ភ្នំពេញៈ ស្រប​ពេលដែល​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២៣-២០២៤ ខិតចូល​មកដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​ក្រសួងទេសចរណ៍ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​រៀបចំ​តុបតែង​លម្អ​ទីតាំង​សប្បាយ​ឱ្យបាន​ច្រើន​ជម្រើស និង​ត្រូវ​ពង្រឹង​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ដែលជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​។


​នាឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​សមិទ្ធផល​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កង្វក់​ក្នុង​រាជធានី​ភ្នំពេញ​»​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែធ្នូ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងឱ្យដឹងថា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២៣- ២០២៤ កាន់តែ​ខិតជិត​ចូល​ម​ដល់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោក​បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន​៣ ចំណុច ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​អ​ធិ​អធម និង​បរិយាកាស​ប្បាយ​រីករាយ​។​

លោក​បាន​ថ្លែងថា​៖ «​ក្រសួងទេសចរណ៍​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​រៀបចំ​តុបតែង លម្អ​ទីតាំង​សប្បាយ​ឱ្យបាន​ច្រើន​ជម្រើស បម្រើ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្នុងឱកាស​អបអរសាទ​រ​ឆ្នាំ​សកល​។ ជាពិសេស​ទីតាំង​ដែល​រាប់​ថយក្រោយ​(Countdown) និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​វិស័យ​តាមរយៈ ការរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី សម្តែង​សិល្បៈ កីឡាប្រដាល់​គុន​ខ្មែរ និង​ការកម្សាន្ត​ផ្សេងៗ ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​»​។​


លោកនាយក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ត្រូវ​បន្ត​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ល្អ​ជាងគេ​ប្រចាំឆ្នាំ ( BestCountdown City of The Year) ដោយ​ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ផ្អែកលើ​លក្ខណពិសេស​សំខាន់ៗ ដូចជា សន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ការ​តុ​ប​តែ​លម្អ ជម្រើស​ទីតាំង​កម្សាន្ត ភាព​ពេញចិត្ត និង​ភាពសប្បាយ​រីករាយ​រប​ស់​ភ្ញៀវទេសចរ ព្រោះនេះ​គឺជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​នៃ​វិស័យ​ទេសចរណ៍​។​

លោក​បាន​បន្តថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រដ្ឋបាលខេត្ត​នានា ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ត្រូវ​ពង្រឹង ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់ចេញ​នូវ​ចំណាត់ការ​ទប់ស្កាត់បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​សកម្មភាព​ប៉ុនប៉ង បង្កឱ្យមាន​ចលាចល​វឹកវរ និង​អសន្តិសុខ​ក្នុងសង្គម ជាពិសេស​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​ចូលឆ្នាំ​សកល​ខាងមុខ​»​។​


លោក ហ៊ុន ម៉ា​ណែ​ត​ថា អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឱ្យមាន​ភាពសប្បាយ​រីករាយ​។​

បន្ថែម​ពីនេះ លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ ឱ្យ​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ជាពិសេស​ថែរក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ ប្រឆាំង​នូវ​បទល្មើស​គ្រប់បែបយ៉ាង ពង្រឹង​ការអនុវត្ត​គោ​លន​យោ​យ​បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​សង្កត់ធ្ងន់ថា​៖«​ជាពិសេស​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការជួញដូរ​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ ដើម្បី​ធ្វើយ៉ាងណា​លុបបំបាត់​នូវ​ភាព​អសកម្ម ភាព​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ ដើម្បី​រក្សា​រាជធានី​ភ្នំពេញ ទៅជា​កន្លែង​ដែល​រស់នៅ​ដោយ​ផាសុកភាព និង​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​»​។​

នា​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣​និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៦ ខែធ្នូ​នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប​បាន​លើកឡើងថា អង្គសន្និបាត បាន​លើក​យកមក​ពិភាក្សា ចូលរួម​មតិយោបល់ និង​អនុសាសន៍​នានា សម្រាប់​ជា​ធាតុ​ចូល​សំខាន់​បន្ថែមទៀត សម្រាប់​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ ទាំង​វិស័យ​ទេសចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

លោក​បាន​ថ្លែងថា​៖«​ទិសដៅ​របស់​រដ្ឋបាល​ខេត្ត​រួមមាន ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ក្នុងការ​ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ខេត្ត ការលើកកម្ពស់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​»​។​

​លោក ហូ វណ្ឌី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ទេស​ចរណ៍​កម្ពុជា​ប្រាប់ឱ្យដឹង​ដែរ​ថា ការផ្តល់​អនុសាសន៍រ​បស់​នាយករដ្ឋមន្ត្រី ដើម្បី​ជា​សារ​ក្រើនរំឭក​បន្ថែម​ដល់​អាជ្ញាធរ​ឱ្យមាន​ការរៀប​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ជាពិសេស​រាជធានី​ខេត្ត​ដែល​កំពុងមាន​សក្តានុពល​ទេសចរណ៍​។​

លោក​បាន​និយាយថា​៖«​សង្កេតឃើញ​ឥឡូវនេះ​មានកា​រៀបចំ​ច្រើន​នៅតាម​បណ្តា​ខេត្ត ហើយ​នៅ​ខេត្តសៀមរាប​ឃើញថា​មានកា​រៀបចំ​តាំង​ភ្លើង​ជា​បណ្តើរៗ ដូច្នេះ​យើង​ជឿជាក់ថា​៣​ថ្ងៃមុន​ឆ្នាំ​សកល​នឹងមាន​ភ្ញៀវ​ដើរ​កម្សាន្ត​ច្រើន​ទាំង​ភ្ញៀវ​បរទេស និង​ក្នុងស្រុក​»​។​

ទន្ទឹមនឹងនេះ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ពោល​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជា​ម្ចាស់​ភោជនីយដ្ឋាន​នានា ទទួល​សេវាកម្ម​ប្រកបដោយ​គុណធម៌ និង​សុចរិត ចៀសវាង​រកស៊ី​កេងប្រវ័ញ្ច​ភ្ញៀវទេសចរ​។​

លោក ​ហូ វណ្ឌី បាន​បន្ថែមថា​៖«​ព្រោះ​អំឡុង​ពេលនេះ​ពលរដ្ឋ​ទៅ​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ច្រើន អ៊ីចឹង​កុំឱ្យ​អ្នក​ប្រកប​របរ​ទេសចរណ៍​យក​ថ្លៃ​ហួសហេតុ ដែលនាំឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​។ ជា​ពិ​សេ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដល់​កន្លែង​ណា រក្សា​អនាម័យ បរិស្ថាន នៅ​កន្លែង​នោះ​ទើប​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​និរន្តរភាព​»​។​

សូមជម្រាបថា ការប្រកួតប្រជែង «​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាង​ប្រចាំឆ្នាំ​២០២២ កន្លង​ទៅជា​លទ្ធផល ទីក្រុង​នៃ​ខេត្ត​ចំនួន​៣ បាន​ជាប់​ជយលាភី​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ គឺ ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​៕