ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​មេ​ដឹក​នាំ​ប្រទេស​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-​ឡាន​ឆាង បាន​ប្តេជ្ញាចិត្ត​លើ​ការកសាង​សហ​គម​ន៍​រួម​នៃ​សន្តិភាព និង​វិបុលភាព នៅ​ចំពោះ​មុខការ​ប្រែ​ប្រួល​នៃ​ពិភពលោក​យ៉ាង​ឆាប់​​រហ័ស និង​បាន​ឯកភាព​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង​​ ផង​ដែរ​។ ការប្តេជ្ញាចិត្ត​របស់​មេ​ដឹក​​នាំ​ប្រទេស​ទាំងនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​ ​៤ ក្រោម​មូលបទ «​ចូល​​រួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​មាន​ទំនើបកម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​»​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​រសៀល​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ​២០២៣​។​


​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សហប្រធាន​លោក មីន អ៊ុង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា និង​លោក​ លី ឈាង នាយករដ្ឋមន្ត្រី​ចិន ព្រមទាំង​វត្តមាន​លោក ​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​, លោក សន​សៃ ស៊ីផា​ន់​ដន នាយក​រដ្ឋ​មន្ត្រី​ឡាវ​,​ លោក​សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ និង​លោក​ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​​វៀតណាម​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី ​២៦ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងឡាយ​បានបង្ហាញ​ការ​​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ក្របខ័ណ្ឌ​កិច្ច​សហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ជាពិសេស​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល ៧​ ឆ្នាំ​ចុងក្រោយ តាមរយៈ​ផែនការ​សកម្មភាព​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​ ២០២២ ដែល​បាន​គាំទ្រ​គម្រោង​ជាង ៧០០ លើ​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម ការកសាង​សមត្ថភាព ការកាត់បន្ថយ​ភាពក្រីក្រ សុខ​ភាព ការពង្រឹង​អំណាច​ស្ត្រី វប្បធម៌ សាសនា និង​វិស័យ​នានា​ទៀត​។


មេដឹកនាំ​ទាំង ​៦ ​ប្រទេស បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ លើ​ការកសាង​សហគមន៍​រួម​នៃ​សន្តិភាព និង​វិបុល​ភាព នៅ​ចំពោះ​មុខការ​ប្រឈម​នៃ​ការប្រែប្រួល​យ៉ាង​ឆាប់​រហ័ស និង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​កើតមាន ដែល​អះអាង​ជាថ្មី​លើ​ការសហការ​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​រួម ព្រម​ទាំង​បាន​ឯកភាពគ្នា​លើ​ការ​​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ផង​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​បញ្ជាក់​ពី​សារៈសំខាន់​លើ​ការពង្រឹង​សហគមន៍​រួម​នៃ​សន្តិ​ភាព និង​វិបុលភាព នៃ​ប្រទេស​មេគង្គ​-​ឡាន​ឆាង នេះដែរ​។​


​លោក​បាន​ថ្លែងថា​៖ «​ផ្តោតលើ​ប្រជាជន និង​ពង្រឹង​ខ្សែ​​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​អនុតំបន់ និង​ការតភ្ជាប់​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ​សកល តាមរយៈ​ការ​​ពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម ព្រមទាំង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួតប្រជែង​រយៈ​​ពេល​វែង​របស់​តំបន់​យើង​»​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤​ នេះ​បានអនុម័ត​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ ៣ ក្នុងនោះ​រួមមាន​៖ ទី​១. សេចក្តីថ្លែងការណ៍​ទីក្រុង​ណៃ​ពិដោ នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤​។ ទី​២. ផែនការ​សកម្មភាព ៧ ​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​(២០២៣-២០២៧) និង​ទី​៣. គំនិត​ផ្តួចផ្តើម​រួម​ស្តីពី​ការអភិវឌ្ឍ​ច្រករបៀង​នវានុវត្តន៍​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដែលជា​សារៈសំខាន់​ចូលរួមចំណែក​ដល់​ការ​​អភិវឌ្ឍ​បន្ថែមទៀត​ក្នុង​តំបន់​។​

​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ បាន​ថ្លែង​ដោយ​កត់សម្គាល់ឃើញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​មេគង្គ​-​ឡាន​ឆាង លើ​វិស័យ​ត​ភ្ជាប់​រវាង​សមាជិក និង​សមាជិក ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាពិសេស​ការគ្រប់គ្រង​រួមគ្នា​លើ​ធន​ធាន​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​។​

​លោក​ថា​៖ «​កម្ពុជា​ទទួលបាន​ផល​​ប្រយោជន៍​ពី​កិច្ចសហប្រតិបត្តិការ​នេះ តួយ៉ាង ការកសាង​ផ្លូវថ្នល់ ការតភ្ជាប់ ការពង្រឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ត្រីកោណ​ក៏​ទទួលបាន​ពី​កិច្ច​សហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះដែរ និង​គម្រោង​នានា​ទៀត​»​។​

​ទោះជា​យ៉ាងណា លោក ​សេង វណ្ណ​លី បាន​ថ្លែង​ដោយ​សម្តែង​ការ​ព្រួយ​​បារម្ភ​ចំពោះ​ការ​ប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈពេល​ចិន​កំពុង​បង្កើន​ឥទ្ធិពល ហើយ​តំបន់​នេះ​មាន​សារៈសំខាន់​ជា​ភូមិសាស្ត្រ​យុទ្ធ​សាស្ត្រ ក្នុង​វិស័យសេដ្ឋកិច្ច និង​ធន​ធាន​ធម្មជាតិ​។

ចិន​បាន​ប្រើប្រាស់​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​តំបន់​នេះ ស្របពេល​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ក៏​ដូចគ្នា​ដែរ ដែល​សមាជិក​ប្រទេស​មេគង្គ​-​ឡាន​ឆាង ត្រូវ​ធានា​តុល្យភាព​ដូច​ស្វែងរក​ដៃគូ​ក្រៅពី​ចិន រួមមាន សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី ជាដើម​។​

​លោក​ ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ថ្លែងថា នៅ​ចំពោះមុខ​ភាពមិន​ទុកចិត្ត​គ្នា និង​ភាព​ផុយ​​ស្រួយ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ រដ្ឋ​ជា​សមាជិក​នៃ​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​​ឆាង ត្រូវតែ​ពង្រឹង​ការធ្វើ​សមា​ហរ​ណ​​កម្ម​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​រៀបចំ​ផែនការ និង​ការអនុវត្ត​គម្រោង​ត​ភ្ជាប់​ក្នុង​តំបន់ ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច​ឆ្លងដែន ការធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម កសិកម្ម ការ​រក្សា​សន្តិសុខ ការរក្សា​ស្ថិរភាព​ខ្សែ​​ច្រវាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម និង​កិច្ច​សហការ​ផ្នែក​ទិន្នន័យ​។ 

​ចិន និង​សហ​​រដ្ឋ​អាមេរិក កំពុង​សម្រុក​ទៅកាន់​តំបន់​មេគង្គ ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ ស្របពេល​ចិន​ប្រើប្រាស់​ការ​​លើកកម្ពស់​គោលនយោបាយ​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​សហគម​ន៍ ជោគវាសនា​រួម​នៃ​សន្តិភាព និង​វិបុលភាព ខណៈ​សហរដ្ឋ​​អាមេរិក​ប្រើប្រាស់​សម្ព័ន្ធមិត្ត​តួយ៉ាង អូ​ស្ត្រា​លី ជប៉ុន ហ្វីលីពីន ថៃ តៃវ៉ាន់ និង​ឥណ្ឌា ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​៕