ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្នុងដំណាក់កាល​នៃ​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ពីដំបូង ប្រទេស​ជប៉ុន​ គឺជា​ដៃគូ​សំខាន់​ក្នុង​ការជួយ​ពង្រឹង​សមត្ថ​ភាព​ជំនាញ បច្ចេកទេស និង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ ហើយ​ពេលនេះ​ក៏​ឈានដល់​កម្រិត​ខ្ពស់​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ត្រូវ​ដើរតួនាទី និង​ពង្រឹង​ត​ទៅមុខទៀត​ផងដែរ​។​


​លោក​លើកឡើង​ដូចនេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យប្រើ​ស្ថានីយ​ប្រ​​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ជើងឯក​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ​២៧ ធ្នូ សម្រាប់​សម្អាត​ទឹក​កខ្វក់​ចេញពី​តំបន់​កណ្ដាល​ក្រុង​បង្ហូរ​ចូល​បឹង​ជើងឯក​មុននឹង​បង្ហូរ​ចូល​ទន្លេបាសាក់​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ក្នុង​ទឹកប្រាក់​ប្រមាណ​ ២៤ ​លាន​ដុល្លា​អាមេរិក​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​៖ «​មកដល់ពេលនេះ ជប៉ុន​នៅតែ​ជា​ដៃគូ ហើយ​មិន​ត្រឹមតែ​ជា​ដៃគូ​ជួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនាក់ទំនង និង​ភាព​សកម្ម​នៃ​ដៃគូ​នេះ កាន់តែ​កើន​បន្តទៀត ហើយ​ឆ្នាំនេះ​ជា​ឆ្នាំ​ខួប​លើក​ទី​ ៧០​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ប៉ុន្តែ​ក៏​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៃ​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ដែល​ត្រូវ​ដើរតួនាទី និង​ពង្រឹង​ត​ទៅមុខទៀត​»​។​


​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រីក៏បាន​លើកឡើង​ដែរ​ថា សមិទ្ធផល​ដែល​កើតមានឡើង​នេះ ដោយសារ​សុខសន្តិភាព បើ​មាន​សង្គ្រាម នឹង​វេទនា​ដូចពេលមុន​មិន​ខាន​។​

លោក​បាន​បញ្ជាក់ទៀតថា​៖ «​ទន្ទឹមនឹង​យើង​និយាយ​ពីអ្វី​ដែលមាន​នៅពេល​បច្ចុប្បន្ន និង​សមិទ្ធផល​យើង​ទៅ​អនាគត យើង​ត្រូវ​និយាយ​ផងដែរ​ថា យើង​ត្រូវដាក់​ទិសដៅ​ដើម្បី​ការពារ​សមិទ្ធផល​នេះ និង​ធានា​នូវ​ការវិវឌ្ឍ​ទៅមុខទៀត កុំឱ្យ​វា​ថយ​ទៅ​ដូច​ ៤០ ​ឆ្នាំមុន​។ យើង​ត្រូវការពារ​សុខសន្តិភាព​ឱ្យបាន​ដាច់ខាត​»​។​


​នៅក្នុង​ពិធី​នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ថ្លែងថា សមិទ្ធផល​ទាំងនេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទីក្រុង​ឱ្យ​កាន់តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម​ចំណែក​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ខួប​លើក​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោក​បាន​ថ្លែងថា៖ «​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល នីតិកាល​កន្លងមក មិត្ត​ជប៉ុន បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំ​ណង​ក្នុង​ទំហំ​ទឹកប្រាក់ ២ ៧៧៧​ លាន​យ៉េន​ជប៉ុន​ស្មើនឹង​ប្រមាណ​ ២៤ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក ដោយបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២២ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន​ សែន អតីត​នាយករដ្ឋមន្ត្រី​»​។​

​សូម​បញ្ជាក់ដែរថា គម្រោង​នេះ​បានចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ ​២០២១ និង​បានបញ្ចប់​ការ​​សាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ក្នុង​​នោះ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ជើងឯក​នេះ មាន​សមត្ថ​ភាព​បូម​បាន​សរុប​ចំនួន ​២​ គ្រឿង គឺ​ ៧ ​ម៉ែត្រគុប​ក្នុង​ ១ ​នាទី ឬ​ ៤៦៨​ ម៉ែត្រគុប​ក្នុង​ ១ ​ម៉ោង មាន​ទីតាំងនៅ​ប៉ែក​ខាងក្រោម​ជាប់​អាង​បង្ហូរទឹក​បូម​ចេញពី​ស្ថានីយ​បូមទឹក​បឹងត្របែក​។​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញ​​​។ រូប STPM

​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន ៥ ០០០​ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​លើ​ផ្ទៃដី​ទំហំ ៣​ ហិកតា ​ក្នុង​ផ្ទៃ​បឹង​បម្រុង​ទុក​ប្រមាណ​ ១៩ ​ហិកតា ដែល​គម្រោង​នេះ​ក៏ត្រូវ​មានការ​សាងសង់​សំណង់​ប្រព្រឹត្តិកម្ម​សំណល់​ភក់ (Sludge Treatment Facility) ដែល​កើតចេញពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​បន្ថែម​ទៀតផង​ដែរ​។​

​នៅក្នុង​ពិធី​នោះ លោក អ៊ូ​អិ​​ណូ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ហើយ​ស្រប​ពេលដែល​ទីក្រុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់​​រហ័ស ការធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បាន​ក្លាយជា​បញ្ហា​ដែល​មិនអាច​ចៀសបាន​ដូច​ទៅនឹង​ការ​ផ្គត់​ផ្គង់​អគ្គិសនី ការផ្គត់ផ្គង់​ទឹក​ស្អាត​និង​ការគ្រប់គ្រង​សំរាម​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​ទឹក​កខ្វក់​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ទន្ទឹមនឹងនោះ​វា​មិនមែនជា​ការងាយស្រួល​នោះទេ​ក្នុងការ​ស្វែងរក​ទីតាំង​ដី​ទំនេរ​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​​កខ្វក់​នៅក្នុង​ទីក្រុង​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​និង​ការពង្រីក​ជា​បន្តបន្ទាប់​»​។​

​លោក​បាន​បន្តថា ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​នេះ​គឺជា​ស្ថានីយ​ដែល​អាចធ្វើ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មានគុណ​ភាព​ខ្ពស់​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្ទាល់​របស់​ជប៉ុន​ដែល​ទើប​បង្កើត​ថ្មី​និង​ប្រព័ន្ធ​ដែល​អាចធ្វើ​ប្រតិបត្តិ​ការ​នៅលើ​ផ្ទៃដី​តូច​ជាង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទូទៅ​។​

​លោក អ៊ូ​អិ​ណូ អាត់​ស៊ូ​ស៊ី បាន​បញ្ជាក់ថា៖ «​ប្រទេស​ជប៉ុន បាននិង​កំពុងផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​រួមមាន​ការបង្រួបបង្រួម​សន្តិភាព និង​ការ​ស្តារ​ប្រទេស​ឡើងវិញ បន្ទាប់ពី​សង្គ្រាមស៊ីវិល​បានបញ្ចប់ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម ក្នុងនោះ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទាក់ទង​នឹង​វិស័យ​ទឹក​គឺមាន​សារៈសំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​»​។​

​ក្នុងឱកាស​នោះដែរ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​កម្ពុជា ដែល​ឆ្នាំនេះ​ជា​ខួប​លើក​ទី ​៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ​រហូត​មកទល់ពេលនេះ​ដោយ​គ្រាន់តែ​កម្ពុ​ជាមួយ​ព្រឹត្តិការណ៍​អនុស្សាវរីយ៍​ជាង​ ៧០ ​កម្មវិធី ត្រូវបាន​ប្រារព្ធ​ឡើង ហើយ​កម្មវិធី​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្តឡើង​យ៉ាង​រលូន​និង​ប្រកបដោយ​ភាព​សប្បាយរីករាយ​៕