​ភ្នំពេញៈ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​(​ប​.​ស​.​ស​) កំពុង​ពិនិត្យ​ និង​ពិភាក្សា​ដើម្បី​ជំរុ​ញឱ្យមាន​ការ​ផ្លាស់​ប្ដូរ​រថ​យន្ត​ដឹក​ទំនិញ​ដែល​ដឹក​កម្មក​រនិយោ​ជិត​ឱ្យ​ទៅជា​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​មាន​កៅអី​អង្គុយ​ត្រឹម​ត្រូវ​ សុវត្ថិ​ភាព ផា​សុក​ភាព និង​សណ្តាប់​ធ្នាប់​ប្រសើរ​ជាង​មុន​។​


ការ​ជំរុញ​បែប​នេះ ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​ស្ដីពី​ជម្រើស​ការប្រើ​ប្រាស់​រថ​យន្ត​ដឹក​កម្មក​រនិយោ​ជិត ដែល​មាន​កៅ​អី​អង្គុយ​ត្រឹម​ត្រូវ​ សុវត្ថិភា​ព ផាសុ​កភាព និង​សណ្តាប់​ធ្នាប់​ប្រសើរ​ជាង​មុនដែល​ដឹក​នាំ​ដោយ​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយ​ករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គមនៃ​ក្រសួង​ការងារ ​និង​បណ្ដុះប​ណ្ដាល​វិជ្ជាជីវៈ ​និង​ជា​ប្រធាន​ក្រុម​ការងារ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោកសម្រាប់​គាំ​ពារ​កម្មក​រនិយោជិត​ (​ស​.​ផ​.​ក​)​។​

​ លោក ​ហេង សុផាន់​ណា​រិ​ទ្ធ ​បាន​ឱ្យ​ដឹង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​ កាលពី​ថ្ងៃទី​២៦ ខែធ្នូ​ថា ​កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​អំពី​ជម្រើស​នៃ​ការ​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​ទំនិញ​ដែល​ដឹក​កម្មក​រនិ​យោ​ជិត​ឈរ​ទៅ​ជា​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ដែល​មាន​កៅ​អី​អង្គុយ​ត្រឹម​ត្រូវ​ប្រសើរ​ជាង​មុន​។​


​លោក​បាន​ថ្លែង​ថា​៖ «​សូម​ជំរុញ​ដល់​ក្រុម​ការងា​រ​សុវត្ថិ​ភាព​ចរាច​រណ៍​ផ្លូវគោ​ក​សម្រាប់​គាំពារ​កម្មក​រនិយោ​ជិត ធ្វើ​យ៉ាង​ណា​ជំរុញ​រថយន្ត​ដឹក​កម្មករ​ទាំង​អស់​ត្រូវ​រៀបចំ​ឱ្យ​ស្រប​តាម​លក្ខណៈ​បច្ចេ​កទេស​ព្រមទាំង​មាន​សុវត្ថិ​ភាព ផា​សុក​ភាព និង​សណ្តាប់​ធ្នាប់​»​។​

​លោកគង់​ អាទិត្យ ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា(CCAWDU) បាន​ឱ្យ​ដឹង​ថា កន្លង​មក ​ទោះបីនៅ​តាម​រោង​ចក្រ​មួយ​ចំនួ​នមាន​ការ​ផ្លាស់​ប្ដូរ​រថ​យន្ត​ដឹក​ទំនិញ​សម្រាប់​ដឹក​កម្មករ​និយោ​ជិត​ទៅជា​រថយន្ត​ក្រុង​ដែល​មាន​សុវត្ថិ​ភាព​ប្រសើរ​ជាង​ហើយ​ក្ដី ​ប៉ុន្តែ​សម្រាប់​អ្នក​បើកបរ​វិញ លោក​មើលឃើ​ញថា ​នៅ​មិន​ទាន់​មាន​ការ​គោរព​ច្បាប់​ចរា​ចរណ៍​ឱ្យ​ពេញ​លេញ​ ហើយក៏​នៅ​មិនទា​ន់មាន​ការ​ពិនិត្យ​គ្រឿង​រថ​យន្ត​របស់​ខ្លួន​មុន​ពេល​ធ្វើ​ដំណើរ​ឱ្យ​ល្អ​ត្រឹម​ត្រូវ​ដែរ​។​


​លោក​បាន​ប្រាប់​ថា​៖ «​ដូច្នេះ​អ្វីដែល​ពួក​គាត់​ជំរុញ​នេះ វា​ជា​រឿង​ល្អ​មួយ ​ប៉ុន្តែ​យើង​សង្ឃឹម​ថា​ រាជរដ្ឋាភិ​បាល​នឹង​វិនិយោគ​បន្ថែម​លើ​ការងារ​សុវត្ថិ​ភាព​ការធ្វើដំ​ណើរ​របស់​កម្ម​ករ​និយោជិ​ត ​ព្រោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើ​កម្មករ​នេះ គឺជា​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ ទាម​ទារ​ឱ្យមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​»​។​

​លោក​ គង់ អាទិត្យ បាន​បន្ថែម​ថា ចំពោះ​ការ​វិនិ​យោគ​បន្ថែម​នេះ គឺ​សំដៅ​លើ​ការ​ពង្រីក​វិសាល​ភាព​ការ​អនុវត្ត​ទៅ​រោង​ចក្រ​ផ្សេង ​តំបន់​ផ្សេង ​ខេត្ត​ផ្សេង​ទៀត ដែល​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្ដូរ​រថយន្ត​ដឹក​ទំនិញ​មក​ជា​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ដែល​មាន​សុវត្ថិ​ភាព​ប្រសើរ​ជាង​នេះ​។​

​ចំណែក​លោក ​គឹម បញ្ញា នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ បាន​បញ្ជា​ក់ដែរ​ថា បញ្ហា​គ្រោះ​ថ្នាក់​ចរាច​រណ៍ ​និង​សុវត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​កម្មក​រ​និយោ​ជិត​នេះ ​វា​គឺជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​ដែល​ទាម​ទារ​ចាំ​បាច់​ឱ្យ​មាន​វិធាន​ការ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ​ទោះបី​កម្ពុជា​កំពុង​ទទួល​បាន​ជោគជ័​យ​លើ​បញ្ហា​សុវ​ត្ថិភាព​ចរា​ចរណ៍​ខ្លះ​ក៏​ពិត​មែន​។ 

​លោក​បាន​បន្ត​ថា កន្លង​មក​ គ្រោះថ្នា​ក់​ចរាច​រណ៍វា​ច្រើន​តែ​កើតឡើ​ង​ទៅ​លើ​កម្មករ​ដែ​ល​ពួក​គាត់​ធ្វើដំ​ណើរ​តាមរ​យៈ​រថយន្ត​រួម​ដឹក​កម្មករ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​រថ​យន្ត​រួម​ដឹក​កម្មករ​បាន​ថយចុះ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​តែ​បែរជា​​មាន​ការ​កើន​ឡើង​គ្រោះថ្នា​ក់​ចរា​ចរណ៍​ទៅលើ​កម្មករ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​ផ្ទាល់​ខ្លួន​ទៅ​វិញ​។​

​លោក​ថា​៖«​ដូច្នេះ​ហើយ​បានជា​បញ្ហា​សុវត្ថិ​ភាព​ចរា​ចរណ៍ គឺ​ត្រូវការ​វិធាន​ការ​កាន់តែ​ខ្លាំង​ឡើង និង​ត្រូ​វការ​ការ​ចូល​រួម​ពី​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​ចូលរួម​គាំទ្រ​ខិតខំ​ធ្វើ​យ៉ាង​ណា​ផ្ដល់​នូវ​សុវត្ថិ​ភាព​អ្នក​ប្រើប្រា​ស់​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជាទាំង​ចំណោម​កម្ម​ករនិ​យោជិតក៏ដូ​ចជា​យុវជ​ន​ដែល​ជា​អ្នក​បន្ត​វេន​»​។​

​បើតា​ម​លោក ​គឹម ​បញ្ញា ប​ច្ចុប្បន្ន​អង្គកា​រ​លោកបាន​កំពុង​អនុវត្ត​គម្រោង​ផ្លាស់ប្ដូ​រ​រថ​យន្ត​ដឹក​ទំនិញ​​ដឹក​កម្មករ​និយោ​ជិត​មក​ជា​រថយន្ត​ក្រុង​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់​ដឹក​កម្មករ​នៅក្នុ​ង​រោង​ចក្រ​គោល​ដៅ​ចំនួន​៤៣ក្នុង​រាជ​ធានី​ខេត្ត​ចំនួន៧​រួម​មាន​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កណ្ដាល ​កំព​ង់ស្ពឺ ​កំពង់​ឆ្នាំង ​​កំពង់​ចាម ​តាកែវនិង​ខេត្ត​ស្វាយ​រៀង​។
 
​លោក​បានបន្ថែម​ថា ទោះបី​សកម្ម​ភា​ព​របស់​អង្គកា​រ​មូលនិ​ធិ​បង្ការ​របួស​អាស៊ី​ផ្ដោត​តែ​រោងច​ក្រ​ចំនួន​៤៣​ក៏ពិ​តមែន តែ​ក្នុង​ការ​ជំរុញ​និង​ការ​ប្ដូរ​រថ​យន្ត​នេះ អ​ង្គការ​នឹង​ព្យា​យាម​ធ្វើឱ្យ​បាន​ទូ​លំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​។​

​បើ​តាម​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា ​ ជា​រៀង​រាល់ថ្ងៃ​នៅ​ប្រទេស​កម្ពុ​ជា​មាន​កម្មក​រនិ​យោ​ជិត​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពា​ក់ និង​វិស័យ​ផលិត​ស្បែក​ជើង​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ​ដែល​ប្រឈម​អាយុ​ជីវិត​ខ្លួន​ឯង​ទៅ​នឹង​ហានិ​ភ័យ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​មក​កន្លែង​ការងារ​នៅ​លើ​ដង​ផ្លូវ​ដែល​មាន​ចរាច​រណ៍​កក​ស្ទះនិង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដើម្បី​ស្វែ​ករក​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​ដល់​គ្រួសារ​ខ្លួន​ឯង​។ 

​អង្គការ​ដដែល​បាន​បន្ថែម​ទៀត​ថា អ្នក​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាច​រណ៍​នៅ​​កម្ពុជា​ប្រមាណ​ជាង២០​ភាគ​រយ​ គឺជា​កម្មករ​និយោ​ជិត​ ហើយ​ក្នុងនោះ​​មួយ​ភាគ​ធំគឺ​ស្ដ្រី​ដែល​បាន​ស្លាប់​ដោយ​សារ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៕