បាត់ដំបង: សំរាម​កាកសំណល់​សរី​រា​ង្គ ប្លា​ស្ទិ​ក និង​ផលិត​ផល​ឧស្សាហកម្ម​ជាច្រើន​ដែល​បាន​ប្រមូល​ពី​តំបន់​ទីក្រុង ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ចាក់​សំរាម​ទំហំ ​៨ ​ហិកតា ​ដែល​វា​បាន​បង្ក​ផលប៉ះពាល់​ចំពោះ​សុខ​ភាព​ប្រជាពលរដ្ឋ ដោយសារ​វា​ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត នៃ​ក្រុង​បាត់ដំបង​។​


​ការកើនឡើង​បរិមាណ​នៃ​កាក​សំណល់​បង្កបញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​សុខភាព ដែល​ទាមទារ​ឱ្យមាន​ដំណោះស្រាយ ការគ្រប់គ្រង និង​ការ​ចោល​ប្រកបដោយ​ប្រសិទ្ធភាព​។​

លោក វង្ស ពិសិដ្ឋ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​៖ «​ទីតាំង​ចាស់​ដែល​ក្លាយជា​តំបន់​ក្រុង​នេះ​លែង​អាច​រក្សាទុក​សំរាម​បាន​ទៀតហើយ ដោយ​សារ​វា​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រជាពលរដ្ឋ​»​។​


​នៅ​ទីលាន​ចាក់សំរាម​ក្នុង​សង្កាត់​ស្លា​កែ​ត បុគ្គល​ក្នុង​ឯក​សណ្ឋាន​បាននាំគ្នា​ប្រមូល​និង​កែច្នៃ​ប្លា​ស្ទិ​ក ដោយ​ការ​បក​ស្ទិ​ក​ឃ័​រ ខ្លះ​កៀប ហើយ​ខ្លះទៀត​កិន​ប្លា​ស្ទិ​ក​បំបែក​ពី​ឧបករណ៍​អេឡិចត្រូនិក​យ៉ាង​ញាប់ដៃ​ញាប់ជើង​។​

​លោក​ ពិសិដ្ឋ​ បាន​និយាយថា​៖ «​ការងារ​របស់​ពួកគេ​គឺជា​សក្ខី​​ភាព​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​កាកសំណល់ និង​ដើម្បី​ជំរុញឱ្យមាន​វដ្ត​នៃ​ការប្រើប្រាស់ និង​ការប្រើប្រាស់​ឡើងវិញ​ប្រកបដោយ​និរន្តរភាព​»​។​


​ទោះបីជា​សំរាម​ភាគច្រើន​ត្រូវបាន​កែច្នៃ​ឡើងវិញ​ក៏ដោយ ក៏​សំរាម​ក្នុង​បរិវេណ​ទីតាំង​នៃ​ទីក្រុង​នេះ​ធ្វើ​ប៉ះពាល់​ដល់​សុខ​​ភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​។​ដោយ​ទទួលស្គាល់​បញ្ហា​ប្រឈម​ទាំងនេះ ការអភិវឌ្ឍ​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​កាកសំណល់ គឺ​ទីតាំង​បំបែក​សំរាម​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​សម្ភារ​ប្រើប្រាស់​ឡើងវិញ​ត្រូវបាន​បង្កើតជា​រូបរាង​ឡើង​ក្នុង​ខេត្តបាត់ដំបង​។​

​គម្រោង​នេះ​មានតម្លៃ​សាងសង់​​ ៦,២៨​​ លាន​ដុល្លារ​អាមេរិក ​ត្រូវបាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២១ និង​បញ្ចប់​នៅ​ថ្ងៃទី​ ៤ មេសា ឆ្នាំ​ ២០២២​។​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ទីលាន​ចាក់សំរាម​នេះ​ជាការ​បោះជំហាន​ថ្មី​ទៅរក​ការគ្រប់គ្រង​សំណល់​ប្រកបដោយ​និរន្តរភាព​ក្នុង​តំបន់​។ នៅលើ​ផ្ទៃដី​ទំហំ​ជិត​ ៣​ ហិកតា ទីលាន​អាច​ផ្ទុក​សំរាម​បាន​ជាង ​៣១ ​ម៉ឺន​ម៉ែត្រគុប និង​ជា​ផ្នែក​មួយ​នៃ​ផ្ទៃដី​ទាំងមូល​ទំហំ​ ២០,៨០ ​ហិកតា​។​

​លោក ពិសិដ្ឋ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សំណល់​រឹង​ដោយ​បង្ហាញ​ពី​សក្តានុពល​នៃ​ការប្រើប្រាស់​សំរាម​លើសពី​សំណល់​រំខាន​ចិ​ត្ដ​ប្រជាពលរដ្ឋ​។​

លោក ពិសិដ្ឋ បាន​ថ្លែងថា​៖ «​យើង​ទាញ​ផលប្រយោជន៍​ពី​សំរាម​បាន​ប្រមាណ​ ៧០ ​ភាគរយ​ ដោយ​បំប្លែង​ទៅជា​ជីកំប៉ុស បំប្លែង​ប្លា​ស្ទិ​ក​ដែល​បំពុល​បរិ​​ស្ថាន​សម្រាប់​ប្រើប្រាស់​ឡើងវិញ​។ នេះ​គឺជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់​ការបំពុល​បរិស្ថាន​»​។​

​ដោយ​ទទួលបាន​កម្ចី​ឥណ​​ទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីលាន​ចាក់សំរាម​ដែល​ដំណើរការបាន​រយៈពេល​ ៣ ​ខែ​មកនេះ មាន​សមត្ថភាព​ផ្ទុក​សំរាម​បាន ​១០​ ឆ្នាំ​ទៅមុខទៀត​។​

ជា​មធ្យម ទីលាន​ចាក់សំរាម​ថ្មី​នេះ​ទទួល​សំរាម​ប្រមាណ​ ១០០​ តោន​ក្នុង​ ១ ​ថ្ងៃ និង​មាន​គោល​​ដៅ​ប្រមូល​សំរាម​ពី​ឃុំ ស្រុក​នៅ​តំបន់​ជុំវិញ ដោយ​ប្រែក្លាយជា​ទីលាន​មួយ​នេះ ទៅជា​ទីលាន​កប់​សំរាម​កម្រិត​តំបន់​។​

​លោក​ ពិសិដ្ឋ បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួមជាមួយ​នឹង​ដៃគូ​របស់ ADB ក្នុងការ​កាត់បន្ថយ​ចំនួន​កន្លែង​ចាក់សំរាម កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ពាក់ព័ន្ធ​នឹង​សំរាម និង​ក្លិនស្អុយ​។​

​ការអភិវឌ្ឍ​ទីក្រុង និង​ឧស្សា​ហក​ម្មយ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ធ្វើឱ្យមាន​ការកើនឡើង​នៃ​បរិមាណ​សំណល់​រឹង​ដែល​បាន​បង្កើត​នៅក្នុង​ទីក្រុង ឧទាហរណ៍ ទីក្រុង​បាត់ដំបង​ជាដើម​។ នេះ​បើ​យោង​តាម​នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma​។​

​ជា​លទ្ធផល អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សំរាម​ក្នុងស្រុក​មួយ​ឈ្មោះ «Leap Lim Garbage Co. Ltd.»​។ ដើម្បី​ជួយប្រមូល និង​កែច្នៃ​សំណល់​ប្លា​ស្ទិ​កដោយ​ប្រើ «​ទីតាំង​បំបែក​សំរាម​ជាវ​ត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សម្ភារ​ប្រើ​ប្រាស់​ឡើងវិញ​»​នេះ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​មូលនិធិ​​ហេដ្ឋារចនាសម្ព័ន្ធ​បរិស្ថាន​ទីក្រុង និង​គ្រប់គ្រង​ដោយ ADB​។​

លោកស្រី Varma បានឱ្យដឹងថា​៖ «​ចាប់តាំងពី​ប្រតិបត្តិការ​នៃ​ទីលាន​ចាក់សំរាម​នេះ​មក វា​បាន​ជួយ​កាត់បន្ថយ​កាបូនឌីអុកស៊ីត តាមរយៈ​ការ​បំបែក និង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក ដែលជា​ក្តីបារម្ភ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោកស្រី​ថា អាជ្ញាធរ​មូល​​ដ្ឋា​ន​ទទួលស្គាល់​តួនាទី​សំខាន់​របស់​គ្រឹះស្ថាន​នេះ​ក្នុង​ការជួយ​លើកកម្ពស់​អនាម័យ​និង​បរិស្ថាន ជាពិសេស​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ក្រុង​បាត់ដំបង​។​

​លោកស្រី​ Varma បាន​បន្ដថា​៖«​ជាមួយនឹង​ការវិនិយោគ​ទឹកប្រាក់ ​៥៥ ​ម៉ឺន​ដុល្លារ ទីលាន​នេះ​បានក្លាយ​ជាទី​តាំង​លើក​​កម្ពស់​អនាម័យ និង​ស្តង់ដា​បរិ​ស្ថាន​ក្នុង​តំបន់​»​។​

​វា​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​មុខ ចាប់ពី​ការដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាស​ធាតុ​ដល់​ការជំរុញ​ការងារ​ក្នុង​សហគមន៍​។ នេះ​បើតាម​មន្ដ្រីជាន់ខ្ពស់​មកពី​ ADB រូបនេះ​។​

​លោកស្រីបាន​គូសបញ្ជាក់​អំពី​សមត្ថភាព​ទីលាន​ថ្មី​នេះ ដែល​អាច​បម្រើប្រជាជន​ប្រមាណ ១២៨ ០០០​ នាក់ ដោយ​ផ្ដោតលើ​យុទ្ធសាស្ត្រ​ជំរុញ​ទីផ្សារ​កែ​​ច្នៃ​ប្លា​ស្ទិ​ក​ផ្សេងៗ បង្កើន​វិស័យ​កសិកម្ម​តាមរយៈ​ការផលិត​ជីកំប៉ុស និង​ទប់ស្កាត់​ការប្រមូលផ្តុំ​កាកសំណល់​ដែល​មិនអាច​បំបែក​បាន​ផងដែរ​។​

​លើសពី​អត្ថប្រយោជន៍​សេដ្ឋកិច្ច លោកស្រី Varma បានបង្ហាញ​ពី​ការរួមចំណែក​យ៉ាងសំខាន់​របស់​ទីលាន​ចាក់សំរាម​ក្នុងការ​ថែរក្សា​អនាម័យ​ទីក្រុង និង​អេកូឡូស៊ី ដែល​ធ្វើឱ្យ​បាត់​ដំបង​មិន​ត្រឹម​តែមាន​និរន្តរភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កន្លែង​រស់នៅ​ដ៏​ផាសុកភាព​ផងដែរ​។​

​ការសង្កេត​របស់លោក​ស្រី​បាន​បង្ហាញថា ទោះបីជា ថវិកា​មាន​កម្រិត​ក៏ដោយ ក៏​កា​រវិ​និ​​យោ​គជា​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សហគមន៍ និង​បរិស្ថាន​។​លោកស្រី បាន​ថ្លែង​ទៀតថា​៖ «​ទីលាន​ចាក់សំរាម​នេះ​កំពុងផ្តល់​ឱកាស​ការងា​រ​ដល់​សហ​គម​ន៍​មូលដ្ឋាន​ដែលមាន​កម្មករ​ចំនួន ​១៣ ​នាក់​ក្នុងនោះ​មាន​ស្ត្រី  ៦​ នាក់​»​។​

​វា​ក៏​កំពុង​រួមចំណែក​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ដោយ​ជួយ​បំបែក គ្រប់គ្រង និង​កែច្នៃ​កាកសំណល់​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ​។​កាកសំណល់​ប្លា​ផ្លា​ស្ទិ​ក​អាច​នៅក្រោម​ដី​បានយូរ​ណាស់ ហើយ​វា​អាច​បញ្ចេញ​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ទៅក្នុង​ដី​ជុំវិញ​ដែល​បន្ទាប់មក​អាច​ជ្រាបចូល​ទៅក្នុង​ទឹក​ក្រោម​ដី ឬ​ប្រភពទឹក​ជុំវិញ​ផ្សេងទៀត ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ​។ នេះ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រភេទ​សត្វ និង​មនុស្ស​ដែល​ផឹកទឹក​។​

​លោក ពិសិដ្ឋ បាន​រៀបរាប់​អំពី​ទីលាន​ចាក់សំរាម​ថ្មី​នេះ​ថា វា​មាន​អគារ​រដ្ឋបាល អគារ​​ញែក​សំរាម អគារ​សម្រាប់​ថ្លឹង​យានយន្ដ​ដឹក​សំរាម​ចូល ទីកន្លែង​លាង​សម្អាត​រថយន្ដ អគារ​រោង​ជាង អគារ​សម្រាក​រប​ស់បុ​គ្គ​លិ​កញែក​សំរាម ក៏ដូចជា​ស្រះ​ ៤ សម្រាប់ធ្វើ​ប្រ​ព្រឹ​ត្ដិក​ម្ម​ទឹករងៃ​ច្រោះ​មុនពេល​បង្ហូរ​ចេញទៅ​ខាងក្រៅ​ក្នុងការ​ស្រោចស្រព​ដំណាំ​និង​ការទាញយក​ហ្គាស​ពី​សំរាម​ទាំងនោះ​។​

​លោក​បាន​ថ្លែងថា​៖ «​រយៈ​​ពេល ​១០ ​ឆ្នាំ​ទៅមុខ សំរាម​ដែល​កប់​នៅទីនេះ អាច​ប្រែ​ក្លាយទៅជា​ជីកំប៉ុស​។ ប៉ុន្ដែ​បើ​យើង​មិន​យកមក​ធ្វើជា​ជី​ទេ វា​នឹង​ក្លាយទៅជា​កូនភ្នំ​មួយ ដែល​អាច​ដាំ​ដើមឈើ ដោយ​ប្រែ​ក្លាយទៅជា​ទីលាន​បៃតង​»​។​

​គម្រោង​ទីលាន​ថ្មី​នេះ​បានផ្ដល់​សោភណភាព​ដល់​ក្រុង​បាត់ដំបង​ទាក់ទាញ​ភ្ញៀវទេសចរ កា​រវិ​និ​​យោគ​ឧស្សាហកម្ម​រោងចក្រ​ផ្សេងៗ​និង​បាន​ចូលរួមចំណែក​បង្កើត​ការងារ​រាប់រយ​នាក់​ចាប់ពី​អ្នកបម្រើ​សេវាកម្ម​ប្រមូល​សំរាម ដឹកជញ្ជូន​សំរាម កប់ ញែក និង​ដាំ​ដើមឈើ​ជាដើម​។​

​លោក ​ពិសិដ្ឋ បាន​លើកឡើងថា លោក​ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការងារ​ទុកដាក់ និង​ញែក​សំរាម ដោយ​ការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​។ វា​ជា​កិច្ចការ​មួយ​ត្រូវធ្វើ​រួមគ្នា និង​សម្អាត​រួមគ្នា​គ្រប់​ជាន់ថ្នាក់​ទាំងពី​ថ្នាក់​​ដឹកនាំ​រហូតដល់​កុមារ​៕