​ភ្នំពេញៈ ក្រសួង​ព័ត៌មាន​គ្រោង​រៀបចំ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នាពេលខាងមុខ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​សាយភាយ នៃ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អ​ស្នា​រិ​ទ្ធ នា​ថ្ងៃទី ​​២៨ ​ ខែធ្នូ​ឆ្នាំ​ ២០២៣​។​


​លោក​ អ​ស្នា​រិ​ទ្ធ​ បញ្ជាក់ថា​៖ «​ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ Zero Fake News Campaign នៅពេល​ខាងមុខ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​ផ្តោតលើ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​និង​លើកកម្ពស់​ចំណេះ​ដឹង​សាធារណៈ​តាមរយៈ​ការផ្សព្វផ្សាយ​ដើម្បី​បង្កើន​ការយល់​ដឹង​របស់​ពលរដ្ឋ​អំពី​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ ក៏ដូចជា​វិធានការ​នានា​ក្នុងការ​ទប់ស្កាត់​ការ​សាយភាយ​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​»​។​

​យុទ្ធនាការ​នេះ​នឹងមាន​ការចូលរួម​ពី​តួអង្គ​ពាក់​ព័ន្ធ​សំខាន់ៗ​ផងដែរ ប៉ុន្តែ​ព័ត៌មាន​បន្ថែម​ពី​យុទ្ធនាការ​នេះ​មិនទាន់​ត្រូវបាន​ឱ្យដឹង​នោះទេ​។


លោក អ​ស្នា​រិ​ទ្ធ​ លើកឡើងថា នាពេល​បច្ចុប្បននេះ ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​បាន​បង្ក​ភាព​ងាយ​​ស្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​និង​ទទួលបាន​នូវ​ព័ត៌មាន​នានា ជាពិសេស​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​រាប់បញ្ចូល​ទាំង​ការផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត និង​បណ្តាញ​សង្គម​គ្រប់​ប្រភេទ​ដែល​បាន​រីកដុះដាល​ឡើង​យ៉ាងខ្លាំង​។ 

​យ៉ាងណាក៏ដោយ​ទន្ទឹមនឹង​ការផ្តល់​ភាពងាយស្រួល​នេះ គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​បាននិងកំពុង​ជះឥទ្ធិពល​និង​ផលវិបាក​មកលើ​សង្គម​រស់នៅ​ផងដែរ ពោលគឺ​ព័ត៌មាន​ក្លែងក្លាយ​អាច​បង្ក​ភាព​ចលាចល​អាចឱ្យ​សង្គម​មាន​ភាព​ច្របូកច្របល់ ដែលនាំឱ្យ​មានការ​បាត់បង់​ជំនឿ​ទុកចិត្ត​ក្នុងសង្គម ពលរដ្ឋ​ខាតបង់​ពេលវេលា ថ​វិ​កា​។​


​រីឯ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ះពាល់​ដល់​ឯកជន​ភាព ហើយ​ធ្វើឱ្យ​បាត់បង់​កិត្តិយស​ផងដែរ​។ លើសពីនេះ គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​អាច​នឹង​បង្កឱ្យមាន​ការរើសអើង អរិភាព ក្នុងសង្គម  ​និង​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​ផងដែរ​។ នេះ​បើតាម​លោក ទេព អ​ស្នា​រិ​ទ្ធ​។

លោក​សង្កត់ធ្ងន់ថា​៖ «​ក្នុងស្ថានភាព​បច្ចុប្បន្ន និង​ទៅ​អនាគត ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​មាន​ភាព​ចាំបាច់​ណាស់ ដើម្បី​បន្ត​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថិរ​​ភាព​សង្គម​»​។​

​លោក​បន្ថែមថា ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បន្សាប​ដោយ​ព័ត៌មាន​ពិត​។ ដូច្នេះ​វា​ចាំ​បាច់​ណាស់ ដែល​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ជំរុញ​ការផ្សព្វផ្សាយ​ព័​ត៌​មាន​ពិត ដើម្បី​លុប​ទៅលើ​ព័​ត៌​មាន​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ដែលមាន​គុណភាព​សម្រាប់​ផ្តល់​ជា​ចំណេះដឹង និង​អត្ថប្រយោជន៍​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ធានាបាន​នូវ​សណ្តាប់ធ្នាប់​ល្អ និង​សុវត្ថិភាព​ក្នុងសង្គម​។​

​លោក​ ទេព អ​ស្នា​រិ​ទ្ធ​ បាន​បន្តថា ពលរដ្ឋ​គ្រប់រូប ដែលជា​អ្នកទទួល និង​ចែករំលែក​ព័ត៌មាន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​គ្រប់​ប្រភេទ មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែង​​ក្លាយ ព្រោះ​ប្រសិនបើ​ពលរដ្ឋ​ចែករំលែក​ព័ត៌មាន​ពិត ព័ត៌មាន​ល្អ ដែលមាន​គុណភាព​ទៅឱ្យ​សមា​​ជិ​ក​ដទៃទៀត​ក្នុង​ក្រុមគ្រួសារ​ក្តី ក្នុង​សហគមន៍​នោះ​សង្គម​គ្រួសារ និង​ជាតិ​ទាំងមូល​នឹង​សុទ្ធសឹង​ទទួលបាន​នូវ​ព័ត៌មាន​ពិត​ហើយ​រួមចំណែក​បាន​ក្នុងការ​ទប់ស្កាត់​ការរីក​សាយភាយ​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​។ 

​ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ លោក​អ​ស្នា​រិ​ទ្ធ​បានផ្តល់​អនុសា​សន៍ ឱ្យ​ពលរដ្ឋ​អាចអនុវត្ត​នូវ​វិធាន​សំខាន់​មួយចំនួន​ដូចជា​៖ មុននឹង​ជឿ​លើ​ព័ត៌មាន​អ្វីមួយ សូម​សួរ​ខ្លួនឯង​ថា​តើ​ព័ត៌មាន​នោះ​មាន​ប្រភព​ច្បាស់លាស់​ឬទេ តើ​វា​មាន​ប្រភពពី​ណា ហើយ​តើ​ជា​ប្រភព​ដែល​អាច​ទុកចិត្តបាន​ដែរឬទេ​?

មួយវិញទៀត​សូម​ពិចារណា​ឱ្យបាន​ច្បាស់​ជាមុនសិន​ថា​តើ​គួរ​ចែករំលែក​ព័ត៌មាន​នោះ​ទៅ​អ្នកដទៃ​ដែរឬទេ ហើយ​ការចែករំលែក​នោះ​នឹង​ផ្តល់​ផល​ប្រយោជន៍ ឬ​អាច​បង្ក​ផលវិបាក​អ្វីខ្លះ​ដល់​សង្គម​គ្រួសារ និង​ជាតិ​?

ក្រៅពីនោះ ប្រសិនបើ​មាន​ភាព​សង្ស័យ មន្ទិល​ក្នុង​ចិត្ត​លើ​ភាព​សុក្រឹត ភាព​ពិត​នៃ​ព័ត៌មាន​ណាមួយ សូមកុំ​ចែករំលែក​បន្ត និង​គួរ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​ច្បាស់​ជាមុនសិន​មុននឹង​ចែករំលែក​ព័ត៌មាន​នោះ​បន្ត​។​

​លោក​ ទេព អ​ស្នា​រិ​ទ្ធ​ ក៏បាន​លើកឡើង​ផងដែរ​ថា អ្នកសារព័ត៌មាន​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុងសង្គម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ព្រោះ​ការផ្សព្វផ្សាយ​ខ្លឹមសារ​ព័ត៌មាន​ពិត​ច្រើន​ដែលមាន​គុណភាព ពោលគឺ​ជា​ព័​ត៌​មាន​គ្រប់​ជ្រុងជ្រោយ​ដោយ​ត្រូវមាន​ប្រភព​ច្បាស់លាស់ ខ្លឹមសារ​មាន​តុល្យភាព​ព័ត៌មាន វា​នឹង​លុប​លើ​ព័ត៌មាន​ក្លែងក្លាយ​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​នា​ថ្ងៃទី​ ២៧ ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌​មាន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ហ៊ាន​កែតម្រូវ ប្រសិនបើ​មាន​កំហុស​ក្នុងការ​ផ្សព្វផ្សាយ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ «​ខ្ញុំ​មិន​អង្វរ​ឱ្យ​ឈប់​វាយប្រហារ​រិះគន់​នោះទេ សិទ្ធិ​របស់​អ្នកឯង​។ ប៉ុន្តែ​សុំឱ្យ​មាន​ក្រមសីលធម៌ គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ផង​ណា​។ តាំងខ្លួន​ជា​អ្នកវិភាគ តាំងខ្លួន​ជា​អ្នក​ផ្តល់ព័ត៌មាន សូម​ស្រាវជ្រាវ​ព័ត៌មាន​ពិត​ឱ្យ​ប្រជាពលរដ្ឋ​ដឹងផង កុំ​យក​អា​រឿង​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋ​កង្វល់​អត់​មាន​ហេតុផល​ច្បាស់​​លាស់​។ យើង​អត់​បាន​បម្រើ​ពល​រដ្ឋ​ពិតប្រាកដ​ទេ តែ​ទីបំផុត​កេង​ប្រវ័ញ្ច​លើ​ពលរដ្ឋ ដោយសារ​យើង​យក​ព័ត៌មាន​បំភ្លៃ​មក​កេង​ចំណេញ​នយោបាយ តែ​ធ្វើឱ្យ​ប្រជាជន​ភ័យខ្លាច​។ អាហ្នឹង​គេ​ហៅ​ធ្វើបាប​»​។​

​ការលើកឡើង​របស់លោក​នា​យក​រដ្ឋមន្ត្រី​បែបនេះ​ត្រូវបាន​ធ្វើឡើង ក្រោយពី​មាន​សារព័ត៌មាន​បរទេស​បាន​ផ្សាយ​មិន​ពិត​ពី​ការចំណាយ​ថវិកា​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ​៕