ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កំពុង​សិក្សា​គម្រោង​អភិ​វឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ទៅកាន់​ក្រុង​សៀមរាប ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចិន​មួយ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​​ទេសចរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ឆ្ពោះទៅ​ក្រុង​សៀមរាប​។​

​អនុប្រធាន​ទី​១ CDC និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រ​សួង លោក ស៊ុន ចាន់ថុល កាល​ពីថ្ងៃ​ទី​ ២៦ ខែធ្នូ បាន​ដឹកនាំ​កិច្ច​​ប្រជុំពិភាក្សា​លើកដំបូង​របស់​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ជំរុញ​ដំណើរការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរ​​ជាតិ​សៀមរាប​-​អង្គរ ទៅ​ក្រុង​​សៀមរាប ជាមួយនឹង​ក្រុមហ៊ុន China Metro Group ដើម្បី សិក្សា​ពី​តម្រាយ​ផ្លូវ​រថភ្លើង​ធុន​ស្រាល ​(Urban Light Rail Transit) សំដៅ​បញ្ចៀស​កុំឱ្យ​មានការ​រំខាន​ដោយ​ប្រការ​ណាមួយ​នៅ​តំបន់​អង្គរ ដែលជា​បុ​​រាណ​ដ្ឋា​ន ឬ​តំបន់​ដែល​ស្ថិតក្នុង​ដែន​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​​អប្សរា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់លោក ស៊ុន ចាន់ថុល​។​


​លោក ចាន់ថុល បាន​លើក​​ឡើង​ថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​ជំរុញ​ការងារ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ឆ្ពោះទៅ​ក្រុង​​សៀមរាប ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ និង​សេវា​កម្ម​ដឹកជញ្ជូន​នានា និង​ចៀស​​វាង​ការស្ទះ​ចរាចរណ៍​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​​អង្គរ​បាន​បើក​ដំណើរការ​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ ​២០២៣ ដោយមាន​ចម្ងាយ ​៥០​ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ដោយ​អ្នកដំណើរ​អាចធ្វើ​ដំណើរ​តាម​សេវាកម្ម​តាក់ស៊ី​ពី​ព្រលាន​ទៅ​ក្រុង​សៀមរាប​ដោយ​រថយន្ត​ធុន​តូច​មានតម្លៃ ៣៥ ​ដុល្លារ ១ ​ជើង និង​ឡានក្រុង​តូច ៤០ ​ដុល្លារ ១ ​ជើង​។​


​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ​ វណ្ឌី យល់ឃើញថា ជា​គម្រោង​ល្អ​ដែល​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​របស់​ភ្ញៀវទេសចរ បើ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង​មែន​។​

​លោក​និយាយថា​៖«​យើង​ដឹង​ហើយ​ថា ចម្ងាយ​ពី​អាកាស​​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ទៅ​ក្រុង​វា​ហាក់​ឆ្ងាយ​ដែរ​។ ដូច្នេះ​បើ​មាន​ជម្រើស​នៃ​ការធ្វើ​ដំណើរ​កាន់តែច្រើន កាន់តែ​ល្អ សម្រាប់​ភ្ញៀវ​ដោយ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ភ្ជាប់​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ទៅ​ក្រុង​សៀមរាប វា​អាច​នឹង​ក្លាយជា​ជម្រើស​ថ្មី​បន្ថែម​»​។​

​នៅក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នាឱកាស​ដែល​លោក​ទៅ​ចូល​រួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី ​៣ កាលពី​ខែតុលា នៅ​រដ្ឋធានី​ប៉េកាំង ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន China Metro Group លោក Li Kuo បាន​ជម្រាប​នាយករដ្ឋមន្ត្រី​កម្ពុជា​ពី​គម្រោង​របស់​ក្រុមហ៊ុន​ក្នុងការ​​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ចេញពី​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​ទាំង ​២ ​របស់​កម្ពុជា​។ អាកាសយានដ្ឋាន​​អន្តរជាតិ​ថ្មី​ ២ ​នោះ​គឺ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​នានា​ដែល​ក្រុម​ហ៊ុន China Metro Group កំពុង​សិក្សា​ក្នុងប្រទេស​កម្ពុជា ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍ ព្រមទាំង​បានផ្តល់​ជា​អនុសាសន៍​ដល់​ក្រុមហ៊ុន​ឱ្យ​គិតគូរ​សព្វគ្រប់​ជ្រុងជ្រោយ ជា​អាទិ៍ ការអភិវឌ្ឍ​ផ្លូវដែក ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​៕