ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​ម៉ា​ណែ​ត ​បាន​អះ​អាង​ថា ​កម្ពុជា ​នឹង​មិន​ខ្ចី​បំណុល​គេ​រហូត​ដល់​វ័ណ្ឌក​នោះ​ទេ ​ខណៈ​ដែល​កម្ពុជា​ មា​ន​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ ​ដែល​អនុ​ញ្ញាត​ឱ្យ​កម្ពុ​ជា​ខ្ចី​ក្នុង​កម្រិត​ណា​មួយ​ ដោយ​កា​រ​ខ្ចី​នោះ​គឺ​យក​មក​វិនិ​យោគ​លើ​គម្រោង​ដែល​មាន​ប្រ​យោជន៍​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ​ និង​ធ្វើ​ដោយ​មាន​តម្លា​ភាព​។​


លោក​ថ្លែង​ឡើង​ដូច​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ​«​សមិទ្ធ​ផល​គម្រោង​អភិ​វឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កង្វក់​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​» ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣​។​

លោក​ ​ថ្លែង​ថា​៖«​​ខ្ញុំ​សូម​បញ្ជាក់​ជូន​ពល​រដ្ឋ​ជា​ម្ចាស់​ប្រទេស ​ការ​ជំពាក់​ ការ​ខ្ចី​បំណុល ​គឺ​ជា​កាតព្វ​កិច្ច​របស់​យើង​ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជា​ពល​រដ្ឋ​និង​កូន​ចៅ​ជំនាន់​ក្រោយ​។ ​យើង​មិន​ខ្ចី​រហូត​ដល់​ជំពាក់​វ័ណ្ឌក​ដូច​គេ​នោះ​ទេ​ យើង​មាន​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​ ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​ខ្ចី​កម្រិត​ណា ​ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ច​យើង​ទៅ​បាន​ ​ខ្ចី​មក​វិនិ​យោគ​លើ​គម្រោង​ដែល​មាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជាតិ ​និង​ធ្វើ​ដោយ​តម្លាភាព​។​យើង​មិន​មែន​ចេះ​តែ​ធ្វើ​ឡើយ​»​។​​


លោក ​ហ៊ុន​ ​ម៉ា​ណែ​ត​ ថ្លែង​ថា​៖«​​គម្រោង​ព្រែក​ជីក​ហ្វូណន​ គឺ​ជា​គម្រោង​ផ្គុំ​គ្នា​ជា​មួយ​គម្រោង​ផ្សេងៗ ​ដូច​ជា​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ដែល​ជប៉ុន​បាន​ធ្វើ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ដែល​យើង​បាន​ជំនួយ​ពី​ចិន​,​ពី​ADB ​ ​និង​ពី​ធនា​គារ​ផ្សេងៗ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ធ្វើ​ខ្លួន​ឯង​ ដើម្បី​ជាតិ​និង​ប្រជា​ជន​របស់​យើង​ ​ដើ​ម្បី​លើក​សេដ្ឋ​កិច្ច​ជាតិ​ ​ដើម្បី​បាន​ផល​យក​ចែក​ឱ្យ​កូន​ចៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​គ្រប់​ទី​កន្លែង​»​​។​​

លោក​បាន​បន្ត​ថា ​ប្រទេស​មួយ​ ​អាច​រីក​ចម្រើន​ទៅ​បាន​អាស្រ័យ​លើ​ការ​វិនិ​យោគ​ ​ត្រូវ​ការ​ថវិកា​បន្ថែម​ ​ដោយ​សារ​តែ​ថវិកា​ជាតិ​មាន​មិន​គ្រប់ បើ​ទោះ​បី​ជា​​រដ្ឋ​មាន​ថវិកា​បាន​ពី​ពន្ធ​ ​ឬ​ថវិ​កា​សន្សំ​ខ្លះ​ក៏​ដោយ​​។​​


លោក​ ​ហ៊ុន​ ម៉ា​ណែ​ត​ ថ្លែង​ថា​៖ ​«​ទី​១-​ យើង​ស្នើ​សុំ​ការ​ជួយ​ជា​ជំនួយ​ឥណ​ទា​ន​ឥត​សំណង​ដូច​គម្រោង​នេះ​(​គម្រោង​អភិ​វឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កង្វក់​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​)​,​​ទី​២-​យើង​ខ្ចី​កម្ចី​ការ​ប្រាក់​សម​រម្យ​ដើម្បី​យើង​មាន​លទ្ធ​ភាព​សង​បាន​ និង​ទី​៣-​ យើង​អញ្ជើញ​វិនិ​យោគ​ទាំង​ក្នុង​ប្រ​ទេស​និង​ក្រៅ​ប្រ​ទេស​យក​លុយ​ឯក​ជន​មក​វិនិ​យោគ​ជា​ដើម​»​។​​

លោក​ ​សុខ​ ​ទូច​ ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ថ្លែង​ថា​ ការ​ដែល​ខ្ចី​លុយ​គេ ​យក​មក​ប្រើ​ប្រាស់​សម្រាប់​កិច្ច​អភិ​វឌ្ឍន៍​ជាតិ​ ហើយ​ប្រើប្រាស់​ឱ្យចំ​គោល​ដៅ​ មិន​មែន​មាន​តែ​កម្ពុជា​ទេ ​ដែល​បាន​ធ្វើ ​នៅ​តាម​បណ្តា​ប្រទេស​មហា​អំណាច​មាន​បំណុល​បរទេស​ដូច​គ្នា ​ប៉ុន្តែ​បំណុល​ ដែល​ខ្ចី​គេ​មក​ត្រូវ​មាន​តម្លា​ភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដែល​ជា​ទូទៅ​ រាល់​ការ​ខ្ចី​បំណុល​បរទេស ​មេដឹក​នាំ​នៃ​ប្រទេស​នីមួយៗ​ តែង​តែ​មាន​គោល​នយោ​បាយ​ច្បាស់​លាស់​ ​ដើ​ម្បី​ប្រើ​ប្រាស់​បំណុល​នោះ​ ឱ្យ​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ហើយ​អាច​ទាញ​ប្រយោ​ជន៍​បាន​ពី​ការខ្ចី​នោះ ​ដូច​ជា​ ខ្ចី​យក​មក​ធ្វើ​ព្រែក​ជីក​ហ្វូណន​នេះ​ជា​ដើម​ ​គឺ​កម្ពុ​ជា​ ​អាច​ទាញ​ប្រ​យោជន៍​បាន​មក​វិញ​។​​

លោក​ ​សុខ​ ​ទូច​ ​បាន​បញ្ជាក់​ថា​៖«​​គម្រោង​ព្រែក​ជីក​ហ្វូណ​ន​តេ​ជោ​នេះ ​យើង​ទាញ​ប្រយោជន៍​បាន​ច្រើន​ណាស់​ ជា​ពិសេស​ វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ ​គឺ​យើង​លែង​ខ្ចី​ដង្ហើម​គេ​ដក​,​ធ្វើ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​ចុះ​ថោក​ ​និង​សម្រួល​ដល់​សេដ្ឋ​កិច្ច​បាន​ច្រើន​។​ តែ​យ៉ាង​ណា ​ខ្ញុំ​យល់​ថា​ កា​រខ្ចី​បំណុល​​គេ ត្រូវ​តែ​ប្រកប​ដោយ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​គុណ​ភាព​ ចំ​ទិស​ដៅ​ ​និង​មិន​ឥត​ប្រ​យោជន៍​ ព្រោះ​កន្លង​ទៅ​យើង​ឃើញ ​ប្រទេស​មួយ​ចំនួន​ជា​បទ​ពិ​សោធន៍​ ខ្ចី​គេ​ច្រើន​យូរៗ​ទៅ​អត់​លុយ​សង​ ​គេ​កាត់​យក​កំពង់​ផែ ​កាត់​យក​កោះ​ជា​ដើម​ អ៊ីចឹង​បាន​ថា​ រដ្ឋាភិ​បាល​ត្រូវ​ប្រយ័ត្ន​ដែរ​ លើ​បញ្ហា​នេះ​»​​។​​

នៅ​ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ​បាន​ចេញ​សេច​ក្ដី​បំភ្លឺ​ព័ត៌​មាន​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្រៅ​ស្រុក​មួយ ​ទាក់​ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ ​ដោយ​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ដែល​ការ​សែត​នេះ​ថា​រដ្ឋាភិ​បាល​កម្ពុជា​មិន​មែន​ខ្ចីលុ​យ​ចិន​តែ ​១ ​៧០០ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ទេ​ ប៉ុន្តែ​បាន​ខ្ចីលុយ​ចិន​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេ​រិក ដើម្បី​សាង​សង់​ព្រែក​ជីក​ ​និង​កំពង់​ផែ​នា​នា ​និ​ង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋ​កិច្ច​កម្ពុជា​ ​គឺជា​​ព័ត៌មា​ន​មិន​ពិត ​និង​គ្មាន​មូល​ដ្ឋាន​។​

ក្រសួង​បាន​បំភ្លឺ​ថា ​ជា​ទិដ្ឋ​ភាព​ច្បាប់ ​ពិតាន​នៃ​ការ​ខ្ចី ​ត្រូវ​បាន​កំណត់​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ ការ​គ្រប់​គ្រង​ឆ្នាំ​នីមួយៗ​​។ ជាក់​ស្ដែង​, ​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៣ ​បានអ​នុ​ម័ត​ ​យល់​ព្រម​ឱ្យរាជ​រដ្ឋាភិ​បាល​ខ្ចីប្រាក់​ ក្នុង​កម្រិត ​១ ៧០០ ០០០ ០០០ SDR ​(​មួយ​ប៊ី​លាន​ ប្រាំ​ពី​រ​រយ​លាន​ អេស​ដេ​អ៊ែ​)​ សម​មូល​នឹង ​២ ២៨៧​ ៣៣៩ ០០០ ​USD​ សម្រាប់​ហិរញ្ញ​ប្ប​ទាន​កម្ម​វិធី​/​គម្រោង​អភិ​វឌ្ឍន៍ ចំនួន​ ​២៨​ ​ហើយ​កម្ម​វិធី​/​គម្រោង​ទាំង​នេះ​ ត្រូវ​បាន​រំលេច​នៅ​ក្នុង​តារាង​ គ ​១​ នៃ​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ ការ​គ្រប់​គ្រង​ឆ្នាំ​២០២៣​។​ ក្នុង​ការ​អនុ​វត្ត​ជាក់​ស្ដែង​សម្រាប់​ឆ្នាំ​២០២៣ ​រាជ​រដ្ឋាភិ​បាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ខ្ចីប្រា​ក់​ ​ក្នុង​កម្រិត​១ ៣២៦ ២១២ ០០០ SDR ​សម្រាប់​ហិរញ្ញ​ប្បទាន​កម្ម​វិធី​/​ត​ម្រោ​ង​អភិ​វឌ្ឍន៍​ចំនួន​ ​២១ ​គឺ​ប្រមាណ​ ​៧៨​ភាគ​រយ​ នៃ​ពិតាន​ដែល​ច្បាប់​បាន​អនុ​ញ្ញាត​ ​។​​

ទន្ទឹម​នេះ ​ក្រសួង​បាន​បញ្ជាក់​ថា​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៤​ បាន​អនុ​ម័ត​យល់​ព្រម​ឱ្យ​រាជ​រដ្ឋាភិ​បាល​ខ្ចីប្រាក់​ ក្នុង​កម្រិត ១ ​៧០០ ​០០០ ​០០០ ​SDR (​មួយ​ប៊ី​លាន ​ប្រាំពី​រ​រយ​លាន ​អេស​ក្លេ​អ៊ែ​) ​សម​មូល​នឹង ​២​ ២៨៧ ៣៣៩ ០០០USD ​សម្រាប់​ហិរញ្ញ​ប្ប​ទាន​កម្ម​វិធី​/​គម្រោង​អភិ​វឌ្ឍន៍​ចំនួន​ ​២៤​ ដែល​បញ្ជី​គម្រោង​អភិ​វឌ្ឍន៍​តាម​វិស័យ​ដែល​នឹង​ហិរញ្ញប្ប​ទាន​ពី​ការ​ខ្ចី​នេះ​ ក៏​មាន​រំលេច​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ហេតុ​ ​ដែល​រាជ​រដ្ឋាភិ​បាល​បាន​បញ្ជូន​ទៅ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា ​ផង​ដែរ​​។​​

ក្រសួ​ង​បញ្ជាក់​ថា​៖«​ជា​ទិដ្ឋ​ភាព​បច្ចេក​ទេស​ ក្នុង​ការ​ខ្ចី​បំណុល​ពី​ដៃគូ ​រាជ​រដ្ឋាភិ​បាល​តែង​ប្រកាន់​ខ្ជាប់​នូវ​ស្មារ​តី​ ប្រយ័ត្ន​ប្រយែង​ខ្ពស់​ ដោយ​មាន​យុទ្ធ​សាស្ត្រ​ស្តីពី​ការ​គ្រប់​គ្រង​បំណុល​ច្បាស់​លាស់ ​និង​ការ​វិភាគ​គ្រប់​ជ្រុង​ជ្រោយ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​អន្តរ​ជាតិ​ ​ជា​ពិសេស​ គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​គន្លឹះ​នៃ​ការ​គ្រ​ប់​គ្រង​បំណុល​សាធារ​ណៈ ​ចំនួន​៥​»​​។​​

ក្រ​សួង​បន្ត​ថា​ក្នុង​នោះ​រួម​មាន​៖​ទី​១.​ខ្ចី​ឥណ​ទាន​ក្នុង​ទំហំ​សម​ស្រប​ដែល​ស្ថាន​ភាព​ថវិកា ​និង​សេដ្ឋ​កិច្ច​អាច​ទ្រាំទ្រ​បាន​;​ ទី​២.​ខ្ចី​តែ​ឥណ​ទាន​ដែល​មាន​កម្រិត​សម្ប​ទាន​ ​ឬ​លក្ខ​ខណ្ឌ​អនុ​គ្រោះ​ខ្ពស់​;​ទី​៣.​ ខ្ចី​សម្រាប់​តែ​វិស័យ​អាទិ​ភាព​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋកិ​ច្ច​ និង​វិស័យ​បង្កើន ផលិត​ភាព​សេដ្ឋ​កិច្ច​ ​ឬ​ផលិត​ភាព​ផលិត​កម្ម​,​ ​ទី​៤.​ប្រើ​ប្រាស់​ឥណ​ទាន​ ​ប្រកប​ដោយ​តម្លា​ភាព​, ​គណ​នេយ្យ​ភាព​,​ ប្រសិទ្ធ​ភាព​ និង​ស័ក្តិ​សិទ្ធិ​ភាព​ខ្ពស់​បំ​ផុត​។​​

ចំ​ណែក​ទី​៥.​ប្រើ​ប្រាស់​ឥណ​ទាន​សម្រាប់​ហិរញ្ញ​ប្ប​ទាន​គម្រោង​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ ដែល​ត្រូវ​មាន​ស្ដង់​ដា ​និង​គុណ​ភាព​ខ្ពស់​ ​ស្រប​តាម​គោល​ការណ៍​នៃ​ការ​ ​គ្រប់​គ្រង​ការ​វិនិ​យោគ​សា​ធារ​ណៈ​ព្រម​ទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិ​វឌ្ឍ​ជាតិ​នៅ​ក្នុង​ដំណាក់​កាល​ថ្មី ​ពិសេស​ ​ធានា​បាន​នូវ​ចីរ​ភាព​សេដ្ឋ​កិច្ច​, ​សង្គម​, ​បរិស្ថាន​, ​និង​ភាព​ធន់​ទៅ​នឹ​ង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​​។​​

ដោយ​ឡែ​ក ​ចំ​ពោះ​គម្រោង​ព្រែក​ជីក​ហ្វូណន​ ក្រសួង​សេដ្ឋ​កិ​ច្ច​ក៏​បាន​អះ​អាង​ដែរ​ថា ​វា​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​កម្មវិធី​/​គម្រោង​អភិ​វឌ្ឍន៍​ឆ្នាំ​២០​២៣ និង​២០២៤​ ​នៃ​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៣ ​និង​២០២៤ ​ក្រោម​ក្រប​ខ័ណ្ឌ ​នៃ​ការ​ខ្ចី​ពី​ដៃគូ​អភិ​វឌ្ឍន៍​ទេ​ ព្រោះ​គម្រោង​​នេះ​នឹង​ត្រូវ​អនុ​វត្ត​តាម​យន្ត​ការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ​ ​និង​ឯក​ជន​។​ 

សូម​ជម្រាប​ថា​ កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​កក្កដា​ ​ឆ្នាំ​២០២​៣​ កន្លង​មក ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ ​ត្រូវ​បាន​រា​ជ​រដ្ឋាភិ​បាល​អនុ​ម័ត​ឱ្យ​បន្ត​រៀប​ចំ​អភិ​វឌ្ឍ​តាម​យន្ត​ការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ​ ​និង​ឯក​ជន ​(Public- Private Partnerships - PPP) ​ឬ​តាម​រូប​ភាព​សាង​សង់​-​ធ្វើ​អាជីវ​កម្ម​-​ផ្ទេរ (BOT)​​ ដែល​ទម្រង់​នេះ​ក៏​ត្រូវ​បាន​អនុ​វត្ត​ដោយ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ​ហើយ​ជាក់​ស្តែង​នៅ​កម្ពុជា​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហ​នុ​ ​ក៏​បាន​អនុ​វត្ត​តាម​រូប​ភាព​នេះ​ដោយ​ជោគ​ជ័យ​រួច​មក​ហើយ​​។ ​

​តាម​យន្ត​កា​រ​នេះ​ រា​ជ​រដ្ឋាភិ​បាល​នឹង​មិន​ខ្ចី​បំណុល​ពី​សា​ធារណ​រដ្ឋ​ប្រជា​មានិ​ត​ចិន​ ​សម្រាប់​អភិ​វឌ្ឍ​គម្រោង​នេះ ​ឡើយ​ ហើយ​ភាគី​​ដៃគូ​ឯក​ជន​មាន​កាតព្វ​កិច្ច​ទទួល​ខុស​ត្រូវ​លើ​រាល់​ចំ​ណាយ​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​សិក្សា ​សមិ​ទ្ធិ​លទ្ធ​ភាព​គម្រោង​ ​និង​ធ្វើ​ការ​ស្វែង​រក​ទុន​វិនិ​យោគ​សម្រាប់​ហិរញ្ញ​ប្ប​ទាន​ ដើម្បី​រៀប​ចំ​អភិ​វឌ្ឍ​គម្រោង​ ​នេះ​ដោយ​ដៃគូ​ឯក​ជន​ផ្ទាល់ ​និង​មិន​ទទួល​បាន​ការ​ផ្តល់​នូវ​ការ​ធានា​ពី​រដ្ឋ​ចំពោះ​គម្រោង​នេះ​ទេ​​៕
​​