្ឌល​សុខភាព មន្ទីរ​ពេទ្យ វត្ត​អារាម និង​សេវាកម្ម​ផ្សេងៗ ជាដើម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បានលើកឡើង​ដែរ​ថា ការធ្វើ​គោ​លន​យោ​​បាយ​និង​ការសម្រេចចិត្ត​ណាមួយ​ត្រូវ​ឈរលើ​គោលការណ៍​ភ័ស្តុតាង​ជាក់ស្តែង​ដែល​កើតចេញពី​ការសិក្សា​ស្រាវជ្រាវ​។​

​លោក​បាន​បន្តថា របាយការណ៍​ជំរឿន​សេដ្ឋកិច្ចជាតិ​ឆ្នាំ​ ២០២២ ជា​ទិន្នន័យ​និង​ភ័ស្តុតាង​ចាំបាច់​មួយ​ដើម្បី​គូសវាស​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា និង​ត្រួតពិនិត្យ​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លង​​មកហើយ​កំណត់​សកម្មភាព​ដែល​ត្រូវ​បន្ត​ដែលជា​ស្ពាន​សម្រេច​គោលដៅ​ប្រែក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក​បាន​ប្រាប់ថា​៖ «​នៅ​កម្ពុជា​យើង​មាន​ធនធានមនុស្ស​ដែល​អាច​សិក្សា​ស្រាវជ្រាវ​កម្រិត​ខ្ពស់​បាន សំខាន់​ទៅលើ​ការឱ្យ​តម្លៃ​និង​ការចេះ​ប្រើ​ធនធាន​ទាំងនោះ​ឱ្យមាន​ប្រយោជន៍​ដល់​សង្គម​ប៉ុណ្ណោះ​។ របាយការណ៍​បែប​វិទ្យាសាស្ត្រ​ជា​ទិសដៅ​ចង្អុលបង្ហាញ​អ្នកធ្វើ​គោលនយោបាយ អ្នក​នយោបាយ ការដាក់ចេញ​ផែនការអភិវឌ្ឍន៍​និង​គម្រោង​នានា​ទាំង​ដំណាក់កាល​ខ្លី និង​វែង​»​។​

​លោក ប៉ា ចន្ទ​រឿន សង្ឃឹមថា របាយការណ៍​ជំរឿន​សេដ្ឋកិច្ចជាតិ​ឆ្នាំ ​២០២២ នេះ ប្រើប្រាស់​វិធី​សាស្ត្រ​កម្រិត​ខ្ពស់​តាមបែប​វិទ្យាសាស្ត្រ​ចៀសវាង​ការធ្វើ​ដោយ​រួចពីដៃ ដោយសារ​របាយការណ៍​ថ្នាក់ជាតិ​នេះ​នឹង​ក្លាយទៅជា​ទិន្នន័យ​គោល​សម្រាប់​ការដឹកនាំ​ប្រទេស ការសម្រេចចិត្ត និង​ធ្វើ​គោលនយោបាយ​ជាតិ​ទាំងមូល​។​

​គួរ​រំឭក​ដែរ​ថា ក្រសួងផែនការ​បាន​អនុវត្ត​ការងារ​ស្រង់​បញ្ជី​អង្គ​ភាព​សេដ្ឋកិច្ច​ទូទាំងប្រទេស​កម្ពុជា​លើក​ទី ​១​ នៅក្នុង​ឆ្នាំ​ ២០០៩ និង​បាន​អនុវត្ត​ធ្វើ​ជំរឿន​នេះ​ទូទាំងប្រទេស​ជា​លើក​ទី​ ១​ នៅក្នុង​ឆ្នាំ​ ២០១១ និង​បាន​អនុវត្ត​ការងារ​អង្កេត​ចន្លោះ​ជំរឿន​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​ ២០១៤ ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរ​​ជាតិ​នៃ​ប្រទេស​ជប៉ុន​។ នៅក្នុង​ឆ្នាំ​ ២០២១ ក្រសួងផែនការ បាន​អនុវត្ត​ធ្វើបញ្ជី​អង្គភាព​សេដ្ឋកិច្ច​នៅ​ទូទាំង​ ២៥ ​រាជធានី ខេត្ត និង​បាន​បន្ត​អនុវត្ត​ការធ្វើជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដោយ​ផ្អែកលើ​មូល​ដ្ឋា​ន​គ្រឹះ​នៃ​ច្បាប់​ស្ដីពី​ស្ថិតិ​៕