ភ្នំពេញៈ លោ​ក ស សុខា ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោក​ង្វៀន ហ៊ុយ​​ តាំង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ដូចគ្នា​ពី​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​ថា នឹង​កាន់តែ​ពង្រឹង​និង​ពង្រីក​ខ្លាំងក្លា​ថែមទៀត ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​រួម​ទៅវិញទៅមក​សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ការបង្ហាញ​សុទិដ្ឋិនិយម​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​វៀតណាម ដូចនេះ ធ្វើឡើង​ក្នុង​ឱកាសលោក ស សុខា​ជួបពិភាក្សា​ការងារ​ជាមួយ​ឯក​​អគ្គរដ្ឋទូត និង​សហការី​នៃ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី ​២៦​ ខែធ្នូ​ដែល​ក្នុងនោះ​ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សា​លើ​ការងារ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​
​វិស័យ​សន្តិសុខ​ផងដែរ​។​

​ក្នុងជំនួប​នោះ​លោក ស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯក​អគ្គរដ្ឋទូត វៀតណាម ដែល​តែង​យកចិត្តទុកដាក់​ដល់​ការលើក​កម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២​ ព្រមទាំង​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​ន​យោ​​បាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ រវាង​កម្ពុជា និង​វៀត​ណា​ម​។


ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា​៖ «​ភាគី​ទាំង ​២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់ ដែល​តែង​ផ្តល់​កិច្ចសហការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពី​សភាពការណ៍​សន្តិសុខ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​តាម​ព្រំដែន រួមចំណែក​រក្សា​សន្តិសុខ ស្ថិរភាព និង​សុវត្ថិភាព​សង្គម និង​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​ ២»​។​

​ក្នុងជំនួប​នោះ ភាគី​ទាំង ​២ ​ក៏បាន​ចូលរួម​សាទរ​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​លទ្ធផល នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​បណ្តា​ថ្នាក់ដឹកនាំ​វៀតណាម ក្នុងឱកាស​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហា​ណូយ កាលពីពេល​ថ្មីៗ​នេះ​។


​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ថា ការលើក​ឡើង​ពី​ទំនាក់ទំនង​ល្អៗ​នៃ​ប្រទេស​ទាំង​ ២ ​នេះ គឺជា​រឿង​ធម្មតា​ទេ ព្រោះ​ភាគី​ទាំង ​២ ​សុទ្ធសឹងតែ​ជា​តំណាង​ផ្លូវការ​របស់​ប្រទេស​។  

​លោក ស៊ឺន សម បាន​ថ្លែងថា​៖ «​អ្នកការទូត ឬ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស តែងតែ​និយាយ​ពាក្យ​ល្អៗ​ដាក់គ្នា ទៅវិញទៅមក​ហើយ​ជឿជាក់ថា ល្អ​យ៉ាងនេះ ឬ​ល្អ​យ៉ាងនោះ​ជាដើម ពីព្រោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ​២ មិនអាច​លើកយក​ចំណុច​អវិជ្ជមាន​លើក​យកមក​និយាយ​នៅក្នុង​ជំនួប​ពិភាក្សា​ទេ​»​។

ទោះជា​យ៉ាងណា លោក ស៊ឺន សម បាន​បញ្ជាក់ដែរថា កម្ពុជា​គួរតែ​ប្រកាន់​ភ្ជាប់​នូវ​សារសំខាន់ៗ​របស់​ប្រទេសជាតិ ព្រោះ​ដឹង​ហើយ​ថា ក្នុងជំនួប​ថ្នាក់ដឹកនាំ​ប្រទេស​នាពេល​កន្លងមកនេះ ភាគី​វៀតណាម​តែងតែ​បញ្ជូន​នូវ​សារសំខាន់ៗ​ដើម្បី​ដាក់​មក​កម្ពុជា ដូចជា ស្នើឱ្យ​កម្ពុជា​សម្រួល​កិច្ចការងារ​មួយចំនួន សម្រាប់​ជនជាតិ​វៀតណាម​ដែល​កំពុងស្នាក់នៅ​កម្ពុជា​ជាដើម​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ស្នើឱ្យ​ភាគី​ទាំង​ ២​ គោរព​គ្នា​ទៅវិញ​មក និង​អនុវត្ត​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​នានា នៃ​ប្រទេស​ទាំង​ ២​ កន្លងមក ដើម្បី​ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន​ទាំង​ ២៕