ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល ពង្រឹង​វិធានការ​សុខាភិបាល ជំរុញ​សេវា​ពេទ្យ​បង្អែក​ឱ្យ​កាន់តែ​ល្អប្រសើរ និង​បង្កើន​កម្រិត​សមត្ថភាព​នៃ​ការព្យាបាល​ជូន​ពលរដ្ឋ ដោយ​ត្រូវ​រៀបចំ​ជា​ផែនការ​សកម្មភាព ដើម្បី​ដាក់ឱ្យអនុវត្ត​តែម្តង​។​លោក​បានលើកឡើង​ដូចនេះ នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក​។​


លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ជួប​ជាមួយនឹង​ឯកឧត្តម​ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រុម​កា​ងារ​ដើម្បី​ពិភាក្សា​ពង្រឹង​វិធានការ​គន្លឹះ​នៅក្នុង​វិស័យ​សុខាភិបាល​នៅតាម​មូលដ្ឋាន ពង្រឹង​មណ្ឌល​សុខភាព ពង្រឹង​ពេទ្យ​បង្អែក​កម្រិត​១ កម្រិត​២ កម្រិត​៣ ដោយ​រៀបចំ​ជា​ផែនការ​សកម្មភាព​ដើម្បី​ដាក់ឱ្យអនុវត្ត ដោយ​ធ្វើយ៉ាងណា​ជំរុញ​មណ្ឌល​សុខភាព ពេទ្យ​បង្អែក​ឱ្យ​កាន់តែ​ល្អប្រសើរ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយតប​ទៅដល់​អ្វីដែល​ប្រជាពលរដ្ឋ​ត្រូវការ​»​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ត្រូវ​បង្កើន​កម្រិត​សមត្ថភាព​នៅក្នុង​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​សម្រាប់​ការព្យាបាល​គឺជា​តំណាក់កាល​ចុងក្រោយ ដែល​ដំណាក់កាល​សំខាន់បំផុត​របស់​រាជ​រដ្ឋាភិបាល​គឺត្រូវធ្វើ​យ៉ាងម៉េច​បង្ការ​នូវ​ការឈឺ​ថ្កាត់​របស់​ប្រជាពលរដ្ឋ​។​


លោក​បាន​បញ្ជាក់ថា ៖ «​ការបង្ការ​ការឈឺ​តាមរយៈ​ការខិតខំ​បង្កើន​សេដ្ឋកិច្ច​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​អាហារូបត្ថម្ភ​ល្អ​។ អ៊ីចឹង​ការបង្ការ និង​ការការពារ​ប្រជាពលរដ្ឋ​យើង​តាមរយៈ​ការបង្កើន​អាហារូបត្ថម្ភ ធានា​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​យើង​ឱ្យ​កាន់តែ​ល្អ​»​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ជា​គោលដៅ​សំខាន់ បើសិនជា​ការពារ​មិនបាន ត្រូវ​ព្យាបាល ដោយ​ត្រូវបង្កើត​ប្រព័ន្ធ​សុខាភិបាល ដោយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រីកចម្រើន សុខភាព​ល្អ​។​


«​នេះ​ជា​គោលដៅ​ធំ​ដែល​យើង​បានធ្វើ​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ហើយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ប្តេជ្ញាចិត្ត​ដើម្បី​ខិតខំ​លើកកម្ពស់​គុណភាព សុខភាព សមត្ថភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​។ នេះ​ជា​អ្វីដែល​ជាការ​ប្តេជ្ញាចិត្តរ​បស់​យើង​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ហ៊ុន ម៉ា​ណែ​ត​។​

លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែធ្នូ​ដែរ​ថា ទាំង​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក និង​មន្ទីរពេទ្យ​ខេត្ត គឺ​តែងតែ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ឬ​អនុសាសន៍​របស់​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​។ 

លោក​បាន​បន្តថា សម្រាប់​ខេត្តព្រះវិហារ មាន​មន្ទីរពេទ្យបង្អែក​ចំនួន​២ មណ្ឌល​សុខភាព​ចំនួន​ ៣០ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​១៦ ខណៈដែល​សេវា​សុខាភិបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក និង​នៅក្នុង​មណ្ឌល​សុខភាព​ទាំងនោះ គឺ​បម្រើ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ឆ្លើយតបបាន​ទាន់ពេលវេលា​។​

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល គឺ​យើង​តែងតែ​ជំរុញ​នូវ​ការផ្ដល់សេវា​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រកបដោយ​សមធម៌ ហើយ​និង​ប្រកបដោយ​សុវត្ថិភាព ដែល​យើង​តែងតែ​ធ្វើជា​ប្រចាំ​។ ជាពិសេស​យើង​បាន​ចុះទៅ​ផ្ទាល់​នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​បង្កើន​ការយកចិត្តទុកដាក់​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​»​។​

បើតាមលោក គួ​ង ឡូ ជាមួយនឹង​ការជំរុញ​បន្ថែម​ពី​សំណាក់​នាយករដ្ឋមន្ត្រី និង​ពី​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្ត នឹង​ចុះទៅ​ធ្វើការ​បណ្ដុះបណ្ដាល​ក្រុមគ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ឱ្យ​កាន់​តែមាន​សមត្ថភាព​ថែមទៀត ក្នុងការ​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​។ 

​ចំណែកលោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា ការវិនិយោគ​របស់​រា​ជ​រដ្ឋាភិបាល​ទៅលើ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​ជាការ​ចូលរួមចំណែក​ក្នុង​ការកសាង​ធនធានមនុស្ស​ដែលមាន​សុខភាព​ល្អ និង​ក្លាយទៅជា​កម្លាំងចលករ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នាពេលខាងមុខ​។​

លោក​បាន​ថ្លែងថា​៖ «​កាលណា​ប្រជាពលរដ្ឋ​យើង​មាន​សុខភាព​ល្អ អញ្ចឹង​ការជួយ​ដល់​សេដ្ឋកិច្ច​ក៏មាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ ហើយ​តាមរយៈ​ការវិនិយោគ​ហ្នឹង ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួង​អប់រំ ត្រូវធ្វើ​យ៉ាងម៉េច​ចាត់វិធានការ​ថែរក្សា​សុខ​ភាព​កុមារ​នៅតាម​សាលារៀន ជាពិសេស​ការគ្រប់គ្រង​ចំណីអាហារ​»​។​

លោក​ យី គឹម​ថា​ន បាន​បន្ថែមទៀតថា ការគ្រប់គ្រង​អាហារូបត្ថម្ភ​បានល្អ វា​ក៏​ចូលរួមចំណែក​ទប់ស្កាត់​អត្រា​ឈឺ និង​ឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស​គឺ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​៕