ពោធិ៍​សាត់ៈ ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​កម្ពុជា​-​ជប៉ុន​ក្រុង​ពោធិ៍​សាត់​ដែល​ចំណាយ​ការ​សាង​សង់​អស់​ថវិកា​ជា​ង​២២​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​ ២៨​ ខែធ្នូ​ ឆ្នាំ​ ២០២៣ ​ដោយ​បង្កើន​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​របស់​រដ្ឋា​ករទឹក​ស្វយ័ត​ក្រុង​ពោធិ៍​សាត់​ជិត ២​ ដង​។​


ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិ​បតីភាព​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា ​និង​នវានុ​វត្តន៍​លោក​ ហែម វណ្ណឌី​ តំណាង​ដ៏​ខ្ពង់ខ្ព​ស់​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​លោក​UENO ATSUSHI​ ឯក​អគ្គ​រាជទូ​ត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។ ពិធី​នេះ​ក៏មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​-​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ទីភ្នាក់​ងារ​ JICA រដ្ឋបាល​ក្រុង​Kitaky​ushu រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​ អាជ្ញា​ធរ​មូល​ដ្ឋាន ទីប្រឹក្សា​បច្ចេក​ទេស​ក្រុម​ហ៊ុន​សំណង់ ​និងពលរដ្ឋ​សរុប​ប្រមាណ​៦៥០​នាក់​។ការ​សម្ពោធ​នេះ​បង្ហាញ​ពី​សមិទ្ធ​ផល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​រវាង​កម្ពុជា​និង​ជប៉ុន​ដើម្បី​ដោះ​ស្រាយ​កំណើន​នៃ​តម្រូវ​ការ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ឧស្សាហ​កម្ម​។

លោក​រដ្ឋមន្ត្រី​ហែម ​វណ្ណឌី​ បាន​លើក​ឡើង​ក្នុងឱ​កាស​នោះ​ថា​៖«​នេះ​ជា​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ទី​៣​ក្រោម​ជំនួយ​ហិរញ្ញ​ប្បទាន​របស់​រដ្ឋាភិ​បាល​ជប៉ុន​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រា​ស់​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ​បន្ទាប់​ពី​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​ជ្រាវ​សៀម​រាប និង​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ស្ទឹង​សែន​ទី​២​ក្នុង​ខេត្តកំ​ពង់ធំ​។ ខណៈ​យើង​ប្រារ​ព្ធ​ខួប​លើក​ទី​៧០​នៃ​ទំនាក់​ទំនង​កា​ទូត​ដ៏​រឹងមាំ​ និង​រស់​រវើក​រវាង​កម្ពុជា​និង​ជប៉ុន​ឆ្នាំ​២០២៣​ក៏​បង្ហាញ​ពី​សមិទ្ធ​ផល​ជា​ច្រើន​នៃ​ទំនាក់​ទំនង​នេះ​ផង​ដែរ​»​។ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សា​ហ​កម្ម​។


នៅ​ក្នុ​ង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំ​ណរគុណ​ដល់​រដ្ឋាភិបា​ល​និង​ប្រជាជ​ន​ជប៉ុន​ផង​ដែរ ដែល​តែងតែ​​ផ្តល់​ការគាំ​ទ្រ​ដល់​ការ​អភិ​វឌ្ឍ​របស់​កម្ពុ​ជា​ ជា​ពិសេស​លើ​វិស័យ​ទឹក​ស្អាត​។

ទន្ទឹម​នឹង​កា​រអភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​រូបវន្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តម្រូវការ​ទឹក​ស្អាត​ក្នុង​ខេត្ត​ពោធិ៍​សាត់​មាន​ការ​កើន​ឡើង​ជា​លំដាប់​។ រដ្ឋាក​រទឹក​ស្វយ័ត​ពោធិ៍​សាត់​ដែល​ជា​ស្ថាប័នរ​ដ្ឋ​ទទួល​បន្ទុក​ផ្គ​ត់ផ្គង់​ទឹ​កស្អាត​ក្នុង​ខេត្ត​បាន​ឆ្លើយ​តប​ទៅនឹ​ង​កំណើន​នៃ​តម្រូវកា​រ​នេះ​ដោយ​បង្កើន​សមត្ថភា​ព​ផលិត​ទឹក​ស្អាត​របស់​ខ្លួន​តាមរ​យៈ​ការស​ម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​នេះ​។


ក្រោម​គម្រោង​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន​តាម​រយៈ​ទីភ្នា​ក់ងារ​ (JICA) ក្នុង​ចំនួន​ទឹកប្រាក់​សរុប​២ ៤០៥​លាន​យ៉េន​(​ប្រហែល​២២,២​លាន​ដុល្លារ​អាមេរិក​) គម្រោង​នេះ​ប្រើ​ពេល​សា​ងសង់​ចំនួន​២៤​ខែ​ ចាប់ពី​ខែ​សីហា ​ឆ្នាំ​២០២១ ​ដល់​ខែ​សីហា​ឆ្នាំ​២០២៣ ​ដោយ​រួម​មាន ​រោង​ចក្រ​ផលិត​ទឹក​ស្អាត និង​អគារ​រដ្ឋ​បាល​មួយ​ដែល​នឹង​រួម​ចំណែក​ដល់​ការលើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាត​ក្នុង​ខេត្ត​ពោធិ៍​សាត់​ជា​រួម​។

រោង​ចក្រ​ផលិត​ទឹក​ស្អាត​កម្ពុជា​-​ជប៉ុន​ក្រុង​ពោធិ៍​សាត់​ដែល​មាន​សមត្ថ​ភាព​ផលិត​៦ ​៦០០​ម៉ែត្រ​គុប​ក្នុង​១​ថ្ងៃ​នេះ​នឹង​ជំរុញ​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​របស់​រដ្ឋាក​រទឹក​ពោធិ៍​សាត់​ដល់​១៣ ​៨៦០​ម៉ែត្រ​គុប​ក្នុង​១​ថ្ងៃ​។ ជា​មួយ​នឹង​បណ្តាញ​ចែក​ចាយ​ទឹក​ប្រវែង​២៤៧​គីឡូ​ម៉ែត្រ​ រដ្ឋាករ​ទឹក​ពោធិ៍​សាត់​នឹង​អាច​ចែក​ចាយ​ទឹក​ស្អាត​ប្រកប​ដោយ​គុណ​ភាព​សុវត្ថិ​ភាព​ និរន្តរ​ភាព​និង​តម្លៃ​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ​ជាង​១៥ ​០០០​គ្រួសារ​នៅ​ក្នុង​ក្រុង​ពោធិ៍​សាត់​និង​ផ្នែក​ខ្លះ​នៃ​ស្រុក​បា​កាន​និង​ស្រុក​កណ្តៀង​ផង​ដែរ​។​

ក្រសួង​បាន​បញ្ជាក់​ថា​ សមិទ្ធ​ផល​ដ៏​សំខាន់​នេះ​មិន​ត្រឹមតែ​ដោះ​ស្រាយ​តម្រូវ​ការ​ទឹក​ស្អាត​បន្ទាន់​របស់​សហ​គម​ន៍​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​គាំទ្រ​ដល់​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០​របស់​កម្ពុជា​ផងដែរ​។ ជា​មួយ​នឹង​សមិទ្ធ​ផល​នេះ​ខេត្ត​ពោធិ៍​សាត់​ក៏​នឹង​មាន​លក្ខ​ណស​ម្បត្តិ​កាន់​តែ​ប្រសើ​រ​ក្នុងការ​ទាក់​ទាញ​ការវិនិ​យោគ​បន្ថែម​ដែល​រួម​ចំណែក​ដល់​ការអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​សុខុ​មាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​៕