​ភ្នំពេញៈ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ សហ​ការ​ជាមួយ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​មេរោគ​អេដស៍​ជូន​ដល់​បុគ្គលិក​អប់រំ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សា​ធារណៈ ​និង​ឯកជន​ដើម្បី​បង្រៀន​មុខវិជ្ជា «​អប់រំ​សុខ​ភាព​» ជូន​ដល់​សិស្សានុ​សិស្ស​សំដៅ​រួម​ចំណែក​លុប​បំបាត់​ជំងឺ​អេដស៍​នៅ​កម្ពុជា​។​


​សិក្ខា​សាលា​បង្កើន​ការ​យល់​ដឹង​ស្តីពី​មេរោគ​អេដស៍​ ជំងឺ​អេដស៍ ​និន្នា​ការ​ភេទ ​អត្ត​សញ្ញាណ​យេនឌ័រ​ ការ​បង្ហាញ​យេន​ឌ័រ ​និង​លក្ខណៈ​ភេទ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយក​ដ្ឋាន​សុខ​ភាព​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​សហ​ការ​ជាមួយ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គកា​រUNAIDSប្រចាំ​កម្ពុជា កា​លពី​ថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ២០២៣​។ 

សិក្ខា​សាលា​នេះធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ជូន​ដល់​បុគ្គលិក​អប់រំ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សា​ធារណៈ ​និង​ឯក​ជន​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ​ក្រោម​អធិបតី​លោក​ស្រី ​គឹម ​សេដ្ឋា​នី រដ្ឋ​លេខាធិ​ការ​ប្រចាំ​ការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​មាន​ការ​ចូលរួម​ពី​សំណាក់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​មន្ត្រី​អប់រំ​ក្រោម​ឱវាទ ព្រម​ទាំង​លោក​គ្រូ ​អ្នក​គ្រូ​មក​ពី​គ្រឹះ​ស្ថាន​សាធា​រណៈ និង​ឯក​ជន​ ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​​​៥៧​នាក់​ ក្នុង​នោះ​មាន​ស្រី​២១នាក់ ។​


​បើតាម​ក្រសួង​អប់រំ​ ​សិក្ខា​សាលា​នេះក្នុង​គោល​បំណង​ចូលរួម​លើក​ទឹក​ចិត្ត និង​បង្កើត​បរិយា​កាស​ឱ្យ​មាន​ការ​យល់​ចិត្តដើម្បី​ជួយ​ដល់​សិស្សានុ​សិស្ស ​និង​ប្រជា​ជន​គន្លឹះ​ដែល​កំពុង​រស់​នៅ ឬ​ប្រឈម​ជាមួយ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៍ឱ្យ​មាន​សុខ​ភាព​ល្អក្នុង​ជីវិត​រស់នៅ​ប្រក​បដោយ​បរិយា​កាស ​ដែល​គ្មាន​ការ​មាក់​ងាយ ​និង​ការ​រើស​អើង ​តាម​រយៈ​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​លោក​គ្រូ ​អ្នកគ្រូ​ក្នុងការ​បង្រៀន​មុខ​វិជ្ជា«​អប់រំ​សុខ​ភាព​» លើ​ប្រធាន​បទ ​ការ​អប់រំ​សុខ​ភាព​ផ្លូវ​ភេទ​ និង​សុខភា​ព​បន្ត​ពូជ​គ្រប់​ជ្រុង​ជ្រោយ​ដល់​សិស្សានុ​សិស្ស​របស់​ខ្លួន​។​

​សូម​ជម្រា​បថា​ រាជ​រដ្ឋាភិ​បាល​ក៏បាន​ទទួល​ស្គាល់​ដែរ​ថា​ ការរីក​រាល​ដាល​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​យុវជន​ជា​ក្តី​កង្វល់​ដ៏​ធំ ព្រោះ​ការ​ផ្លាស់​ប្តូរ​ប្រជា​សាស្ត្រ​នៃ​ការ​ឆ្លង​បច្ចុប្បន្ន​ ​ភាគ​ច្រើន​កើត​ចេញពី​សកម្ម​ភាព​ប្រព្រឹត្ត​មិន​មាន​សុវត្ថិ​ភាព​ដែល​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​។​


ពាក់​ព័ន្ធ​បញ្ហា​អេដស៍​នេះ​ដែរ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឱ្យដឹង​ថា​ កម្ពុជា​នឹង​ប្រើប្រាស់​ហិរញ្ញ​ប្បទាន ចំនួន​៤២​លាន​ដុល្លារ ​សម្រាប់​កម្ម​វិធី​អេដស៍ ​និង​របេង​សម្រាប់​៣​ឆ្នាំ គឺ​ឆ្នាំ​២០២៤-​២០២៦​ ដែល​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ ​តទៅ​ដើម្បី​ជំរុញ​ការ​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិ​បរមា​ក្នុង​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​ទាំង២​នេះ​។​

​លោក​ទេស​រដ្ឋ​មន្ត្រី ​អៀង មូលី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ធ្លាប់​បាន​ឱ្យដឹង​ថា កម្ពុជា​បាន​ដាក់​ចេញ​គោល​ដៅ​៦​ចំណុច​ទាក់​ទង​នឹង​សកម្ម​ភាព​ការងារ​នានា​ដើម្បី​ចូលរ​រួម​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​អេដស៍​។​

​ចំណុច​ទាំង​៦នោះ រួម​មាន ទី​១ កម្ពុជា​បាន​រៀបចំ​កម្មវិធី​អេដស៍ដោយ​យក​ប្រជា​ជន​ជា​ស្នូលគឺ​​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ប្រជា​ជន​ងាយ​រងគ្រោះជា​ស្នូល ​ជា​ត្រី​កោណ​ដែល​មានអ្នក​ចេញ​គោល​នយោ​បាយ​ អ្នក​ផ្តល់​សេវា ​និង​សហ​គមន៍​ធ្វើការ​រួមគ្នា​។ ទី​២ កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​អង្គ​ភាព​រដ្ឋាភិ​បាល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សង្គម​ស៊ីវិល ​ជា​ពិសេស​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ប្រជាជន​គន្លឹះជា​មួយ​ដៃគូ​អភិ​វឌ្ឍន៍ដើម្បី​ពង្រឹង​ប្រព័ន្ធ​ជាតិ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​។ ទី​៣ កម្ពុជា​បាន​បង្កើន​ថវិ​កាបដិ​ភាគ​ក្នុង​មូល​និធិ​សកល​បាន​ជាង​៦០​ភាគរ​យ ដើម្បី​ទិញ ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍(៥​លាន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំ សម្រាប់​ឆ្នាំ​២០២១ ​២០២២ ​និង ២០២៣​។​

 ទី​៤​កម្ពុជា​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​នៃ​កម្មវិធី​គាំពារ​សង្គម​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ប្រជា​ជន​គន្លឹះ​ទី​៥ កម្ពុជា​បាន​សម្រេច​គោល​ដៅ​៩០-​៩០-​៩០​រួច​ហើយ​នៅ​ឆ្នាំ​២០១៧​មុន​កាល​កំណត់(​ឆ្នាំ​២០២០)និងទី​៦ គោល​ដៅ​បញ្ចប់​អេដស៍​៩៥-​៩៥​-៩៥​ នៅ​ឆ្នាំ​២០​២៥​៕