​ភ្នំពេញ​: ពានរង្វាន់​អក្សរ​​សិល្ប៍​ទន្លេមេគង្គ (MERLA) ជា​ពានរង្វាន់​អក្សរសិល្ប៍​​ ដើម្បី​អបអរសាទរ​អ្នកមាន​ទេព​កោសល្យ​អក្សរសាស្ត្រ​របស់​អ្នកនិពន្ធ​មកពី​តំបន់​ទន្លេមេគង្គ​បានប្រារឰ​ឡើង និង​ប្រគល់​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​កាលពី​ថ្ងៃទី ​២០ ធ្នូ ឆ្នាំ​ ​២០២៣​។​


​ក្នុងចំណោម​ម្ចាស់​ជយលាភី​តាម​ប្រទេស​នីមួយៗ លោក ឡឹ​ក សុធារ ជា​កវីនិពន្ធ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពានរង្វាន់​សម្រាប់​ការសរសេរ​កំណាព្យ​ខ្លី​របស់លោក​។​

​លោក សុធារ បាន​និយាយថា​៖ «​តាមរយៈ​ស្នាដៃ​ប្រកួត​ប្រជែង​នេះ ខ្ញុំ​បានសម្រេច​នូវ​ក្ដី​សុបិន​ចង់​ក្លាយជា​កវីនិពន្ធ ដែលមាន​ក្រឹត្យ​ត្រឹមត្រូវ និង​បាន​បញ្ចេញ​សំឡេង​របស់ខ្លួន​ជុំវិញ​ការអភិវឌ្ឍ​នៅតាម​ដង​​ទន្លេមេគង្គ​នេះ ជាពិសេស នៅក្នុង​ប្រទេស​កម្ពុជា​»​។​ 


MERLA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៧ ដោយ​សមាគម​អ្ន​​ក​និពន្ធ​វៀតណាម ឡាវ និង​កម្ពុជា មាន​គោល​​បំណង​លើកកម្ពស់​ភាពស្និទ្ធស្នាល និង​កិច្ចសហការ​អ្នកនិពន្ធ​មកពី​ប្រទេស​តាម​ដង​ទន្លេមេគង្គ រួមមាន​ឡាវ ថៃ កម្ពុជា វៀត​​ណា​ម មី​យ៉ាន់​ម៉ា និង​ចិន​។​ដំបូង​ផ្តោតលើ​អ្នកនិពន្ធ​មកពី​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា ចាប់តាំងពី​ពេលនោះ​មក វា​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដើម្បី​ទទួលយក​ទេព​កោសល្យ​ពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​។​

​ពិធី​នៅ​ឆ្នាំនេះ រួមមាន​ប្រភេទ​កំណាព្យ រឿង​ខ្លី និង​កំណត់​ហេតុ​ប្រចាំថ្ងៃ មាន​អ្នកឈ្នះ​ចំនួន​២​រូប​មកពី​ប្រទេស​នីមួយៗ​ដែល​ចូលរួម ដោយ​វា​មាន​ភាព​ខុសប្លែកគ្នា​គួរឱ្យកត់សម្គាល់​ពី​ពានរង្វាន់​ជ្រើសរើស​ម្ចាស់​ជយ​លា​ភី​តែ​ម្នាក់​នៃ​ប្រទេស​នីមួយៗ​របស់ SEA Write Award សម្រាប់​ប្រទេស​អាស៊ាន​ទាំង​អស់​។ MERLA ក្លាយជា​ព្រឹត្តិ​​ការណ៍​វប្បធម៌​ដ៏​សំខាន់ ដោយ​ផ្លាស់ប្តូរ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ដែល​ឆ្នាំនេះ​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​រៀង​ចន្ទ ប្រទេស​ឡាវ​។​


​ជ័យជម្នះ​របស់លោក សុធារ នៅ MERLA បាន​នាំមក​នូវ​ការចាប់អារម្មណ៍​មិន​ត្រឹមតែ​ចំពោះ​ជំនាញ​អក្សរ​សាស្ត្រ​របស់លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការយល់ដឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​ការអភិវឌ្ឍ​ក្នុង​តំបន់​ផងដែរ​។​ស្នាដៃ​ប្រកួត​ដែល​ទទួលបាន​ជយលាភី​នេះ មាន​ចំណងជើង​ថា «​ដំណើរ​ចុងក្រោយ​» ដែល​រៀបរាប់​អំពី​ដំណើរ​ពនេចរ​តាម​ធម្មជាតិ​របស់​ត្រី​រាជ​មួយគូ និង​ត្រី​រៀល​ចេញពី​បឹង​ទន្លេសាប​ឆ្ពោះទៅ​មេគង្គ​លើ​ដើម្បី​ពង​កូន​។ ក្នុង​ដំណើរ​នេះ ត្រី​ទាំងអស់​បាន​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ទម្រាំ​តែ​អាច​សម្រេច​គោលដៅ ជាទី​ដែល​ពួកវា​ត្រូវ​ចំណាយពេល​ពង​កូន និង​វិល​ត្រឡប់មក​បឹង​ទន្លេសាប​វិញ​។​ 

​ស្នាដៃ​នេះ ក៏បាន​រៀបរាប់​អំពី​ភាព​វិសេស​របស់​ប្រជាជន និង​វប្បធម៌​នៅតាម​ដង​ទន្លេមេគង្គ ដូចជា ភ្នំ​សុពណ៌​កាលី ស្ថិតនៅ​ភូមិ​ជ្រោយ​ថ្ម ស្រុក​ព្រែកប្រសប់ ក្រូច​កោះ​ទ្រង់ ក្រឡាន​ថ្ម​គ្រែ ផ្ទះថ្ម​ប៉ះ​ប្រះ​ទឹក និង​ល្បាក់ទឹក​ក្នុងស្រុក​សំបូរ ខេត្ដ​ក្រចេះ និង​មួយផ្នែក​ទៀត​នៃ​ខេត្ដ​ស្ទឹងត្រែង​។​

​លោក សុធារ ថ្លែងថា​៖ «​ខ្ញុំ​ចង់ឃើញ​យុវជន​របស់​យើង​ចាប់ផ្ដើម​សរសេរ អាន និង​ប្រើ​ប្រាស់​ពេលវេលា​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព ដែល​ជួយ​ប្រជាជន​ទទួលបាន​ចំណេះ​ដឹង និង​បន្ដ​ការស្រាវជ្រាវ​កាន់​តែ​ច្រើន ចៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ល្បែង​ពាលា​ផងដែរ​»​។

​លោក ព្រឿង ប្រណីត កវី​និពន្ធ និង​សមាគម​អ្នកនិពន្ធ​ខ្មែរ (KWA) បាន​បកស្រាយ​អំពី​នីតិវិធី​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ ដែល​កវី​ ២ ​រូប​ក្នុងប្រទេស​នី​មួយៗ ត្រូវបាន​ជ្រើសរើស​ជើង​ឯក​របស់ខ្លួន​។ ស្នាដៃ​ដែល​ឈ្នះ​ទាំងអស់​ត្រូវបាន​បកប្រែ ឬ​សង្ខេប​ទៅជា​ភាសា​អង់គ្លេស និង​ភាសា​ម្ចាស់​ប្រទេស​ដែល​រៀបចំ (​ឡាវ​) ដើម្បី​ធានាបាន​នូវ​ការយល់ដឹង​ទូលំទូលាយ​ក្នុងចំណោម​អ្នកចូលរួម​។​

​លោក​បានឱ្យដឹងថា​៖ «​យើង​គ្រប់គ្នា​បាន​ជ្រាប​ច្បាស់​ហើយ​ថា ការបង្កើត​ស្នាដៃ​អក្សរ​សិល្ប៍​មួយ ប្រកបដោយ​ន​វា​នុ​​វត្ត​ន៍ និង​ការច្នៃប្រឌិត គឺ​ទាមទារ​ឱ្យ​អ្នកសរសេរ​មាន​កម្រិត​យល់ដឹង​មូលដ្ឋាន យ៉ាងច្បាស់លាស់​។ ការយល់​ច្បាស់​អំពី​បរិបទ​សង្គម​មួយ លើ​គ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និង​ជីវភាព​ពិត​របស់​មនុស្ស​ក្នុង​តំបន់ ទើប​ស្នាដៃ​មាន​ភាពប្រាកដនិយម​។  

​លោក ប្រណីត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​តែងតែ​ទទួលស្គាល់ថា អក្សរសិល្ប៍​ដែលមាន​និរន្តរភាព និង​តម្លៃ គឺជា​ប្រភេទ​ស្នាដៃ ដែល​បានបង្ហាញ និង​ប្រៀបធៀប​តិច​ឬ​ច្រើន នូវ​ព្រឹត្តិការណ៍​សង្គម​ជីវិត​ពិត​ក្នុងសង្គម​នោះ​»​។  

​លោក​ថ្លែងថា ការជួបជុំ​នេះ គឺជា​និមិត្តរូប​ការបន្ត​ពូន​ជ្រំ​រឹត​បន្តឹង​ចំណងមិត្តភាព បន្ត​ចែក​រំលែក​បទពិសោធន៍ ចំណេះដឹង​ថ្មីៗ និង​កាន់តែ​យល់ចិត្ត អ្នក​និពន្ធ ដែល រស់​នៅតាម​បណ្តោយ​ទន្លេមេគង្គ​។ ស្ថិតក្នុង​ប្រធានបទ «​ជីវិត និង​និរន្តរភាព​ទន្លេមេគង្គ​» ពិតជា​មាន​សារៈ​សំ​​ខាន់​ណាស់​ចំពោះ​ប្រជា​ជាតិរស់​តាម​ដង​ទន្លេមេគង្គ​។ ការ​ចាប់យក​ជម្រើស​សរសេ​រ​អក្សរ​សិល្ប៍​ដើម្បី​បំបាត់​ភាព​តប់​ប្រមល់​ពី​ការងារ មិន​សុទ្ធតែជា​ចំណូល​ចិ​ត្ដរបស់​មនុស្ស​គ្រប់​រូបនេះ​។​

​លោក សុធារ ថ្លែងថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​តែង​និពន្ធ​អំពី​បញ្ហា​សង្គម ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​សព្វថ្ងៃ​។ ខ្ញុំ​បាន​ប្រើ​ប្រាស់​វិធីសាស្ដ្រ​ផ្សេងៗ​ទៅលើ​ស្នាដៃ​របស់ខ្ញុំ ដូចជា តួ​អង្គជា​រុក្ខជាតិ សត្វ​ជាដើម គិតដល់​ភាព​លេចធ្លោ​របស់ខ្លួន​ស​ម្រា​ប់​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​។

​លោក សុធារ បាន​ថ្លែង​ដោយ​លើក​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន សមិទ្ធផល​របស់លោក គឺ​ការរំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត និង​ការកសាង​កម្ពុជា​ពី​គំនរ​ផេះផង់​ឱ្យមាន​ការអភិវឌ្ឍ​។​

​លោក សុធារ ថ្លែងថា លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​បទពិសោធ​ឱ្យឃើញ​នៅក្នុង​វិស័យ​កសិកម្ម នូវ​ភាព​លេចធ្លោ​ចំពោះ​បច្ចេក​​ទេស​កសិកម្ម និង​កសិកម្ម​សរី​រា​ង្គ​។​

​លោកថ្លែងថា​៖ «​ងារ​ជា​អ្នកនិពន្ធ​នេះ​ពិតជា​ក្ដី​សុបិន​ ១ ក្នុងចំណោម​ក្ដី​សុបិន​របស់ខ្ញុំ​ធំៗ​ទាំង ​៣ ​សម្រាប់​ជីវិត​នេះ​»​។ «​សម្រាប់​ខ្ញុំ ពានរង្វាន់​អក្សរ​សិល្ប៍​ទន្លេមេគង្គ​មាន​សារៈ​សំខាន់ ​២ គឺ​លើកតម្កើង​អក្សរ​សិល្ប៍​បណ្ដា​ប្រទេស​ជុំវិញ​ទន្លេមេគង្គ និង​រួមគ្នា​អភិរក្ស ថែរក្សា​ធនធានធម្មជាតិ​នៅតាម​ដង​ទន្លេមេគង្គ រួមទាំង​អក្សរសិល្ប៍ វប្បធម៌ និង​ប្រពៃណី​របស់​អ្នក​រស់នៅ​តាម​ដង​ទន្លេមេគង្គ ព្រោះ​ខ្ញុំ​មើលឃើញថា ទន្លេ​មេគង្គ​ទាំងមូល​កំពុងតែ​ត្រូវបាន​គំរាមកំហែង​អំពី​ការ​អភិ​វ​ឌ្ឍ​នានា​ដែល​ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​លើ​ទន្លេ​នេះ ដូចជា ប្រជា​​នេសាទ និង​ជនជាតិដើម​ភាគតិច​ជាដើម​។​

​ចំពោះ​ការប្រឡងប្រជែង​ស្នាដៃ​អក្សរសិល្ប៍ លោក សុធារ មានជំនឿថា អ្នកនិពន្ធ​នៅ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​នឹង​រួមគ្នា​ជា​សំឡេង​តែមួយ​ដើម្បី​ជួយ​ការពារ ថែរក្សា អភិវឌ្ឍ​ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និង​សិល្បៈ​។ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំការ​ប្រកួតប្រជែង​អក្សរសិល្ប៍​នេះ​ចំនួន​ ៣ ដង គឺ​លើក​ទី​ ២ នៅ​ខែមីនា ឆ្នាំ​ ២០០៩ លើក​ទី ៥ នៅ​ខែមីនា ឆ្នាំ ​២០១៤ និង​លើក​ទី​ ១១ នៅ​ខែកុម្ភៈ ក្នុង​ឆ្នាំ​ ២០២១៕