ភ្នំពេញៈ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក Shunichi Suzuki​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ដើមខែ​មករា ឆ្នាំ​២០២៤ ខាងមុខ ខណៈ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ចាត់ទុកជា​ចំណុច​បញ្ជាក់​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន​។​


យោងតាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន JIJI PRESS លោក Shunichi Suzuki បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៦ ខែធ្នូ ថា លោក​នឹងធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្រីលង្កា និង​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤ តទៅ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​ប្រទេស​អាស៊ី ២ នេះ​។​

តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន JIJI PRESS ដដែល លោក​រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ជប៉ុន បាន​លើកឡើងថា នៅ​ប្រទេស​កម្ពុជា លោក​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី ដែល​ប្រទេស​ទាំង​២ បាន​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត នៅ​ឆ្នាំ​២០២៣ នេះ​។ 


លោក​ ប៉ែន បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់ថា​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ការអញ្ជើញ​មក​របស់លោក​ Shunichi Suzuki នេះ​នៅឡើយ​ទេ ដោយ​លោក​បានទទួល​ដំណឹង​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​អន្តរជាតិ​ដូចគ្នា​។​

​ប៉ុន្តែ​ជុំវិញ​គម្រោង​មក​ទស្សនកិច្ច​នេះដែរ លោក ប៉ែន បូ​ណា បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ដោយ​រំពឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ កាន់តែ​ប្រសើរ ហើយក៏​បង្ហាញ​ផងដែរ​ថា កម្ពុជា​និង​ជប៉ុន​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ និង​ពង្រីក​បន្ថែម​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​២​។​


លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ជប៉ុន​ជា​ប្រទេសមួយ​ដែល​បាន​ចូលរួមចំណែក​ច្រើន​នៅក្នុង​ការស្តារ​កម្ពុជា​ឡើងវិញ តាំងពី​ក្រោយ​របប​ខ្មែរក្រហម​មក ហើយ​ឥឡូវនេះ ជប៉ុន​ក៏​ដើរតួនាទី​សំខាន់​នៅក្នុង​កិច្ចសហប្រតិបត្តិការ​នា​នា​ដែល​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​»​។​

លោក ប៉ែន បូ​ណា បាន​បន្ថែមថា កម្ពុជា​និង​ជប៉ុន​បាន​ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ បន្ថែមទៀត ចាប់ពីពេលនេះ​ទៅ ខណៈ​ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជប៉ុន​ស្នើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​គាំទ្រ​រាល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន រីឯ​នាយករដ្ឋមន្ត្រី​កម្ពុជា​វិញ​ក៏​ស្នើឱ្យ​ប្រជាជន​ជប៉ុន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា​តទៅទៀត​។​

លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Shunichi Suzuki មកកាន់​កម្ពុជា​នឹង​រួមចំណែក​បន្ថែម​លើ​ការពង្រឹង​ចំណង​ការទូត​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ស្របពេល​ប្រទេស​ទាំង​២ ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ស្រាប់​។​

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន ជប៉ុន​នឹង​ពិចារណា​ជួយ​កម្ពុជា​លើ​វិស័យ​ច្រើន​ទៀត ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដោយ​កន្លងមក​ជប៉ុន​ក៏​ជួយ​ច្រើន​លើ​វិស័យនេះ ទាំង​ក្នុង​ទម្រង់​ជំនួយឥតសំណង​ក្តី កម្ចីសម្បទាន​ក្តី​។ ជប៉ុន​មិនទាន់មាន​ច្រើន​ទេ​លើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នេះ ក្រៅពី​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​»​។​

លោក ភា ថ្លែងថា ជប៉ុន​គួរ​ពិចារណា​មក​វិនិយោគ​ផ្ទាល់​កាន់តែច្រើន​នៅ​កម្ពុជា តាមរយៈ​ការដាក់​រោងចក្រ​ធំៗ វិស័យ​ដឹកជញ្ជូន ឡូ​ជី​ស្ទិ​ក ជាដើម​។​

​លោក ​គិ​ន ភា ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​ដំណើរ​ទស្សនកិច្ច​នេះ ចង់ ឬ​មិន​ចង់​អាច​ស្ថិតក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​ជប៉ុន​ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​អាស៊ីអាគ្នេយ៍​និយាយ​ជារួម នៅ​កម្ពុជា​និយាយ​ដោយឡែក ព្រោះ​ជប៉ុន​ជា​សម្ព័ន្ធមិត្ត​អាមេរិក ហើយក៏​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់​ធំ​ជាមួយ​ចិន​ផងដែរ​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​តែង​ធ្វើ​ពិពិធ​កម្ម​ការទូត ហើយក៏​បញ្ជាក់ថា​កម្ពុជា​មិនមែន​រាប់អាន​តែ​ចិន​ឡើយ​»​។​

យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គិត​ត្រឹម​រយៈពេល ១១​ខែ នៅ​ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន មាន​ទំហំ​ប្រមាណ​ជាង ១,៦​ពាន់​លាន​ដុល្លារ ខណៈ​ការ​កម្ពុជា​ នាំចេញ​ទំនិញ​ទៅ​ជប៉ុន​ក្នុង​ទំហំ ជាង ១​ពាន់​លាន​ដុល្លារ ហើយ​ការ​នាំចូល​ទំនិញ​ពី​ជប៉ុន​មកកាន់​កម្ពុជា​វិញ​មាន​ទំហំ​ប្រមាណ ៥៧៣​ លាន​ដុល្លារ​៕