ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា ផ្ដើម​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ការ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-ឈ្នះ និង​ខួប​ ៥​ ឆ្នាំ​នៃ​ការកសាង​វិមាន​ឈ្នះ​-​ឈ្នះ ចាប់ពី​ថ្ងៃទី​ ២៩ ឆ្នាំ​ ២០២៣ ចំនួន ​៣ ​ថ្ងៃ​។ ការរៀបចំ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា រយៈពេល​ ២៥​ ឆ្នាំ​មកនេះ​កម្ពុជា​រស់នៅក្នុង​សុខសន្តិភាព បន្ទាប់​ពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ឆ្នាំ​ ១៩៩៨ របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​។


​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ពិធី​នេះ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​ ២៩-៣១ ​ខែធ្នូ ឆ្នាំ ​២០២៣ ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ ស្ថិតនៅ​ភូមិ​ព្រែក​តាសេក សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ ​២០២៣ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​​អនុស្សាវរីយ៍​លើក​ទី២៥ នៃ​ការ​​សម្រេចបាន​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ២៩ ​ធ្នូ​ ១៩៩៨-២៩ ធ្នូ​ ២០២៣​។​


​លោក​បន្តទៀតថា​៖ «​ផល​លាភ​ដែល​កើតមាន​រហូតមកដល់​ថ្ងៃនេះ គឺ​បាន​ពី​ការបញ្ចប់​សង្គ្រាម​កាលពី​ ២៥ ​ឆ្នាំមុន ហើយ​បន្ត​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​រហូតដល់​ពេល​បច្ចុប្បន្ន​។ យើង​ត្រូវដាក់​ទិសដៅ​ថា អ្វីដែល​មាន​ដូច​សព្វថ្ងៃនេះ ត្រូវតែ​ធានា​កុំឱ្យ​ថយ​ទៅរក​ស្ថានភាព​សង្គ្រាម​កាលពី​៤០​ឆ្នាំមុន ពោលគឺ​ត្រូវ​ធានា​សុខសន្តិភាព​ឱ្យបាន​ជាដាច់ខាត​»​។​

​លោក​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​ គ្រប់​ទីកន្លែង​គឺ​សុទ្ធតែ​ធ្លា​ប់រង​ទុក្ខ​ដោយសារ​សង្គ្រាម ប្រជាពលរដ្ឋ​រស់​នៅ​វេទនា​ជូរចត់​កាលពី​ជំនាន់​ខ្មែរ​ក្រហម​។ នេះ​គឺជា​សច្ចភាព​នៃ​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា ដែល​យើង​គ្រប់គ្នា​ត្រូវ​ចងចាំ និង​ត្រូវ​ចៀសវាង​កុំឱ្យ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នោះ​ត្រឡប់មក​កើតមាន​ម្ដងទៀត​»​។​


​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា ការ​លើកឡើង​ពី​ប្រវត្តិសាស្ត្រ ប្រវត្តិ​សង្គ្រាម​កាលពី​អតីតកាល​នេះ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​ពី​ប្រវត្តិ​​សាស្ត្រ ហើយ​ប្រៀបធៀប​មកដល់​ពេលបច្ចុប្បន្ន​ថា ប្រទេស​កម្ពុជា​ ដើរ​ដល់​ណា​ហើយ​។

ការនិយាយ​ពី​ប្រវត្តិ​សាស្ត្រ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ពី​មោទនភាព​ថា ខ្មែរ​បាន​រួបរួមសាមគ្គី​គ្នា​កសាង​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ក្នុង​ភ្លើងសង្គ្រាម រហូត​បាន​រីកចម្រើន​មកដល់​ចំណុច​នេះ ទោះបី​មិនបាន​ដូច​មហា​ប្រទេស​នៅលើ​សកលលោក​ក៏ដោយ​។ ម្យ៉ាងទៀត​ក៏​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សុខ​សន្តិ​ភាព​ឱ្យខាងតែបាន ដើម្បី​បន្ត​ការ​អភិ​​វ​ឌ្ឍ​រីកចម្រើន​ត​ទៅមុខទៀត​។​

​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ក៏​ធ្លាប់​បានលើកឡើង​ក្នុងអំឡុងពេល​សម្ភោ​ធ វិមាន ឈ្នះ ឈ្នះ​កាលពី​ឆ្នាំ​ ២០១៨ ​ដែរ​ថា សង្គ្រាម​បាន​ផ្តើមឡើង​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​ ១៩៧០ ហើយ​បាន​រំដោះ​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី ​៧ មករា ឆ្នាំ​ ១៩៧៩ ក៏ពិតមែន ប៉ុន្តែ​ពេលនោះ កម្ពុជា​មិនទាន់​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​នៅឡើយ​ទេ គឺ​នៅមាន​ពួក​ខ្មែរក្រហម មាន​តំបន់​ត្រួតត្រា​ច្រើន និង​ពោរពេញ​ដោយ​គ្រោះថ្នាក់​ជាច្រើន​កន្លែង​ដូចជា តំបន់​ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱ​រ៉ា​ល់ តា​កែន​កោះស្លា និង​ភ្នំ​វ​ល៌្ល​ជាដើម​។ 

​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​នយោបាយ ឈ្នះ ឈ្នះ ដែល​ទទួលបាន គឺ​បាន​បញ្ចា​ប់​សង្គ្រាម​ប្រដាប់អាវុធ​ទាំងស្រុង​លែងមាន​តទៅទៀត​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដំណើរការ​នៃ​ការបញ្ចប់​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តំបន់​គ្រប់គ្រង​ដោយ​អតីត​ខ្មែរក្រហម​ចាប់ពី​ដើមឆ្នាំ​ ១៩៩៦ ដល់​ចុងឆ្នាំ​ ១៩៩៨ គឺ​មិនមាន​ការប្រើប្រាស់​អាវុធ ហើយក៏​មិនមាន​មនុស្ស​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ដែរ​។

ជា​ប្រវត្តិ​​សាស្ត្រ​នៃ​ការឯកភាព​ទឹកដី បញ្ចប់​នូវ​តំបន់​ត្រួតត្រា​ច្រើន​មកជា​តំបន់​ត្រួត​ត្រាតែ​១ មាន​ព្រះមហាក្សត្រ​តែ​ ១ មាន​រដ្ឋធម្មនុញ្ញ​តែ​ ១ មាន​រាជ​រដ្ឋាភិបាល​តែ​ ១ និង​មាន​កងកម្លាំង​តែ​ ១ ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ទទួលបាន​នូវ​ការ​អភិ​វ​ឌ្ឍ​គ្រប់​វិស័យ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​សមរភូមិ​ប្រយុទ្ធ និង​ទីកន្លែង​សមរភូមិ​ក្តៅ លែងមាន​ការព្រួយបារម្ភ​រឿង​សង្គ្រាម និង​លែង​ព្រួយបារម្ភ​រស់នៅ​ព្រាត់ប្រាស់​គ្នា​រវាង​ប្តី ប្រពន្ធ និង​កូន​ទៀតហើយ​។

កម្ពុជា គឺជា​ប្រទេស​ដែល​ទទួលបាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​បាន​ឈាន​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​ដែលមាន​ប្រាក់​ចំ​ណូ​ល​មធ្យម​កម្រិត​ទាប និង​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ ហើយនឹង​ឆ្ពោះទៅកាន់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក ថោង ម៉េង​ដាវី​ដ ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី ​(AVI) ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​ធ្លាក់​ក្នុង​អស្ថិរភាព អសន្តិសុខ សង្គ្រាមស៊ីវិល​ជាច្រើន​ជំនាន់​ជាពិសេស​ចាប់តាំងពី​ទសវត្សរ៍​ទី​ ៧០ ​មក​។ 

​លោក​ថា​៖ «​ក្រោម​ការ​​ពលី​របស់​សម្តេច ហ៊ុន សែន ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ជា​ស្ថាបនិក​ឯក​នយោបាយ​ឈ្នះ​-ឈ្នះ សម្តេច​បានបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​បាន​ធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច​និង​នយោបាយ​ជាតិ​ប្រកបដោយ​ចីរភាព​»​។ 

​លោក​ថា ក្រោយ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ដោយ​វិមាន​ឈ្នះ​ឈ្នះ​ត្រូវបាន​កសាង​និង​ក្លាយជា​សម្បត្តិ​សាធារណៈ ជា​អត្ត​សញ្ញាណ​នៃ​វប្បធម៌ រួមចំណែក​ចែក​រំលែក​ភាព​កតញ្ញូ និង​សុខដុម​នី​យ​កម្ម​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​បាន​ក្លាយជា​កន្លែង​សិក្សា​ស្វែងយល់​ពី​តម្លៃ​នៃ​សន្តិភាព​៕

វង្ស ដា​រា​វ៉ា​ឌី​