ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នៅថ្ងៃទី ២៦ ខែធ្នូថា អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស។
ក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងព័ត៌មាននោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចាត់ទុកថា៖ «សមាគមសារព័ត៌មានជាដៃគូសំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានភាពរឹងមាំទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការការពារនូវសុខសន្តិភាពនៅកម្ពុជា»។ នេះបើយោងតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា កិច្ចប្រជុំនោះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយអង្គប្រជុំបានស្តាប់នូវប្រសាសន៍សំខាន់ៗរបស់លោករដ្ឋមន្ត្រី សម្រាប់ជាការតម្រង់ទិសដល់ការប្រកបអាជីពជាអ្នកសារព័ត៌មានក៏ដូចជាក្នុងការផ្សព្វផ្សាយដល់សមាគមសារព័ត៌មានឱ្យបានអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងផែនការអាទិភាពចម្បងៗដែលក្រសួងព័ត៌មានបាននិងកំពុងអនុវត្តសម្រាប់អាណត្តិទី៧ នេះ។ ជាពិសេស គឺចក្ខុវិស័យរបស់ក្រសួងព័ត៌មានដើម្បីប្រែក្លាយខ្លួនឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងជាសំឡេងរបស់កម្ពុជាក្នុងការពាំនាំនូវព័ត៌មានស្តីពីការពិតពីកម្ពុជាទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងលើពិភពលោក។
លោកបានបន្តថា ខណៈពិភពលោកកំពុងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើបរាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតនិងលើបណ្តាញសង្គមគ្រប់ប្រភេទបានរីកដុះដាលឡើងយ៉ាងគំហុកដែលបានជះឥទ្ធិពល និងផលវិបាកមកលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍។
ជាក់ស្តែងការថមថយនូវចំនួនអ្នកអាន ទស្សនា និងអ្នកស្តាប់ ក៏បានប៉ះពាល់មួយផ្នែកដល់ចំណូលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានមកពីការផ្សាយផ្សាយពាណិជ្ជកម្ម ផលិតផលឬសេវាកម្មនានា។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា៖«នេះជាការប្រែប្រួលស្ថានភាពក្នុងវិស័យសារព័ត៌មានក្នុងរបត់នៃការវិវត្តយុគ្គសម័យឌីជីថល ហើយនិន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ»។
លោកបានបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កឱ្យមាននូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាលើកកម្ពស់គុណភាពសារព័ត៌មានឱ្យប្រសើរឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល»។
លោកបានបន្ថែមថា ការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញ ជាកត្តាចាំបាច់ណាស់ ដើម្បីអង្គភាពសារព័ត៌មានអាចរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្ន។បើមិនដូច្នោះទេ ប្រជាពលរដ្ឋនឹងជ្រើសរើសប្រភពព័ត៌មានផ្សេងសម្រាប់ពួកគាត់មិនខានឡើយ។
ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងវិស័យផ្សព្វផ្សាយព័ត៌មាននេះផងដែរ លោក ទេព អស្នារិទ្ធ ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការពង្រឹងសមត្ថភាពជំនាញក្នុងការចងក្រង ផលិតខ្លឹមសារ និងផ្សព្វផ្សាយប្រកបដោយគុណភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មានជាអាទិភាពដ៏សំខាន់មួយដែលក្រសួងព័ត៌មានបាន និងកំពុងយកចិត្តទុកដាក់ខ្លាំង។
ក្រសួងព័ត៌មានសូមកោតសរសើរដល់សមាគមសារព័ត៌មាន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនានាជូនដល់សមាជិករបស់ខ្លួន និងសូមលើកទឹកចិត្តដល់សមាគមឱ្យបន្តផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ។
ការធ្វើដូច្នេះនឹងផ្តល់ប្រយោជន៍ត្រឡប់ដល់អង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងនោះវិញ ព្រោះការផ្សាយខ្លឹមសារព័ត៌មានដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន អ្នកសារព័ត៌មានត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀតដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាននោះទេ។ នោះវានឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអំពាវនាវដល់អង្គភាពសារព័ត៌មានដែលនៅមិនទាន់បានចុះបញ្ជីជាមួយក្រសួងព័ត៌មាននៅឡើយ សូមមកចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដោយក្រសួងអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨)។ លើសពីនោះ ក៏បានសម្រេចកាត់បន្ថយកម្រៃសេវាចំនួន ៥០ ភាគរយសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។ នេះបើយោងតាម លោក ទេព អស្នារិទ្ធ។
ការចុះបញ្ជីនៅក្រសួងព័ត៌មាននឹងផ្តល់ភាពស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឱ្យអង្គភាពទទួលបាននូវការការពារផ្នែកច្បាប់ ក្នុងករណីមានបញ្ហាក្នុងពេលប្រកបអាជីពសារព័ត៌មានត្រឹមត្រូវ ការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០ ភាគរយ លើសេវាពិនិត្យសុខភាពជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដោយអ្នកសារព័ត៌មានគ្រាន់តែបង្ហាញកាតអ្នកសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន៕