​បន្ទាយ​មាន​ជ័​យៈ លោក មុត​ រ៉េ​ន អាយុ​ជាង ៥០ ​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​បង់បត់​ខាងលិច ឃុំ​បត់​​ត្រង់ ស្រុក​មង្គលបុរី បាន​និយាយថា​៖ «​កាល​ឆ្នាំទៅ​មិញ​អ្នក​ដែល​គ្មាន​ស្រះ​បម្រុង គ្មាន​អី គាត់​អត់​ធ្វើ​ស្រូវប្រាំង​ទេ ដល់ពេល​ឥឡូវ​ស្រូវ​បាន​ថ្លៃ កសិករ​សម្រុក​ធ្វើ​ច្រើន​ឆ្នាំនេះ​»​។


លោក មុត រ៉េ​ន កំពុង​ធ្វើ​ស្រូវប្រដេញទឹក លើ​ផ្ទៃដី​ជាង​ ២​ ហិកតា ដែល​ទើប​ស្ទូង​រួចហើយ​បាន​កន្លះ​ខែ ខណៈ​កសិករ​ដទៃទៀត​ទើប​ធ្វើការ​សាបព្រោះ និង​ខ្លះទៀត​ទើប​ស្ទូង​បាន​ ១ ​ខែ​។  

​កសិករ​រូបនេះ​ឱ្យដឹងថា ស្រូវ​មានតម្លៃ​ខ្ពស់​បានធ្វើឱ្យ​ប្រជាកសិករ​មួយចំនួន ដែល​ធ្លាប់តែ​ដាំ​ដុះ​បន្លែ បែរជា​នាំគ្នា​មក​ធ្វើ​ស្រូវប្រាំង​វិញ ខណៈ​អ្នកខ្លះ​ទៀត​ដែល​មិនសូវ​ធ្លាប់ធ្វើ​ផង​នោះ ក៏បាន​ឆ្លៀត​ដាំ​ដុះ​ស្រូវ​​ប្រាំង​នេះដែរ​។​


​បច្ចុប្បន្ន​ការធ្វើ​ស្រូវប្រាំង នៅ​ភូមិ​បង់បត់​ខាងលិច មិនទាន់មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការខ្វះ​ទឹក​ទេ ទោះបីជា​ទឹក​ប្រឡាយ​ត្រូវបាន​កសិករ​ទាញយក​ប្រើប្រាស់​អស់ ប៉ុន្តែ​នៅមាន ទឹកស្រះ​បម្រុង តាម​ស្រែ​មួយចំនួន និង​មាន​ទាំង​បឹង​ធំៗ​ជាច្រើន​ដែល​អំណោយ​ផល​ដល់​ការដាំដុះ​សម្រាប់​អ្នក​នៅ​ជិត​ប្រភពទឹក​។ យ៉ាងណាក្តី​អ្នក​ដាំ​ដុះ​នៅ​ជិត​ប្រភព​ទឹកបាន​ដណ្តើម​គ្នា​យក​ទឹក​ប្រឡាយ​ប្រើ​​ប្រាស់​អស់ ដែល​អាច​បណ្តាលឱ្យ​ការដាំដុះ​របស់​ប្រជាកសិករ​ដែល​នៅ​ឆ្ងាយៗ​មាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​។

​លោក​រ៉េ​ន​និយាយថា​៖​ «​ឥឡូវ​នៅ​ភូមិ​ខ្ញុំ​នេះ​មើលទៅ​ដូចជា​មិន អី​ទេ​រឿង​បញ្ហា​ខ្វះ​ទឹក​ស្រោច​ស្រព​ព្រោះ​មាន​បឹង​ធំៗ​ ៤-៥ ឯ​​ណោះ ថែមទាំង​មាន​ស្រះ​បម្រុង​តាម​ស្រែ​ផង ប៉ុន្តែ​អ្នក​នៅ​ឆ្ងាយៗ​អាច​ប្រឈម​ខ្វះ​ទឹក ព្រោះ​ទឹកបាន​មកពី​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ត្រូវបាន​ប្រើ​អស់ហើយ​»​។  


​លោក​ ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ​ថ្លែងថា ការ​សម្រុក​ដាំ​ដុះ​ស្រូវប្រាំង​របស់​កសិករ​នា​ពេលនេះ​បានធ្វើ​លើស​ផែនការ​កំណត់​ទ្វេដង ដែល​អាច​បណ្តាលឱ្យមាន​ការ​ប្រឈម នឹង​ការខ្វះ​ទឹក​សម្រាប់​ស្រោច​ស្រព​នាពេលខាងមុខ​។ តាម​ស្ថានភាព​ទឹក គឺអាច​ស្រោចស្រព​ផ្ទៃដី​ស្រូវប្រដេញទឹក និង​ស្រូវប្រាំង​បានតែ​ ២ ​ម៉ឺន​ ៥ ​ពាន់​ហិកតា​សម្រាប់​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ជាក់​ស្តែង​ប្រជាកសិករ​បាន​ដាំ​ដុះ​រហូតដល់​ជាង​ ៥​ ម៉ឺន​ហិកតា​។​

​លោក​ប្រធាន​មន្ទីរ​ឱ្យដឹងទៀតថា ស្រូវ​មានតម្លៃ​ខ្ពស់​ទើប​ធ្វើឱ្យ​ប្រជាកសិករ​សម្រុក​ធ្វើ​ការដាំដុះ ហើយ​មន្ត្រី​ជំនាញ​ពិបាក​ក្នុងការ​ណែ​នាំឱ្យ​ពួកគាត់ ធ្វើឱ្យ​ត្រូវ​តាម​ផែន​ការដែល​បានកំណត់ ជាពិសេស​នៅ​កន្លែង​ដែលមាន​ប្រភពទឹក​។ ប្រជាពលរដ្ឋ គួរតែ​ឆ្លាត​វៃ​ក្នុង​ការដាំដុះ ដោយ​ប្រមើលមើល​ស្ថានភាព​ទឹក​ជាក់ស្តែង​ធ្វើ​យ៉ាង​ណា​កុំឱ្យ​ជួប​បញ្ហា​ខ្វះខាត​ទឹក នាំឱ្យ​ខាតបង់ ព្រោះ​ជួនកាល​ទឹក​មាន​គ្រប់​គ្រាន់តែ​ពេល​ចាប់​ផ្តើមធ្វើ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ចុងដៃ​អាច​នឹង​អស់​ទឹក​។ 

​បើសិនជា​ប្រជាកសិករ​បញ្ចប់​ការធ្វើ​ស្រូវប្រាំង​ត្រឹម​អ្វីដែល​បានធ្វើ​ហើយ​ពេលនេះ អាច​នឹង​មិនមាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ទេ ប៉ុន្តែ​បើ​ប្រជា​​ពលរដ្ឋ​នៅតែ​បន្តធ្វើ​បន្ថែម ១​ លើក​ហើយ​ ១ ​លើក​ទៀត​រហូត​នោះ ប្រាកដជា​ជួប​បញ្ហា​ខ្វះខាត​ទឹក​នៅពេល​ខាងមុខ​។​

​លោក​ ប៉ាង វណ្ណា​សេដ្ឋ ថ្លែងថា​៖«​ការពិត​មិនជា​ខ្វះ ​[​ទឹក​]​ អ្វី​ទេ កាលបើ​គាត់​ធ្វើតាម​ទម្លាប់​របស់គាត់ ប៉ុន្តែ​គាត់​ប្រែ​ទម្លាប់ កន្លែង​ខ្លះ​គាត់​អត់​ដែល​សូវ​ធ្វើ​ស្រូវប្រាំង​ហ្នឹង​ទេ ដល់​ឃើញ​គេ​ធ្វើបាន​គាត់​ងាក​មក​ធ្វើ​វិញ​»​។  

​យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា តម្លៃ​ស្រូវ​សើម​ជា​មធ្យម​ក្នុង​ ១ ​គីឡូក្រាម គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ខេត្ត​បាត់​ដំបង​ស្រូវ​សែន​ក្រអូប​មានតម្លៃ ១ ៣៥០ ​រៀល ស្រូវ​អូ​អឹម​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ បាត់ដំបង តាកែវ និង​ព្រៃវែង​មានតម្លៃ​ចន្លោះ​ ១ ៣៥០ ​រៀល ទៅ ១ ៤០០​ រៀល ស្រូវ​អ៊ី​អ៊ែ នៅ​ខេត្តកំពង់ចាម កំពង់ធំ និង​ខេត្តតាកែវ​មានតម្លៃ​ពី ១ ៣៨០ ​រៀល ទៅ ១ ៤០០​ រៀល ខណៈ​ស្រូវស្រងែ​នៅ​ខេត្តបាត់ដំបង​មានតម្លៃ ១ ៣២៥​ រៀល​។​

​លោក​ ឡាយ សុធី អនុប្រធានមន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា មូលដ្ឋាន​ឃុំ​ស្រុក​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ប្រព័ន្ធធារាសាស្ត្រ អាង​ស្តុក​ទឹក តូចធំ ប្រឡាយ សំណង់​ជាច្រើន​កន្លែង​ដែល​ត្រូវបាន​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ស្រោច​ស្រព​លើ​ដំណាំ​ស្រូវវស្សា ស្រូវ​ប្រាំង និង​ដំណាំ​ផ្សេងៗ​ទៀត បាន​គ្រប់គ្រាន់​។

​សម្រាប់​ការធ្វើ​ស្រូវប្រដេញទឹក និង​ស្រូវប្រាំង មន្ទីរជំនាញ​ធន​ធាន​ទឹកបាន​កំណត់​ផែនការ​បង្ក​បង្កើន​ផល​តែ​ ១ ​លើក​ប៉ុណ្ណោះ លើ​ផ្ទៃដី ២​ ម៉ឺន​ហិកតា​នៅ​ទូទាំង​ខេត្ត ដើម្បី​ធានា​កុំ​ឱ្យមាន​បញ្ហា​ខ្វះ​ទឹក​។

លោក​ថ្លែងថា​៖ «​បើសិន​ជា​ប្រជាពលរដ្ឋ​ធ្វើ​លើស​ផែនការ យើង​ក៏​ពិបាក​ក្នុង​ការជួយ​ពួក​គាត់​ដែរ ពីព្រោះ​យើង​មានទឹក តែ​នៅក្នុង​គម្រោង​ដែល​យើង​បាន​វេច​ខ្ចប់​ទុក​»​។​

​ក្រៅពី​ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ក៏មាន​ការធ្វើ​ស្រូវប្រាំង​លើស​ផែនការ​នៃ​ប្រភពទឹក​ផងដែរ​។ នេះ​បើតាម​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​ទឹក​ស្តុក​សម្រាប់​បង្កបង្កើនផល​ស្រូវប្រាំង​នៅក្នុង​ខេត្តពោធិ៍សាត់​មាន​សម្រាប់តែ​ផ្ទៃដី ២ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាកសិករ​បានធ្វើ​ស្រែប្រាំង​រហូតដល់​ ៤៣ ០០០​ ហិកតា​។

លោក​អភិបាលខេត្ត​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ការ​​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ពេលបច្ចុប្បន្ន លែង​ប្រកាន់​រដូវ​ទៀតហើយ ពេលនេះ​អាជ្ញាធរ​របស់​យើង​ក៏​មមាញឹក​ក្នុងការ​​ដោះស្រាយ​ទឹក​ផងដែរ ព្រោះ​ការ​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​លើស​ផែនការ​នៃ​ប្រភពទឹក​ដែលមាន​ក្នុង​អាង​ស្តុក​»​។​

​ដើម្បី​កុំឱ្យ​មានការ​អន្តរាយ​ដល់​ដំណាំ​ស្រូវ នៅពេល​ជួប​បញ្ហា​ខ្វះខាត​ទឹក​លោក​ខូ​យ រី​ដា បាន​អំពាវនាវ ដល់​ប្រជា​​ពលរដ្ឋ​កុំ​ធ្វើ​ការដាំដុះ​ស្រូវប្រាំង​រហូតដល់​ ៣ ​ដង ព្រោះ​មិនមាន​ប្រភពទឹក​សម្រាប់​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ទេ​។​

​លោក ហៃ ធូ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា ជាការ​ពិតណាស់​កា​រស​ម្រុ​ក​ធ្វើ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​បន្តបន្ទាប់​ ១ ​លើក​ហើយ ថែម ​១ ​លើក​ទៀត​ក្នុងឆ្នាំនេះ​ដោយសារ​ស្រូវ​មានតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​។ យ៉ាងណាក៏ដោយ គិត​ត្រឹម​ចុង​​ខែធ្នូ​ឆ្នាំ​ ២០២៣ ​នេះ​ខេត្ត​ពោធិ៍​សាត់​មិនទាន់មាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ទេ ប៉ុន្តែ​បើសិន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​សម្រុក​ធ្វើ​ថែមទៀត អាច​នឹង​បណ្តាលឱ្យមាន​បញ្ហា​ខ្វះខាត​ទឹក ដោយ​ចៀស​មិន​ផុត​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ហើយ​បាន​ឯកឧត្តម​អភិបាល​​ខេត្ត និង​ខាង​មន្ទីរ​ជម្រាប​ទៅ​ក្រុង​ស្រុក ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ច្រូត​ហើយ​ធ្វើ​ទៀត ខ្លាច​អស់​ទឹក​ប្រើប្រាស់​»​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាល​​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ថ្លែងថា ប្រជាពលរដ្ឋ​សម្រុក​នាំគ្នា​ធ្វើ​ស្រូវប្រាំង​លើស ផែនការ​កំណត់​ជាហេតុ​នាំឱ្យមាន​ការខ្វះខាត​ទឹក​សម្រាប់​ស្រោច​ស្រព​នៅ​តំបន់​មួយចំនួន ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បានធ្វើ​ការសម្រួល​ដោះស្រាយ​ជា​បន្ត​បន្ទាប់​។ អាជ្ញាធរខេត្ត​បាត់ដំបង​តែង​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​សន្សំសំចៃ​ទឹក ដើម្បី​កុំឱ្យ​មានការ​ពិបាក​នៅពេល​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​យើង​តែងមាន​ការ​ក្រើនរំឭក​ជាប្រចាំ​មិន​ចាំ​ដល់​មានការ​ណែនាំ​ពី​ក្រសួង​ទេ ព្រោះ​យើង​ដឹងថា មូលដ្ឋាន​ភូមិសាស្ត្រ​ស្រុក​យើង តែងតែមាន​ស្រុក​មួយចំនួន​មានការ​រាំងស្ងួត​ជារឿយៗ​ដូចជា​នៅ​ស្រុក​កោះ​ក្រឡ រុក្ខ​គិរី និង​មោងឫស្សី​»​។

​លោក​ មូល សុភ​ត្ត អាយុ​ ៥៨ ​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​-​ឃុំ​ដូន​បា ស្រុក​កោះ​ក្រឡ ខេត្ត​បាត់ដំបង ប្រាប់ថា ចំពោះ​ការ​ប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​សម្រាប់​ផឹក ងូត ដាំ​ស្ល ហូបចុក​ទំនង​មិនមាន​បញ្ហា​ចោទ​ទេ ដោយ​​សារ​បច្ចុប្បន្ន ស្រះ ត្រពាំង និង​បឹង​តាម​ភូមិ​មានទឹក​ពេញៗ ព្រម​​ទាំង​មាន​ប្រព័ន្ធ​ទឹកស្អាត​ផង​។ យ៉ាងណាក្តី ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូន​បា មិន​បានធ្វើ​ស្រូវប្រាំង​ទេ ព្រោះ​គ្មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​។ 

​លោក​ថ្លែងថា​៖ «​ទឹកស្រះ​ទឹក​ត្រពាំង​តាម​ភូមិ​ដែល​យើង​មាន​នេះ ប្រជា​ពល​​រដ្ឋ​ខ្លះ​គាត់​ដាំ​បន្លែ ដូចជា ស្ពៃ ត្រសក់ សណ្តែក ជាដើម ដែល​ប្រហែលជា​អាច​ទ្រទ្រង់​ការ​ស្រោចស្រព​ដល់​ពាក់កណ្តាល​ខែមេសា​ខាងមុខ​ក្រែងលោ​មាន​ភ្លៀង​មានអី​មក​ខ្លះ​គ្រាន់​ជួយ​យោងគ្នា​បន្តបាន តែបើ​ដល់​ពេលនោះ​អត់​មាន​ភ្លៀង​ទេ អាហ្នឹង​អាច​នឹងមាន​បញ្ហា​ខ្វះ​ទឹក​ហើយ​»​។​

​លោក​ ឌឿ​ក សឺ​ន អាយុ​ ៥៥​ ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​-​ឃុំ​ធិបតី ស្រុក​កោះ​ក្រឡ ថ្លែងថា លោក​មាន​ដីស្រែ​ជាង ​២​ ហិកតា​បានធ្វើ​ស្រូវប្រាំង​២​លើក​រួចមកហើយ និង​កំពុង​ធ្វើ​លើក​ទី​៣ ​រួចរាល់​បាន​ ១ ​ខែ​ហើយ​ដែរ​ហេតុនេះ​នៅសល់​រយៈពេល​តែ​ប្រមាណ​ ១ ​ខែ​កន្លះ​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​ប្រមូល​ផល​។ ការធ្វើ​ស្រូវប្រាំង​ឆ្នាំនេះ មានការ​​រូតរះ​ធ្វើ​លឿន​មិន​ដំអក់​ឡើយ ព្រោះ​តាម​ការជូនដំណឹង​រប​ស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថា អាច​នឹងមាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។  

​កសិករ​រូបនេះ​ប្រាប់ទៀតថា លោក​មិនសូវមាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ទឹក​ប៉ុន្មាន​ទេ ដោយ​​សារ​តែ​ដីស្រែ​របស់លោក​នៅ​ជិត​ប្រឡាយទឹក ប៉ុន្តែ​អ្នក​ដែល​នៅ​ឆ្ងាយៗ ពី​ប្រឡាយទឹក​ចាប់ពី​ប្រមាណ​ ៥ ​គីឡូម៉ែត្រ​ឡើងទៅ អាច​មានការ​ប្រឈម​ខ្វះ​ទឹក​ដោយ​​សារ​អ្នក​នៅ​ជិតៗ យក​ទឹក​ប្រើ​អស់​។

លោក​ថ្លែងថា​៖ «​ប៉ុន្មាន​ថ្ងៃមុន អ្នក​នៅ​ឆ្ងាយៗ​ជួប​បញ្ហា​ដាច់ទឹក​ស្រោចស្រព ដោយសារ​អ្នក​មុខ​បូម​យក​ប្រើ​អស់ ប៉ុន្តែ​ឥឡូវ​មានទឹក​វិញ​ហើយ អ៊ីចឹង​ពេលនេះ​ទឹក​នៅមាន តែ​អ្នក​នៅ​ឆ្ងាយៗ​ទទួលបាន​យឺត​ហើយ​ទៅ​ថ្ងៃមុខ​អាច​នឹង​កាន់តែ​យឺត​ថែមទៀត ព្រោះ​ម្នាក់ៗ​កាន់តែ​ត្រូវការ​ទឹក​ប្រើប្រាស់​»​។​

​លោក ឈឹម វជី​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​ថ្លែងថា ពលរដ្ឋ​បានធ្វើ​ស្រូវប្រាំង​ជាង ​៥ ​ម៉ឺន​ហិកតា​ ដែល​ចំនួន​នេះ​លើស​ផែនការ​ផ្គត់ផ្គង់​ទឹក​ដែលមាន​សម្រាប់តែ​ផ្ទៃដី​ជាង​ ២ ម៉ឺន​ហិ​ក​តា​។

ទោះជា​មានការ​ដាំ​លើស​ផែនការ តែបើ​ការដាំដុះ​បាន​លឿន​រហ័ស​ជាង​ឆ្នាំមុនៗ ដែល​ប្រជាពលរដ្ឋ​នៅក្បែរ​ប្រភពទឹក​អាច​នឹងធ្វើ​ហើយ​រួចរាល់​នៅ​ដំណាច់​ខែមករា ឆ្នាំ​ ២០២៤ នោះ​អាច​នឹង​មិនមាន​បញ្ហា​ទេ​។

លោក ចាន់ យុ​ត្ថា រដ្ឋលេខា​ធិ​ការ​ក្រសួង​ធនធានទឹក និង​ឧតុនិយមឱ្យដឹងថា វិធានការ​របស់​ក្រសួង​គឺ​ធ្វើយ៉ាងណា​រក្សា​ប្រភពទឹក​ដែលមាន​ក្រោយ​ចប់​រដូវវស្សា​ឱ្យបាន​គត់មត់​បំផុត​ហើយ​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ក្នុងនោះ​ទី​១ អាទិភាព​ទឹក​សម្រាប់​ប្រើ​​ប្រាស់​ប្រចាំថ្ងៃ ចៀសវាង​ការខ្វះ​ទឹក​ប្រើប្រាស់​។​

​ចំណែក​ទី​២ ​គឺ​ផ្តល់​អាទិភាព​ចម្បង​ទៅលើ​ការ​​ដាំ​ដុះ​ជាពិសេស​គឺ​ដំណាំ​ស្រូវ​​ប្រាំង ប៉ុន្តែ​ត្រូវធ្វើ​ទៅតាម​ផែនការ​ដែល​បានកំណត់​។ អាជ្ញាធរ​​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ព័​ត៌​​មាន​ដល់​ប្រជាកសិករ​បាន​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ដោយសារ​តម្លៃ​ស្រូវ​ឆ្នាំនេះ​ឡើង​ខ្ពស់​កម្រ​ជួបប្រទះ បានធ្វើឱ្យ​ប្រជាកសិករ​ច្រូត​ហើយ​បន្តធ្វើ​ស្រូវ​បន្ថែមទៀត​មិន​ឈប់​ហេតុនេះ​បញ្ហា​ប្រឈម​ការ​ខ្វះ​ទឹកនឹង​កើតមាន​ដោយ​ចៀស​មិន​ផុត នៅ​ទីតាំង​ដែល​ដាំ​លើស​ផែនការ​ច្រើន​នោះ​។ 

​ជា​ដំណោះ​​ស្រាយ​លើ​បញ្ហា​នេះ ក្រសួង​ធន​ធាន​ទឹកនឹង​ធ្វើយ៉ាងណា​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​ក្នុងការ​បញ្ជូន​ទឹក​ទៅ​កន្លែង​ដែល​ខ្វះ​ប្រសិនបើ​មាន​ប្រភពទឹក​អំណោយផល​ទៅបាន​។

បើតាម លោក ចាន់​យុ​ត្ថា ផ្ទៃដី​បង្កបង្កើនផល​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​ធ្លាប់​ជួ​បញ្ហា​ខ្វះខាត​ទឹក​ស្រោច​​ស្រព មន្ត្រី​ជំនាញ​ធ្លាប់បាន​យក​ទឹក​ពី​ទំនប់​ពហុ​បំណង​ក្នុងស្រុក​រតនមណ្ឌល​ចម្ងាយ​ជាង​ ១០០​ គីឡូម៉ែត្រ ទៅ​ស្រោចស្រព​បាន​ដោយ​ជោគជ័យ ព្រោះ​មាន​ប្រភពទឹក ប៉ុន្តែ​បើសិន​គ្មាន​ប្រភពទឹក​ក៏​មិនអាច​នាំ​ទឹក​ទៅបាន​ដែរ​។​

​លោក​ថ្លែងថា​៖​​ «​បើសិន​ជាមាន​ប្រភពទឹក ទោះបី​ចម្ងាយ​ណាក៏ដោយ ក៏​យើង​នៅតែ​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​បញ្ជូន លើក​​លែង​តែ​ប្រភពទឹក​ត្រូវបាន​ប្រើ​ប្រាស់​អស់ អាហ្នឹង​គឺ​យើង​មិនដឹងថា ត្រូវយក​ទឹក​ពី​ណា​មក​ទេ​»​។

​លោក​បញ្ជាក់ថា ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំមាន​អាង​ស្តុក​ទឹកធំៗ​ជាច្រើន​ដែលជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​នៅលើ​ដងស្ទឹង​សែន​ពីមុន​មិន​ដែលមាន​ប្រភពទឹក​ទេ ប៉ុន្តែ​ពេលនេះ​ក្រសួង​បាន​សាង​​សង់​អាង​រក្សា​ទឹក​រួចហើយ​ដែលមាន​សមត្ថភាព​ស្តុក​ទឹក​រហូតដល់​ជាង ២ ​រយ​លាន​ម៉ែត្រ​គុប​ឯណោះ​៕