តាកែវៈ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​មេត្រីភាព ដើម្បី​ធ្វើ​កិច្ច​សហ​កា​រលើ​វិស័យ​សិល្បៈ វប្បធម៌ និង​ទេសចរណ៍ ជាមួយនឹង​ថ្នាក់​​ដឹកនាំ​ក្រុង​វី​ហ្វា​ង ខេត្ត​សាន​ទុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​ឱ្យដឹងពី​រដ្ឋបាល​ខេត្តតាកែវ នៅ​ថ្ងៃទី​ ​២៦ ខែធ្នូ ឆ្នាំ​ ២០២៣​។​


​រដ្ឋបាលខេត្ត​តាកែវ​បាន​លើក​ឡើង​ថា រយៈពេល ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៦ ខែធ្នូ អភិបាល​ខេត្តតាកែវ បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ទីក្រុង​វី​ហ្វា​ង ខេត្ត​សាន​ទុង ប្រទេស​ចិន ដើម្បី​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មេត្រីភាព​លើ​វិស័យ​សិល្បៈ វប្ប​ធម៌ និង​ទេសចរណ៍​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណ​:​ប្រតិភូ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្តា​តំណាង​ក្រុមហ៊ុន​នានា​នៅក្នុង​ខេត្ត​សាន​ទុង ចំនួន ១៦ ​ក្រុមហ៊ុន ដើម្បី​ទាក់ទាញ​អ្នក​វិ​និ​​យោគ​ចិន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ខេត្តតាកែវ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​។​


​ទាក់ទង​នឹង​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​ខេត្តតាកែវ និង​ភាគី​ចិន​នេះ លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា ខេត្តតាកែវ​គឺជា​ខេត្ត​ដែលជា​ទីតាំង​នៃ​ការកើតឡើង​នៃ​កម្ពុជា​ជា​លើកដំបូង គឺ​នគរ​គោកធ្លក ហើយ​ការចុះ​កិច្ច​​ព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ ត​ភ្ជាប់​ទំនាក់ទំនង​នេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​ទេសចរ​ចិន​ចូលមក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​គឺជា​រឿង​ល្អ​។​

​ប៉ុន្តែ​លោក​ថា​៖ «​កន្លងមក យើង​ឃើញ​មាន​ការចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​នេះ បាន​ត្រឹម​តែ​ចុះ​កិច្ចព្រមព្រៀង​ទេ ប៉ុន្តែ​ការ​​អនុវត្ត​វិញ ហាក់ដូចជា​នៅមានកម្រិត​នៅឡើយ​។ ដូច្នេះ ខ្ញុំ​ស្នើឱ្យ​រដ្ឋាភិបាល​ចិន អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រ​សើរ​ជាង​មុន ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ចិន និង​កម្ពុជា​នៅ​ជាមួយគ្នា និង​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​កម្ពុជា​»​។  


​សូម​បញ្ជាក់ដែរថា កិច្ច​សហ​​ប្រតិបត្តិការ​កម្ពុជា​-​ចិន ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ​២ ក្នុងនោះ​ក្រោម​ក្របខ័ណ្ឌ​តំបន់ ភាគី​ទាំង ​២​ បាន​ចូលរួម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង​ជំរុញ​ឱ្យសម្រេចបាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP) ជាពិសេស​ក្នុងពេល​ថ្មីៗ​ភាគី​ទាំង ២​ បាន​ឈានដល់​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​និង​ទំនាក់ទំនង​ដែកថែប​៕