ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រ​សួងសុ​ខាភិបាល​ លើក​ទឹក​ចិត្ត​ឱ្យស្ថាប័ន​ពាក់​ព័ន្ធ​ចូល​រួម​លើក​កម្ពស់សុ​ខភាព​ផ្លូវ​ចិត្ត ក៏​ដូច​ជា​ជំរុញ​ឱ្យគ្រឹះ​​ស្ថាន​បណ្ដុះ​បណ្ដាល​សុខាភិបាល បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅនឹ​ង​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​។


លោក​ថ្លែងបែ​ប​នេះ​នៅ​ក្នុង​ពិធី​​ប្រកាស​ផ្សព្វ​ផ្សាយ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូ​វ​ការ​ផែនការ​យុទ្ធ​សាស្រ្ត​សុខភាព​ផ្លូវ​ចិ​ត្ត ឆ្នាំ២០២៣​-២​០៣២ កាល​ពីថ្ងៃ​​ទី​២៧ ខែធ្នូ​ ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រសួង​សុខាភិបាល។

លោក ឈាង រ៉ា បាន​លើក​ឡើង​ថា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​ត្រូវ​ការ​ប្រជាជន​ដែល​មាន​សុខភាពល្អ​ រួមប​ញ្ចូ​លសុ​ខភាព​ផ្លូវ​ចិត្ត​ល្អ​ផង​ដែរ ដែល​ការ​លើក​កម្ពស់​សុខភាព​ផ្លូវ​ចិត្ត ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​កសាង​កំណើន​សេដ្ឋកិច្ច​របស់បុ​គ្គល គ្រួសារ ​និង​សង្គមជា​តិ ពីព្រោះ​សុខភាព​​ផ្លូវ​ចិត្ត គឺ​ជាសមាសធាតុ​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ទាំង​អស់​គ្នា ​ហើយ​ក៏​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធា​នា​ឱ្យ​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​។


លោក​បញ្ជាក់​ថា៖ «ការ​ដែល​មានគោ​ល​នយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត នៅ​មិន​គ្រប់​គ្រាន់​ទេ បើ​សិន​ជា​យើង​មិន​បាន​ប្រែ​ក្លាយ​វា​ឱ្យ​ទៅ​ជា​សកម្មភាពជា​ក់​ស្តែង មាន​ន័យ​ថា ស​កម្មភាព​សំដៅ​ឆ្លុះ​បញ្ចាំង​ជាមួ​យ​ចក្ខុវិស័យ​ច្បាស់លាស់ និងវា​ស់​វែង​បាន និង​ចូល​រួ​មដោយ​ដៃគូ​​អភិវឌ្ឍន៍ ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​ការ​គាំទ្រ​ធន​ធាន មធ្យោ​បាយ​បន្ថែម​ទៀត​»​។ 

បើ​តាម​លោក ឈាង រ៉ា ទន្ទឹម​នឹង​នេះ ប្រវត្តិ​នៃ​សោកនាដ​កម្ម ​ដោយ​សារ​សង្គ្រាម ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​ទូទៅ​ទទួល​រង​នូវ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត និងឱ្យ​មា​ន​ការ​ប៉ះ​ពាល់​ដល់​មនុស្ស​ត​ជំនាន់ ដូច្នេះ​ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ថែម​ទៀត​។ 


លោក​បាន​ផ្ដល់​អនុសាសន៍​ថា៖​ «​សូម​លើក​ទឹក​ចិត្ត​ឱ្យមា​ន​កិច្ច​សហការ​ជា​មួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ដើម្បី​លើក​កម្ពស់​សុខភាព​ផ្លូវ​ចិត្ត និង​បង្ការ​ជំងឺផ្លូ​វ​ចិត្ត។​ ជាពិសេស​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​សុខាភិបាល ត្រូវ​បង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ឯកទេស​ជំងឺ​ផ្លូវចិ​ត្ត​ថែម​ទៀត ព្រម​ទាំង​ត្រូវ​ដាក់​បញ្ចូល​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ទៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​ពាក់ព័ន្ធ​និង​សុខភាព​សាធារណៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​»។

ក្រៅពី​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ក៏​ជំរុញ​ឱ្យ​សេវា​សុខាភិបាល ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិត្រូវ​ពង្រីក​សេវា​ថែទាំ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ទាំង​សេវា​ពិគ្រោះ​ជំងឺ​ផ្លូវ​ចិត្ត និងសេ​វា​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​សម្រាក​ពេទ្យ ឱ្យ​កាន់​តែ​ទូលំទូលាយ និង​មាន​ជម្រើស​ច្រើន​យ៉ាង​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​កាន់​ការគ្រ​បដណ្តប់​សុខភាព​ជា​សកល​។

ជុំ​វិញ​រឿង​នេះ អ្នក​នាង យឹម​ សុធា​រី​ នាយិកា​​​មជ្ឈ​មណ្ឌល​ស្នេហា ​(Sneha Center) បាន​ថ្លែង​​ថា​ កន្លង​មក ដោយ​​សារ​​តែ​​មាន​វិបត្តិ​កូវីដ១៩ នៅ​កម្ពុជា​អ្នក​​ដែល​​មាន​​វិបត្តិ​​ផ្លូ​វ​ចិត្ត​មាន​ការ​កើន​ឡើង​ជាង​មុន ក៏​ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ១៩ វា​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ទាំង​យុវជន និង​ស្ថាប័ន​ជា​ច្រើន បាន​យក​ចិត្ត​ទុក​ដាក់ និង​មាន​ការ​ជជែក​អំពី​រឿង​សុខភាព​ផ្លូវ​ចិត្ត​នេះ​។ 

អ្នកនាង​បន្តថា ខណៈដែលមានស្ថាប័នពាក់ព័ន្ធជាច្រើន ​មាន​ការ​ជជែក​​អំពី​រឿង​សុខភាព​ផ្លូវ​ចិត្ត​ ប៉ុន្តែប្រជាជន​កម្ពុជា​ ​តែង​តែ​យល់​ច្រឡំ​ថា​ សុខភាព​ផ្លូវ​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត តាម​ពិត​សុខភាព​ផ្លូវ​ចិត្ត វា​ជា​ចំណែក​មួយ​នៃ​សុខ​ភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ចំណែក​ជំងឺ​ផ្លូវ​ចិត្ត វាជាជំងឺ​​ធ្លាក់​​ទឹក​ចិត្ត និងជំងឺ​ថប់​អារម្មណ៍ជា​ដើម។

អ្នក​នាង​ថ្លែង​ថា៖ «ដូច្នេះ​កាល​ដែល​យើង​អាច​ការ​ពារ​ជំងឺ​​ធ្លាក់​​ទឹក​ចិត្ត និងជំងឺ​ថប់​អារម្មណ៍បាន គឺ​តាមរ​យៈ​ការ​ធ្វើឱ្យ​ខ្លួន​ឯង​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ ហើយ​កាល​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​យើង ដូច​ជា ការ​បរិភោគ ការ​គិត ការ​គេង និង​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​​ឯង ថែទាំខ្លួន​ឯង​ឱ្យ​បាន​ច្រើន​ជាង​មុន និង​មួយ​ទៀត​ត្រូវ​បង្កើត​មិត្ត​ភាព​ល្អៗ​ឱ្យ​បាន​ច្រើន​ទាំង​នៅ​ក្នុងផ្ទះ​ និង​ទាំង​នៅ​ក្រៅ​ផ្ទះ​ជា​ដើម​»​។

បើ​តាម អ្នក​នាង យឹម​ សុធា​រី បច្ចុប្បន្ន​នេះ បញ្ហា​សុខ​ភាព​​ផ្លូ​វ​ចិត្ត​ ច្រើនតែកើតឡើងទៅលើមនុស្សពេញ​វ័យ​ ដែល​​ប្រឈម​ច្រើន​ជា​មួយ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និងជំងឺ​ថប់​អារម្មណ៍​​។ ​ការប្រឈមនឹង​ការ​កើត​ជំងឺ​ទាំង​នេះ គឺ​បណ្ដាល​មក​ពី​ការ​​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពី​កុមារ​ភាព ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពី​ឪពុកម្ដាយ​ និង​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពី​សង្គម​ទាំង​មូល ដែល​ធ្វើ​ឱ្យ​ស្ថាន​ភាព​សុខ​ភាព​ផ្លូវ​ចិត្ត​រ​បស់​ពួក​គាត់​មា​ន​​ភា​ព​​ទន់​​ខ្សោ​យ​​។​ 

អ្ន​ក​នា​ងប​ន្ថែ​ម​ថា​៖«​ហេ​តុ​នេះ​សូ​​ម​ផ្ដាំ​ទៅប្រ​ជា​ព​ល​រដ្ឋ​ទូ​​ទៅទាំ​​ង​អស់ ជាពិសេស​ម​នុ​​ស្សពេ​ញ​វ័​យ ​សុំ​ចាត់​ទុក​សុ​ខភា​ព​ផ្លូ​វ​ចិត្ត​​​ ជា​ចំ​ណែ​ក​មួយ​នៃ​សុ​ខភា​ព ពេល​ឈឺត្រូ​វ​ទៅជួ​ប​ពេ​ទ្យ ប្រឹ​ក្សា​យោប​ល់​ ត្រូ​វ​មើ​ល​​ថែ​ទាំ​ផ្លូវ​ចិ​ត្ត​ ដូ​ច​ផ្លូ​វ​កា​យ​ដែ​រ​ ​ដោយ​គិ​ត​តែ​រឿ​ង​​វិជ្ជមាន​ផង​ដែរ»។

សូមបញ្ជាក់ កន្លង​មក​ក្រសួង​សុខា​ភិបាល បាន​ដាក់​ដំណើរ​ការ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្តកម្រិត​ឯកទេស​នៅ​តាម​មន្ទីរ​ពេទ្យ​ជាតិ និង​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​/​ខេត្ត បាន​ចំនួន​១០​កន្លែង និង​កម្រិត​មូល​ដ្ឋាន​នៅ​តាម​មន្ទីរ​ពេទ្យ​ខេត្ត​/​ស្រុក ចំនួន​៩៧​កន្លែង និង​កម្រិត​បឋម​នៅ​តាម​មណ្ឌល​សុខ​ភាព​ចំនួន ៣៥៥​កន្លែង​៕