កែបៈ​​​លោក ​សែម សុវណ្ណនី អនុប្រ​ធាន​ទី​២ ​អាជ្ញាធរ​មីន បានលើកឡើងថា អាជ្ញាធរ​មីន គឺជា​សេនាធិ​ការ​ជូន​រាជរដ្ឋាភិ​បាល​ក្នុង​ការ​ដឹកនាំសម្រប​សម្រួលតាម​ដាន​ ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ការងារ​សកម្ម​ភាព​មីន ​ដើម្បី​រួម​ចំណែក​ដល់​កិច្ច​គាំពារ​សន្តិ​ភាព ​ការអភិវឌ្ឍ ​និង​ការផ្តល់​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។​


​លោកបានលើកឡើងដូចនេះ ​នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​បូកសរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០២៣ ​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៤ ​ដោយ​មាន​ការចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ថ្នាក់​ដឹក​នាំ ​មន្ត្រី​-​បុគ្គ​លិក​ អាជ្ញា​ធរ​មីននៅខេត្ត​កែប​ ដែល​បាន​ធ្វើ​ឡើង​រយៈ​ពេល ​២ ​ថ្ងៃ គឺ​ថ្ងៃទី​២៧​ និង​២៨ ​ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក ​សែម សុ​វណ្ណនី​ បាន​ឱ្យ​ដឹង​ដែរ​ថា៖ «​ក្រោម​ការដឹ​កនាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត​រប​ស់សម្តេច​តេ​ជោ ​អតីត​នាយក​រដ្ឋ​មន្ត្រី និង​សម្តេច​ធិបតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ក្នុងកា​រ​កាត់​បន្ថយ​ជន​រង​គ្រោះ​ថ្នាក់​ពី៤​ ៣២០​នាក់​ក្នុង​ឆ្នាំ​១៩៩៦ ​មក​ក្រោម១០០​នាក់ ក្នុង​១​ឆ្នាំ​»​។​


​លោក​បាន​បន្ត​ថា៖ «​ដោយសា​រ​ការ​ជំរុញ​ប្រសិទ្ធ​ភាព​ក្នុង​ប្រតិប​ត្តិការ​បោស​សម្អាត​មីន និង​ការ​ផ្សព្វ​ផ្សាយ​អំពី​គ្រោះថ្នា​ក់ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះនៅ​តាម​សា​លា​រៀន សហ​គមន៍ និង​ជន​គោល​ដៅ​។ អាជ្ញាធរ​មីន​ គឺជា​សេនាធិ​ការ​ជូន​រាជ​រដ្ឋាភិបា​លក្នុង​ការ​ដឹក​នាំ ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ការងារ​សកម្ម​ភាព​មីនដើម្បី​រួម​ចំណែក​ដល់​កិច្ច​គាំពារ​សន្តិ​ភាព ​ការអ​ភិវឌ្ឍ និង​ការ​ផ្តល់​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​»​។ 

​យោង​តាម​របាយ​ការណ៍​អាជ្ញាធ​រ​មីន ក្នុ​ង​រយៈពេ​ល ​១១​ ខែ ចា​ប់ពី​ខែម​ករា ​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ផ្ទៃដី​ទំហំ ២ ៩៩៤ ​គីឡូ​ម៉ែត្រ​ការ៉េ​ ត្រូវបាន​បោស​សម្អាត​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់ និង​បង្ក​បង្កើន​ផល​។ 


​ប្រភព​ដដែល​បានឱ្យដឹងថា​ មីន​ប្រឆាំង​មនុស្ស​ចំនួន​ ១ ១៧៦ ៤៦២ គ្រាប់​,មីន​ប្រឆាំង​រថ​ក្រោះចំនួន​ ២៦ ៣២១ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​រាប់​បញ្ចូល​ទាំង​គ្រាប់​បែក​ចង្កោម​ចំនួន​ ៣​ ១០០ ​១២៣​ គ្រាប់​ ត្រូវ​បាន​រក​ឃើញ និង​បំផ្លាញ​ចោល​ហើយប្រជា​ពល​រដ្ឋ​ទទួល​ផល​មានចំនួន​ ៤ ៨៦២ ៥៧៥ គ្រួសារ​ ស្មើ​នឹង ​១២ ​៦៦៦ ​៦៧៤ ​នាក់​។​

​ជា​មួយ​គ្នានេះ​ដែរ​ ជន​រងគ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ​៣០ ​នាក់ ​ក្នុង​នោះ​ជន​រង​គ្រោះ​ស្លាប់មាន ៤​ នាក់ ​របួស ១៧ ​នាក់ ​និង​ពិការ​អវយវៈ​ ៩​ នាក់​។ តួ​លេខ​នេះ ​មាន​ការ​ថយ​ចុះ​ ២៥​ ភាគ​រយ​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​រយៈ​ពេល​ដូច​គ្នានៅ​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ជន​រង​គ្រោះ​ ៤០​ នាក់​។​

​លោក​ សែម ​សុវណ្ណនី បាន​ឱ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​នេះ ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ដែល​មាន​ហានិ​ភ័យ​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ប្រមាណ​ជិត ​២​ លាន​នាក់​ទទួល​បាន​សារ​អប់រំ​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រុម​ការងា​រ​យេនឌ័រ​អាជ្ញាធរ​មីន​កំពុង​កសាង​ស្តង់ដា​ជាតិ ​ស្តីពី​ការបញ្ជ្រាប​យេន​ឌ័រ​ក្នុង​វិស័យ​សកម្ម​ភាព​មីន​ដំបូង​បង្អស់​ក្នុង​ពិភព​លោក​។​បច្ចុប្បន្ន​មាន​បុគ្គលិក​២៣​ភាគរ​យ​ជា​ស្ត្រី​កំពុង​បម្រើការ​ក្នុង​វិស័យ​មីន​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​ក៏បាន​ឱ្យដឹង​ថា៖ «​នៅ​ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ ​កម្ពុជា​ត្រូវ​បាន​រដ្ឋ​ភាគី​ចំនួន ​១៦៤ ​ប្រទេស ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន ​និង​ជា​ម្ចាស់​ផ្ទះ ​រៀបចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិ​ញ​លើក​ទី​៥ ដែល​ត្រូវធ្វើ​ពីថ្ងៃ​ទី​២៥ ដ​ល់ ​២៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀម​រាប ​ដែល​ក្នុង​នាម​ជា​ប្រធាន​ កម្ពុជា​បាន​ដាក់​អាទិ​ភាព​ចំនួន ​៣ គឺជំរុញ​សកល​ភាវូប​នីយ​កម្ម​, ពង្រឹង​ការ​អនុវត្ត​មាត្រា​៥ ​នៃ​អនុ​សញ្ញា ​(​ការ​បោស​សម្អាត​មីន​) និង​ជួយ​ជន​រង​គ្រោះ​ ដោយ​សារ​មីន​»​។​

​សូម​បញ្ជាក់​ដែរ​ថា ដើម្បី​គាំទ្រ​ដល់​ផែន​ការ​អាទិ​ភាព​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋា​ភិ​បាល និង​ឈានទៅ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​ អាជ្ញាធរ​មីន ក៏បាន​រៀបចំ​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​អនុវត្ត​យន្ត​ការ​ភូមិ​អស់​មីន ដែល​នឹង​ធានា​ថា​ រាល់​ចម្ការមី​ន​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ភូមិ​ ត្រូវបាន​បោស​សម្អាត​។ មក​ទល់​នឹង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ កម្ពុជា​បាន​ប្រែ​ក្លាយ​ភូមិ​មាន​មីន ​ទៅ​ជា​ភូមិ​អស់​មីន​សរុប​ចំនួន១ ៧៧៧ភូមិ​​ក្នុង​នោះ​រាជ​ធានី​-ខេត្ត​ចំនួន​១៤  ត្រូវ​បាន​ប្រកាស​ជា​រាជ​ធានី​-ខេត្ត​អស់​មីន​។​

​បច្ចុ​ប្បន្ន​ អាជ្ញា​ធរ​មីន​នៅតែ​ទទួល​បាន​ការ​បន្ត​គាំទ្រ​ពី​ម្ចាស់​ជំនួយ​មួយចំ​នួន​ផង​ដែរ ​រួមមាន​ សហ​រដ្ឋ​អាមេរិក អង់​គ្លេស ​ជប៉ុន​ អូស្ត្រាលី អា​ល្លឺ​ម៉ង់ ន័​រវែស ស្វ៊ី​ស ចិន ​កាណាដា​ នូ​វែ​ល​សេ​ឡង់ សាធា​រណរដ្ឋ​កូរ៉េ អៀរ​ឡង់​ ឥណ្ឌា យូ​អិន​ឌី​ភី និង​ អេ​ច​ឌី អរ​អ៊ែន​ឌី ព្រមទាំ​ង​មូលនិ​ធិ​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុ​រស​ជន​ផង​ដែរ​៕