ភ្នំពេញៈ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល​បានផ្ដល់​សារ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​ការពារ​សុខភាព ជាពិសេស​កុមារ ស្ដ្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់ ត្រូវ​នៅ​កន្លែង​ដែល​ត្រជាក់ និង​រក្សាខ្លួន​ឱ្យមាន​សារជាតិ​ទឹកជា​និច្ច ក្នុងអំឡុងពេល​រដូវ​ប្រាំង​ឆ្នាំ​​​ ២០២៤​ ខាងមុខ ដែល​អាកាសធាតុ​នឹង​ឡើងក​ម្តៅ​ដល់ ​៤១ ​អង្សា​សេ​។​


​សារ​ណែនាំ​ឱ្យ​ត្រៀម​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង រួមមាន ត្រូវ​រក្សា​ជាតិ​ទឹក​នៅក្នុង​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​ពិសា​ទឹក​សុទ្ធ​ទឹកស្អាត​ល្អ លើសពី ២ ​លីត្រ​ក្នុង ​១​ ថ្ងៃ បើទោះបីជា​មិនមាន​អារម្មណ៍​ស្រេកទឹក​ក៏ដោយ​។​

​ត្រូវ​ច្រៀ​សវាង​ការ​ពិសា​ភេសជ្ជៈ ដែល​បណ្ដាលឱ្យ​ជាតិ​ទឹក​នៅក្នុង​រាងកាយ​ថយចុះ​មានដូចជា​៖ ពិសា​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល កាហ្វេ តែ ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ីន និង​មាន​ជាតិ​ស្ករ​។​


​សេចក្តីប្រកាស​របស់​នា​យក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ចេញ​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២៣ បានឱ្យដឹង​ទៀតថា ក្រៅពីនេះ​ត្រូវ​ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា​ឱ្យបាន​ញឹកញាប់ និង​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ជួយ​ការពារ​កម្ដៅ និង​ការពារ​ការ​រលាក​ស្បែក ដោយ​ពន្លឺព្រះអាទិត្យ ដូចជា​ស្លៀក​សម្លៀក​​បំពាក់ រលុង ស្រាល មាន​ពណ៌​ស និង​លឿង​ជាដើម​។​

​ជាមួយគ្នានេះដែរ​ក្នុងពេល​អាកាស​​ធាតុ​ក្ដៅ​ខ្លាំង​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ត្រូវ​ជ្រក​ក្រោម​ម្លប់ ដោយ​ត្រូវ​ចៀសវាង​នៅក្រោម​ពន្លឺ​ថ្ងៃ​ដោយផ្ទាល់​យូរពេក ជាពិសេស​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ មាន​កុមារ ស្ដ្រី​មាន​ផ្ទៃពោះ និង​ជន​ចាស់​ជរា​ផងដែរ​។​


​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បញ្ជាក់ថា​៖ «​ដូច្នេះ​រដូវប្រាំង​ខាងមុខនេះ បញ្ហា​សុខភាព ជា​បញ្ហា​សាធារណៈ​មួយ​ដែរ ហើយ​ការការពារ​សុខភាព​ពេល​អាកាស​​ធាតុ​ក្ដៅ​ខ្លាំង​បែបនេះ គឺ​ដើម្បី​ធ្វើឱ្យ​ខ្លួន​យើង​ចៀសវាង​ពី​ជំងឺ​ផ្សេងៗ​»​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បន្តទៀតថា ទន្ទឹមនឹង​សារ​ណែនាំ​ទាំងនេះ ប្រជាពលរដ្ឋ​ខ្លួនឯង​ក៏ត្រូវ​តាមដាន​ព័​ត៌​​មាន​អំពី​អាកាសធាតុ និង​សុខភាព​ដែលមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ការពារ​សុខ​ភាព​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ខណៈដែល​រោគ​សញ្ញា​ជំងឺ​ដែល​បណ្ដាលមកពី​អាកាស​ធាតុ​ក្ដៅ​ខ្លាំង មាន​លក្ខណៈ​វិវឌ្ឍន៍​ទៅជា​ជំងឺ​អស់កម្លាំង ដួលសន្លប់ បែកញើស​ខ្លាំង ខ្លួន​ត្រជាក់ ស្បែក​ស្អិត ជីពចរ​ដើរ​ញាប់ និង​ក្អួតចង្អោរ​ជាដើម​។​

​លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា នៅ​ឆ្នាំ​ ២០២៤​ ខាងមុខ​អាកាសធាតុ​នឹង​កើន​កម្ដៅ​ខ្លាំង​ជាង​ឆ្នាំមុនៗ ដូច្នេះ​អ្វីដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​ត្រៀម​ការពារ​សុខភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​មិនត្រូវ​ធ្វើតាម​ការណែនាំ​ពី​វិធីសាស្ត្រ​ព្យាបាល ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ត្រឹមត្រូវ​នោះទេ​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងស្ថានភាព​អាកាសធាតុ​កើន​កម្ដៅ​នៅ​រដូវប្រាំង​ខាងមុខនេះ​សូម​ប្រជា​ពលរដ្ឋ​យើង​កុំ​មានការ​បារម្ភ ហើយ​គួរតែ​ធ្វើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល និង​មិនត្រូវ​ធ្វើតាម​ការណែនាំ ឬ​ចែកចាយ​ព័ត៌មាន​ណា​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​នោះទេ​»​។

​សូមបញ្ជាក់ថា យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ក្នុង​រដូវប្រាំង ចាប់ពី​ខែកុម្ភៈ ដល់​ដើមខែ​ឧសភា ឆ្នាំ​ ២០២៤ អាកាសធាតុ​នឹង​កើន​កម្ដៅ​ជា​លំដាប់ នឹង​ក្តៅ​ខ្លាំង​នៅក្នុង​ខែមេសា ដល់​ដើមខែ​ឧសភា ជាមួយនឹង​សីតុណ្ហភាព​អតិបរមា​អាច​ឡើងដល់ ៤១ ​អង្សា​សេ​៕