​ភ្នំពេញៈ​ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បានធ្វើ​​ដំណើរ​ចាក​ចេញពី​មាតុ​ប្រទេស ហើយ​ហោះ​បោះ​ពួយ​ទៅ​កាន់​រាជ​ធានី​ដូ​ហា ​ប្រទេស​កាតា នៅ​រសៀល​ថ្ងៃទី ២៨ ​ខែធ្នូ​ ដើម្បី​ប្រកួត​សាក​ល្បង​សមត្ថភា​ព​អន្តរ​ជាតិជាមួ​យ​ ក្រុម​ជម្រើស​ជាតិ​កាតា​ នៅ​ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ​២០២៣​។

កីឡាករ​ចំនួន ​២៤​ នាក់ ​ដែល​ភាគ​ច្រើន​ជា​អ្នក​ចំណូល​ថ្មី ​និង​កីឡាករ​វ័យ​ក្មេង ​ត្រូវបាន​កោះ​ហៅ​ឱ្យ​ចូល​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជានៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក កាល​ពី​ថ្ងៃទី​២៦​ ខែធ្នូ សម្រាប់​ត្រៀម​ការ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កាតាលើក​នេះ​ ប៉ុន្តែ​ក្នុង​នោះ ​គ្មាន​វត្ត​មាន​ខ្សែប្រ​យុទ្ធ សៀង ច​ន្ធា ​ដែល​កំពុង​ប្រកប​អា​ជីព​នៅ​លី​គ​ទី​២​របស់​កាតា​នោះ​ទេ ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ លឹម​ ពិសុទ្ធ ​និង​មិត្ត​រួម​ក្រុម​របស់​គេ ​អ៊​ន ចាន់​ប៉ូ​លីន ក៏​គ្មាន​វត្ត​មាន​ដែរ​។​

​ជា​មួយ​គ្នា​នេះ ខ្សែ​ការពារ​ ជួន ចាន់​ចាវ ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ ​បន្ទាប់​ពី​មាន​របួស​កជើង​ខាង​ស្តាំ​ធ្ងន់​ធ្ង​រ និង​ទើប​បាន​​វះកាត់​កាល​ពី​ពេល​ថ្មីៗ​នេះ ​ចំណែក​ខ្សែ​ការពារ​ ទេស ​សម្បត្តិ ​និង​ខ្សែ​ប្រយុទ្ធ​ ញាណ​ សុ​ស៊ី​ដាន​ ក៏បាន​សុំ​ដកខ្លួន​ចេញ​ ព្រោះ​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ ហើយ​ការ​អវត្ត​មាន​របស់​អ្នក​ទាំង​៣​នេះ ​ត្រូវបាន​ដាក់​ជំនួស​ដោ​យ សារ៉េត ​គ្រី​យ៉ា​, លឹម ​អា​រុណ​រ៉េ​យ​មិន​និង ហួត វ៉ាន់​ណេត​។​


​ចំពោះ​បេក្ខ​ភាព​ចំនួន​២១​នាក់​ទៀត​រួម​មាន​កីឡាករ ​គង់ លី​ហ៊ួ​រ​, ផាន សុ​ផេ​ន​, ឃាន់ សុបិន​, សុះ ស៊ូ​ហា​ណា​, ជា ​ច័ន្ទដា​រ៉ា​, ម៉ាត់ នូ​រុណ​, វ៉ាន់ តៃ​ឡា​ម៉ី​, ចន្ថា ចន្ទ​កា​, សឿ​យ ​វិសាល​, ថេ​ឡរ នី​កូ​ឡាស់ ​មឿង​, វីរៈ ដា​រ៉ា​, យូ​ឌៃ អូ​កា​វ៉ា​, អ៊ុំ វិចិត្រ​, ផា​ច សុជា​វីឡា​, ឡុង ភា​រ៉ា​ត​, ហ៊ុល ​គឹម​ហ៊ុយ​, សារ ទី​, ស រតនា​, ស៊ិន ​កក្កដា​, ស៊ិន សុ​ផា​ណាត់ ​និង​កីឡា​ករ តែម វ៉ាន់ដា​។​

​ជា​មួយ​សមាស​ភាព​កីឡាករ​ទាំង​នេះលោក Felix Dalmasគ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​និយាយ​ថា​៖ «​កីឡាករ​មួយ​ចំនួន​ដែល​យើង​បាន​កោះហៅ​ មិនសូវ​បាន​បង្ហាញ​ខ្លួន​នៅក្នុ​ង​លី​គ​ទេ ប៉ុន្តែ​ខ្ញុំ​បានដឹង​ពី​សក្តានុ​ពល​របស់​ពួក​គាត់ ​ហើយ​ប្រជា​ជន​កម្ពុជា ​គួរតែ​សរសើរ ​និង​លើក​ទឹកចិត្ត​ដល់​ពួក​គាត់​ដែល​មាន​ឆន្ទៈ​ចូលរួម​តំណាង​ឱ្យ​ជាតិ ​ដោយ​សុខ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារនៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ក៏​ព្រោះ​តែ​ពួក​គាត់​ចង់​នាំយក​នូវ​ភាព​សប្បាយ​រីក​រាយ ​និង​មោទន​ភាព​ជូន​កម្ពុជា និង​អ្នក​គាំទ្រ​»​។​


​យ៉ាងណា​ក៏ដោយ​ លោក Felix Dalmasបានប​ង្ហាញ​ទុក្ខ​ក្រៀ​ម​ក្រំចំពោះ​បញ្ហា​របួស ​ជួន ​ចាន់​ចាវ ​ដោយ​លោក​សង្ឃឹម​ថា ​ខ្សែកា​រពារ​ដ៏​ល្អ​ម្នាក់​នេះ ​នឹង​ឆាប់​បានជា​សះ​ស្បើយ ​ដើម្បី​អាច​វិល​មក​កាន់​ទីលាន​វិញ​ ហើយ​លោក​ ក៏​បាន​បង្ហាញ​ការ​សោក​ស្តាយ​ ដែល​កីឡា​ករ​សំខាន់ៗ​មួយចំ​នួន​ទៀត ​មិន​បាន​ទៅ​ចូលរួម​កា​រប្រកួត​សាក​ល្បង​ជា​មួយ​ក្រុម​កម្រិត​ពិភព​លោក​ដូច​ជា​កាតា​លើក​នេះ​។
 
​លោក ​Felix បាន​បញ្ជាក់​ថា​៖ «​វា​មិន​មែន​តែ ជួន​ ចាន់​ខាវ ទេ​ ដែល​មិនបាន​ទៅ​ចូលរួម​ប៉ុន្តែ អ៊​ន​ ចាន់​ប៉ូ​លីន​, លឹម​ ពិសុទ្ធ​, សៀង ​ច​ន្ធា និង​កីឡាករ​សំខាន់ៗ​មួយ​ចំនួន ​សុទ្ធ​តែ​មិនមាន​សំណាង​ល្អ​ដូច​គ្នា ​ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយសម្រាប់​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​វ័យក្មេ​ង​របស់​យើងដែល​ត្រូវ​បង្ហាញ​ពី​សមត្ថ​ភាព​ដើម្បី​យើង​មាន​ឱកាស​បាន​មើល​ទៅ​លើ​ការ​លេង​របស់​ពួក​គាត់ ​និង​ជ្រើស​រើស​ពួក​គេព្រោះ​យើង​ចង់​ឱ្យមាន​ជម្រើស​ច្រើនក្នុង​ការ​ជ្រើស​រើស​កីឡា​ករ​ចូល​ជម្រើស​ជាតិ​»​។​

​គ្រូ​បង្វឹក​អា​ហ្ស​ង់​ទីន​រូប​នេះ​ បាន​បន្ថែម​ថា​៖ «​ការ​អវត្ត​មាន​កីឡាករ​សំខាន់ៗ វា​អាច​នឹង​ផ្តល់​ការលំ​បាក​សម្រាប់​យើង​ដែរ ​ព្រោះ​ការបើក​ការ​ប្រយុទ្ធ​របស់​យើងត្រូ​វ​លេង​ទាំង​តំបន់​លើ ហើ​យក៏​​ត្រូវប​ង្កើត​ឱកាស​ពី​ខាង​ក្រោម​ទៅ​ផងដែ​រ ​ប៉ុន្តែ​វា​ជា​ឱកាស​ល្អចំពោះ​កីឡា​ករ​ចំណូល​ថ្មី ក្នុងការ​ទទួល​បាន​ប​ទ​ពិសោធន៍​ ដែល​យើង​ត្រូវ​ប៉ះ​ កាតា ជា​ក្រុម​កម្រិត​ពិភព​លោក ​ដែល​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក និង​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ទៀត​»​។ 

​បន្ថែម​លើ​នេះ ​លោក ​Felix បាន​ឱ្យដឹ​ងដែរថា ការ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​អន្តរ​ជាតិជា​លក្ខណៈ​បិទ​ទ្វារ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កាតា នឹង​ជួយ​ឱ្យ​កីឡា​ករ​របស់​កម្ពុជា ​ទទួលបា​ន​បទពិ​សោធ​ន៍ និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង​បន្ថែម ​ព្រោះ​សមាស​ភាព​កីឡាករ​សំខាន់ៗ​ដែល​បាន​លេង​ឱ្យ​ក្រុម​កាតាក្នុង​ពេល​ប្រកួត​បាល់ទា​ត់​ពិភព​លោក​ឆ្នាំ​២០២២​ សុទ្ធ​តែមា​ន​វត្ត​មាន​សម្រាប់​ការ​ប្រកួត​សា​កល្បង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ​។​

​លោក ​Felix បាន​បញ្ជាក់​ថា​៖ «​ពិត​ណាស់ ការ​ប្រកួត​ប្រជែងនៅ​លី​គ ធ្វើ​ឱ្យ​កីឡា​ករ​របស់​យើង​មាន​ការ​រីកច​ម្រើន​ច្រើន​ដែរ ​ប៉ុន្តែ​យើង​នៅ​មិនទា​ន់​ឈាន​ដល់​កម្រិត​ពិភព​លោក​ទេ ​អ៊ីចឹង​តាម​រយៈ​ការប្រកួ​ត​នេះ​ នឹង​ជួយ​ឱ្យ​កីឡា​ករ​យើងអាច​ប្រៀប​ធៀប​សមត្ថ​ភាព​ខ្លួន​ឯង​ទៅ​នឹង​កីឡាករ​កម្រិត​ពិភពលោ​កថា​តើ​យើង​អាច​ធ្វើ​អ្វី​បាន​ ធ្វើ​អ្វី​មិនបា​ន និ​ង​ត្រូវតែ​បន្ថែម​អ្វី​ទៀត​ អ៊ីចឹង​ពួក​គាត់​យល់​ពីអ្វី​ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​ធ្វើ​ឱ្យមាន​ភាព​ប្រសើរ​ជាង​ហ្នឹងក្នុង​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​កីឡា​ករ​កម្រិត​ពិភព​លោក​»៕