​ភ្នំពេញៈ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ថា ចំនួន​រោង​ម៉ាស៊ីនកិនស្រូវ ដែលមាន​សមត្ថភាព​កិន​កែច្នៃ និង​ឆ្លើយតប​ទៅតាម​បទដ្ឋាន​ស្តង់​ដា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មាន​បរិមាណ​ច្រើន​សមស្រប​ហើយ ប៉ុន្តែ​រោង​ម៉ាស៊ីន​ទាំងនោះ នៅមាន​បញ្ហា​ប្រឈម​កង្វះ​ដើម​ទុន​សម្រាប់​ប្រមូល​ទិញស្រូវ​ស្តុក​ទុក​សម្រាប់​កែច្នៃ​នាំចេញ​។​


​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​វិស័យ​ស្រូវ​អង្ករ គឺមាន​រោង​ម៉ាស៊ីន​ខ្នាត​មធ្យម និង​ធំ ចំនួន​ ២៤០ ដែល​ក្នុងនោះ រោង​ម៉ាស៊ីន​ចំនួន ១៣០ មាន​សមត្ថភាព​កិន​កែច្នៃ និង​ឆ្លើយតប​ទៅតាម​បទដ្ឋាន​ស្តង់​ដា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ហើយ​ចំណែកឯ​សមត្ថភាព​កិន​កែច្នៃ​វិញ​មាន​ចំនួន​ ១ ២០០ ​តោន​ក្នុង ១​  ម៉ោង និង​សមត្ថភាព​ឡ​សម្រាប់​ស​ម្ងួ​ត​ស្រូវ​បាន​ចំនួន​ជាង ៤២ ០០០​ តោន​ ក្នុង ១ ​ថ្ងៃ​។

​លើសពីនេះ រោង​ម៉ាស៊ីន​នៅ​កម្ពុជា អាច​រក្សា​ស្តុក​ស្រូវ​បាន​ចំនួន ២ ​លាន​តោន​ក្នុង ១ ​វគ្គ ដែល​នេះ​បង្ហាញ​ពី​សមត្ថភាព និង​សក្តានុពល​របស់​រោងចក្រ​កិនស្រូវ​នៅ​កម្ពុជា​ទាំងអស់​ក្នុងការ​កិន​កែច្នៃ និង​ផ្គត់ផ្គង់​បាន​រហូតដល់​ចំនួន​ជាង ៤ ​លាន​តោន​ក្នុង​ ១​ ឆ្នាំ​។


ទោះជា​បែបនេះ​ក្តី រោង​ម៉ាស៊ីនកិនស្រូវ នៅមាន​បញ្ហា​ប្រឈម​ក្នុងការ​ខ្វះ​ទុន ដើម្បី​ប្រមូល​ទិញស្រូវ​ស្តុក​ទុក ដើម្បី​កែច្នៃ​។ លោក​ថា​៖«​សម្រាប់​រោង​ចក្រ ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​មាន​ប៉ុណ្ណឹង អាច​ថា គ្រប់គ្រាន់​ហើយ សម្រាប់​ស្ថានភាព​បច្ចុប្បន្ននេះ តែ​អ្វីដែល​នៅ​ខ្វះ​នោះ គឺ​ទុន​ក្នុងការ​ប្រមូល​ទិញស្រូវ​ស្តុក​ទុក និង​ការដែល​ធ្វើយ៉ាងណា​ឱ្យ​ថ្លៃដើម នៃ​ការកែច្នៃ​របស់​យើង ជាពិសេស​ការដឹកជញ្ជូន​របស់​យើង ដែល​នៅតែ​ជា​បញ្ហា​ប្រឈម សម្រាប់​យើង​នៅឡើយ​»​។​

​លោក ​យ៉ង សាំង​កុមារ បន្តទៀតថា ខាង​ធនាគារ​អភិវឌ្ឍន៍ជនបទ (ARDB)​ បាន​បញ្ចេញ​ទុន​ច្រើន​ដែរ​ហើយ សម្រាប់​វិស័យ​ស្រូវ​អង្ករ​នេះ ខណៈដែល​កញ្ចប់​ថវិកា ១០០ ​លាន​ដុល្លារ ដែល​រាជ​រដ្ឋា​​ភិ​បាល​ត្រៀម​សម្រាប់​ការជួយ​ប្រមូល​ទិញ​កសិផល នៅ​រដូវ​ប្រមូល​ផល នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​ ២០២៤ ​ខាងមុខ​។​


​លោក​ ហេង ផេង អ្នក​នាំចេញ​អង្ករ និង​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដែលមាន​ទីតាំងនៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​មានការ​ខ្វះខាត​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ស្រប​ពេលដែល​កសិករ​សម្រុក​ច្រូត​ព្រម​គ្នា​ផង​នោះ ធ្វើឱ្យ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​នេះ ត្រូវបាន​ដោះស្រាយបាន​ច្រើន ដោយសារ​ការផ្តល់​​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​។ 

​លោក​និយាយថា​៖ «​ឃ្លាំង​ស្តុក និង​ស​ម្ងួ​ត​ស្រូវ លែង​ជា​បញ្ហា​ហើយ ប៉ុន្តែ​បញ្ហា​ដែល​កសិករ និង​ឈ្មួញ​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន គឺ​ថ្លៃដើម​ផលិត​កើនឡើង ដូច​ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ឡើងថ្លៃ ជាដើម​។ យើង​ក៏​ត្រូវការ​ទុន​បន្ថែម នៅ​រដូវ​ប្រមូល​ផល​ដែរ ដើម្បី​ប្រមូល​ទិញស្រូវ​ស្តុក​ទុក​សម្រាប់​នាំចេញ​។ យើង​សប្បាយ​ចិត្តនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា​ ១០០ លាន​ដុល្លារ សម្រាប់​ត្រៀម​ក្នុងការ​ជួយប្រមូល​ទិញ​កសិផល​ពី​កសិករ​»​។​

​លោក​ ហេង ផេង បន្តថា តាម​រយៈ​គោលនយោបាយ​នេះ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​អាចនឹងទទួល​បាន​ទុន​បន្ថែម សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជា​កសិករ សម្រាប់​ស្តុក ដើម្បី​កុំឱ្យ​ស្រូវ​ដែល​បាន​ផលិត​ហូរ​ចេញទៅ​ក្រៅប្រទេស​ច្រើនពេក​។​

តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម នៅក្នុង​រយៈពេល​ ១០ ខែ ឆ្នាំ​ ២០២៣ ​នេះ កម្ពុជា​បានសម្រេច​លទ្ធផល​នៃ​ការនាំចេញ​ស្រូវ និង​អង្ករ​ក្នុង​បរិមាណ ២​ លាន​ ៥២​ ម៉ឺន​តោន ដែល​នៅ​ក្នុងនោះ អង្ករ​មាន​ជាង​ ៥២​ ម៉ឺន​តោន ស្រូវ​មាន​ចំនួន​ជិត​ ២ ​លាន​តោន​ បើ​គិត​ជា​ប្រា​ក់មាន​ជាង ១ ១៦៦​ លាន​ដុល្លារ​។

ការនាំចេញ​អង្ករ​ជិត​ ៥៣​ ម៉ឺន​តោន​ កើនឡើង​ជាង​ ៤​ ភាគរយ ខណៈដែល​ស្រូវ​មាន​ជិត​ ២​ លាន​តោន កើនឡើង​ជាង ​២១​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២៕