​ភ្នំពេញៈ​លោក​ ឌិ​ត ទីណា ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ និង​ជា​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ជំរុញ​ក្រុម​ការងារ​ ឱ្យ​សហ​ការ​បម្រើ​ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ដោយ​ឆន្ទៈ ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ និង​ម្ចាស់កា​រ​ដោយ​ត្រូវ​ចុះ​ដល់​ផ្ទះ​ប្រជា​ពលរ​ដ្ឋដើម្បី​អាច​ក្តាប់​បញ្ហា​ប្រឈមហើយ​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​។​


​ការ​ជំរុញ​របស់​លោក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​សមាស​ភាព​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​សាល​ប្រជុំ ​រដ្ឋ​បាល​សា​លា​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយមា​ន​វត្តមាន​លោក ​អ៊ុំ រាត្រី អភិ​បាល​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​ថ្នាក់ដឹក​នាំ​ជាច្រើ​នរូប​ទៀត​ នៅ​ថ្ងៃទី​២៨​ ខែ​ធ្នូ ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ពី​ក្រសួង​កសិកម្ម​។​

​នា​ឱកាស​នោះ​ លោក ​ឌិ​ត ទីណា បាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ លោក​ហ៊ុន​ ម៉ា​ណែ​ត ដល់​ក្រុម​ការងារ​មូល​ដ្ឋាន​ ជាមួ​យ​ការ​ប្រកាស​សមាស​ភាព​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ថ្នាក់​ជាតិ​ចំនួន ​១២២​នាក់ ​ទាំង​ថ្នាក់​ក្រោម​ជាតិ​ចំនួន​ ៣ ៦៥៩​ នាក់ ​ព្រម​ទាំង​ការ​បញ្ជាក់​អំពី​ហេតុ​ផល​បង្កើត​ក្រុម​ការងារ​នេះ​ ក្នុង​គោល​ដៅ​បម្រើ​ប្រជា​ពល​រដ្ឋ និង​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​។​


​លោក​បានបញ្ជាក់​ថា​៖«​ក្រុម​ការ​ងារ​ចុះ​មូលដ្ឋា​ន​ត្រូវ​ស​ហការ​គ្នា ធ្វើ​ជា​មួយគ្នា​ឱ្យបាន​ល្អ មាន​ឆន្ទៈ ​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​ភាព​ម្ចាស់កា​រ ហើយ​ចាំ​បាច់​ត្រូវ​ចុះ​ដល់​មូល​ដ្ឋាន​ផ្ទះ​ប្រជា​ពលរ​ដ្ឋ ដើម្បី​ស្តាប់​ពី​តម្រូវ​ការ​ បញ្ហា​ប្រឈម​ពិត​ប្រា​កដ​របស់​ប្រជា​ពលរដ្ឋ ​ដើម្បី​រួមគ្នា​គិត ​រួមគ្នា​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធ​ភាព​បំផុត ស្របតា​ម​គោល​នយោ​បាយ​អាទិ​ភាព​របស់​រាជ​រដ្ឋាភិ​បាល​»​។ 

​លោក​បាន​បន្ថែម​ថា ភារ​កិច្ច​របស់​ក្រុមកា​រងារ​ចុះ​មូលដ្ឋា​ន​នេះ គឺ​ចុះជួយ​មូល​ដ្ឋាន​ ប៉ុន្តែ​មិន​មែន​ធ្វើការ​ជំនួស ​និង​ធ្វើ​សេចក្តី​សម្រេច​ជំនួស​ស្ថា​ប័ន​ជំនាញ​​ទេ​។​


​ពាក់​ព័ន្ធ​រឿង​នេះ លោ​ក ​ប៉ែន បូ​ណា ប្រធាន​អង្គ​ភាព​អ្នក​នាំពាក្យ​រដ្ឋាភិ​បាល​បាន​បញ្ជាក់​ថា ក្រុមការងារ​ចុះ​មូល​ដ្ឋាន​របស់​រដ្ឋាភិ​បាល​ មាន​គោលដៅ​ចុះ​ទៅ​ស​ហការ និង​ជួយ​គាំទ្រ​ដល់​អាជ្ញាធ​រ​មូលដ្ឋា​នមាន​គោល​ដៅ​រៀងៗ​ខ្លួន ​មិនមែ​ន​ជ្រៀតជ្រែ​ក​កិច្ច​ការ​របស់​អាជ្ញា​ធរ​មូលដ្ឋា​ន​ឡើយ​ ប៉ុន្តែ​ជា​យន្តការ​ ដើម្បី​ថ្នាក់​ដឹកនាំ​​ថ្នាក់​ជាតិ​អាច​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញា​ធរ​ផង​ និង​អាច​ក្តាប់​សំណូម​ពរ ​និង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន​ផង​។​

​លោក​បាន​បញ្ជាក់​ថា​៖«​រដ្ឋាភិ​បាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ជា​រដ្ឋាភិ​បាល​បម្រើ​ប្រជា​ពលរដ្ឋ​ ព្រោះ​យើង​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​ដោយ​សារ​ប្រជា​ពលរដ្ឋ​។ នៅ​ពេល​បង្កើត​រដ្ឋាភិ​បាល​ហើយ ​រដ្ឋាភិ​បាល​តែង​បង្កើត​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន ​ដើម្បី​ជួប​ប្រជា​ពលរដ្ឋ ​មិន​មែន​យើង​បាន​តំណែង​ហើយ​អង្គុយតែ​​ការិ​យាល័​យ ​ធ្វើការ​តែ​ថ្នាក់​ជា​តិ អត់​ចុះទៅ​មើល​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​​ទេ​»​។​

​លោក​បន្ថែ​មថា ​ក្រុម​ការងារ​ចុះ​មូ​លដ្ឋាន​ដែល​មាន​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ​ជា​គោល​នេះ មាន​ភារ​កិច្ច​ចុះទៅ​សា​កសួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋក្នុងពេ​ល​ទំនេរ​ពី​ការងារ​ស្នូល ដើម្បី​អាច​យល់​ដឹង​ស្ថាន​ការណ៍​ច្បាស់ ​ហើយ​អាច​អនុវត្ត​គោល​នយោ​បាយ​អាទិភា​ព​របស់​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧ នេះ​បាន​ ជា​ពិសេស​អាច​ស្ទាប​ស្ទង់​ចន្លោះ​ប្រហោង​នៃ​ការអ​នុវត្ត​គោលន​យោបាយ​​ផង​។​

​ដោយ​ឡែក​លោក ​យ៉ង់ គិ​ម​អេង ​ប្រធាន​ម​ជ្ឈមណ្ឌល​ប្រជាព​លរ​ដ្ឋដើម្បី​អភិវ​ឌ្ឍន៍ និង​សន្តិភាព​បានថ្លែង​ថា ​ការ​មាន​ក្រុម​ការងារ​រ​ដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ជា​រឿង​មួយ​ ប៉ុន្តែ​សម្រាប់​លោក​វិញ​យល់​ថា​ មិន​សូវមាន​ភាព​ចាំបាច់​ប៉ុន្មាន​ទេ​ ដោយ​បារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់​ការងា​រ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​។

លោក​ថា​៖«​ខ្ញុំ​សង្កេត​ឃើញ​ជា​ទូទៅ​ថា ​អាជ្ញាធរ​មូល​ដ្ឋាន​តែង​រវល់​ជួប​ក្រុម​ការងារ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​ ខាត​ពេល​ក្នុង​ការ​បំពេញ​ភារ​កិច្ច​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​»​។​

​យ៉ាង​ណា​ក្ដី​ លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ឱ្យដឹង​ថា ក្រុម​ការ​ងារ​ចុះ​មូលដ្ឋាន​របស់​រដ្ឋា​ភិបា​ល និង​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ តែង​ចុះ​ពង្រឹង​មូល​ដ្ឋាន​ជាប្រ​ចាំដល់​ភូមិ ឃុំ​-​សង្កាត់​ ស្រុក​-​ខណ្ឌ ខេត្ត​-​ក្រុង​ ទូទាំង​ប្រទេស​តាម​មុខ​ព្រួញ​សំខាន់ៗ​។​

​លោក​បា​នថ្លែ​ងថា​៖«​ក្រោយ​បង្កើត​រដ្ឋាភិ​បាល​ថ្មី​រួច មាន​សេចក្តី​សម្រេច​ចាត់​តាំង​ក្រុម​ការងារ​បណ្តើរៗ​ ក្នុ​ងនោះ​មាន​ឯក​ឧត្តម ​ឌិ​ត ទីណា ​ជាដើម ​ដែល​ជ្រើស​តាំង​សម្រាប់​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ ​ហើយ​ឧប​នាយ​ករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី រ​ដ្ឋលេខា​ធិការ ​នៅ​តាម​បណ្តា​ក្រសួង​នានា ​ត្រូវ​បាន​ជ្រើស​តាំង​តាម​គោល​ដៅ​មូល​ដ្ឋាន​រៀងៗ​ខ្លួន​»​។​

​លោក​បានបន្ថែម​ថា ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ទាំងអស់​របស់​គណប​ក្ស និង​រដ្ឋា​ភិបាល មាន​គោលដៅ​​សំខាន់ ​ដើម្បី​ក្តាប់​សភាព​ការណ៍​ នៅ​តាម​មូលដ្ឋា​ន ​ជាពិសេស​អាច​យល់​ដឹង​ពី​តម្រូវ​ការ​ជា​ក់ស្តែង​រប​ស់​ប្រជា​ពលរដ្ឋ​ នៅតា​ម​មូល​ដ្ឋាន​ផ្សេងៗ​៕