​ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេស​​ចរណ៍​អះអាងថា ការចេញ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ក្នុងស្រុក​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុងប្រទេស និង​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​នា​ដំណាច់ឆ្នាំ​ ​២០២៣ នឹងមាន​សម្ទុះ​កើនឡើង​ច្រើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីមុន ខណៈ​សណ្ឋាគារ និង​ផ្ទះ​​សំណាក់​នៅ​តំបន់​ទេសចរណ៍​ត្រូវបាន​ភ្ញៀវ​កក់​មួយចំនួន​រួចហើយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​។​

​បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ដែល​បង្ក​ការ​គំរាម​កំហែង​សម្រាប់​វិស័យ​ទេសចរ​នៅ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​រយៈពេល​ជាង ៣​ឆ្នាំកន្លងមក​បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង ការធ្វើដំណើរ​កម្សាន្តរ​បស់​ប្រជាជន​ខ្មែរ​បាន​កើន​ឡើងវិញ​ជា​បន្តបន្ទាប់ ពិសេស​ដំណើរ​ទេសចរ​ណ៍​ក្នុងស្រុក​។​


​លោក ស សារិន ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ទៅ​ទ្រី​ប Tovtrip បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ​ថា នៅ​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ ២០២៣-២០២៤ ខាងមុខ​លោក​បាន​សង្កេតឃើញថា​ច​រ​ន្ត​នៃ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ប្រជាជន​ខ្មែរ​មានការ​កើនឡើង​ច្រើន ទាំង​ការធ្វើដំណើរ​ទៅតាម​រមណីយដ្ឋាន​នានា​ក្នុងប្រទេស រួម​ទាំង​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ផងដែរ​។

លោក​បន្តថា បើតាម​ការ​ប៉ាន់​ស្មាន​ចំនួន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ក្នុងស្រុក​នឹងមាន​ចំនួន​ច្រើន ចំណែក​ភ្ញៀវ​ក្នុងស្រុក​ដែល​កក់​សំបុត្រ​ចេញទៅ​កម្សាន្ត​នៅក្រៅ​​ប្រទេស​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី កូរ៉េ និង​ជប៉ុន ក៏មាន​ចំនួន​ច្រើន​ដែរ​ធៀប​នឹង​ឆ្នាំមុន​។​


​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ចំនួន​ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ក្នុងស្រុក និង​ក្រៅ​​ប្រទេស​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​នឹង​កើន​លើស​ឆ្នាំមុន​ជាង​ទ្វេដង​»​។​

​ជាមួយគ្នានេះ​ក្នុងន័យ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​ឱ្យ​កាន់​តែមាន​ភាពរស់រវើក និង​ដើម្បី​បង្ហាញ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​នោះ លោក សារិន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​ផ្នែក​ឯកជន​បន្ថែមទៀត​លើ​ផ្នែក​សំខាន់ៗ​មួយចំនួន​ដូចជា ពន្ធដារ ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម​។​

​លោក​បញ្ជាក់ថា​៖«​ក្នង​នាម​ផ្នែក​ឯកជន យើង​ពិតជា​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត ដូចជា​ការលើកលែង​ពន្ធ និង​ការជួយឧបត្ថម្ភ​ធន​មួយចំនួន ឬ​ធ្វើ​ប្រ​មូ​សិន​ផ្សេងៗ ព្រោះ​នៅពេល​ទេសចរ​ក្នុងស្រុក​មានដំណើរ​ការ​ល្អ គឺ​វា​នឹង​ជះឥទ្ធិពល​វិ​ជ្ជ​មាន​ទៅដល់​អ្នក​នៅក្រៅ​ស្រុក​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​ម្ចាស់​ចម្ការ​តែ បឹង​ហ្គា​ឡូ នៅ​ខេត្តមណ្ឌលគិរី លោកស្រី ស៊ិន ចាន់​សុភាព បាន​ប្រាប់ថា បឹង​ហ្គា​ឡូ របស់លោក​​ស្រី​ទាំង ១៥​ បន្ទប់​ត្រូវបាន​អតិថិជន​កក់​អស់ហើយ​។ សម្ទុះ​ការ​កក់​គឺ​លឿន​ជាង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​នៅ​អំឡុង​ចុងឆ្នាំ និង​ដើមឆ្នាំ​នៅ​តំបន់​រម​ណី​យ​ដ្ឋា​ន​ខេត្តមណ្ឌលគិរី និង​រតនគិរី​តែងមាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​ខ្លាំង​។

លោកស្រី​ពន្យល់ថា មូលហេតុ​ដែល​នៅ​ចុងឆ្នាំ និង​ដើមឆ្នាំ​តែងមាន​អ្នក​ទេសចរ​ច្រើន គឺ​ដោយសារ​ខេត្ត​ភូមិភាគ​ឦសាន​មាន​អាកាសធាតុ​ត្រជាក់​ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើដំណើរ និង​សេវា​ផ្សេងៗ​ក៏​ល្អ​ផងដែរ​។​

​លោកស្រី​បាន​និយាយថា​៖ «​កន្លែង​របស់ខ្ញុំ​ត្រូវបាន​ភ្ញៀវ​កក់​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​អស់​តាំងពី​សប្តាហ៍​មុន ហើយ​កន្លែង​ស្នាក់នៅ​ឯទៀត​ក្បែរៗ​នោះ​ក៏​ពេល​ជិត​អស់ហើយ​។ ខ្ញុំ​គិតថា ចំនួន​ភ្ញៀវ​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំនេះ នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​»​។​

​ទាក់ទង​នឹង​តម្លៃ​កន្លែង​ស្នាក់នៅ គឺ​បាន​កើនឡើង​ជិត​ទ្វេដង ដោយ​បន្ទប់​ស្នាក់​តម្លៃ ២០ ​ដុល្លារ​នៅ​ថ្ងៃ​ធម្មតា​បាន​កើន​ឡើងដល់​ជាង ៣៥ ​ដុល្លារ​។ លោកស្រី ចាន់​សុភាព បាន​លើកឡើងថា​៖ «​ការកើនឡើង​តម្លៃ​នេះ គឺ​ដោយ​សារ​តែ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅពេល​ឆ្លង​ឆ្នាំ ឬ​ពិធីបុណ្យ​ផ្សេងៗ​ភាគច្រើន​មកជា​លក្ខណៈ​គ្រួសារ​ដែលមាន​គ្នាច្រើន ចំណែក​កម្មករ​មួយចំនួន​ក៏ត្រូវ​បាន​បន្ថែម​ប្រាក់​សម្រាប់​ការបំពេញ​ការងារ​ឈប់សម្រាក​ដែរ​»​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​ប្រាប់ថា ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត​នៅក្នុង​ឆ្នាំនេះ​នឹង​កើនឡើង​ខ្ពស់ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ គឺ​កន្លែង​ស្នាក់នៅ​ប្រភេទ​បឹង​ហ្គា​ឡូ ត្រូវបាន​អតិថិជន​កក់​អស់​ជាង ៩០​ ភាគ​រយ និង​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សំ​ណាក់​ជាង ៧០​ ភាគរយ ខណៈ​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត​មាន​បន្ទប់​ជួល​ស្នាក់​សរុប​ជាង ៥ ០០០ ​បន្ទប់​។ លោក​បន្តថា នៅ​ខេត្តកំពត​រដ្ឋបាលខេត្ត ក៏​នឹង​រៀបចំ​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវ​ទស្សនា​ច្រើន​ផងដែរ​ដូចជា ប្រគំ​តន្ត្រី បាញ់​កាំជ្រួច និង​តាំងពិព័រណ៍ ជាច្រើន​។

​លោក​បញ្ជាក់ថា​៖ «​ប្រាកដ​ណាស់​ គឺ​ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តកំពត និង​បណ្តា​តំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​នឹងមាន​ចំនួន​ច្រើន ព្រោះ​ឆ្នាំនេះ​យើង​អាច​និយាយថា​អ្វីៗ​មាន​ភាពល្អ​ជាង​ឆ្នាំមុន ម្យ៉ាងទៀត​ថ្ងៃ​ឆ្លង​ឆ្នាំ​ក៏​ជាប់​ថ្ងៃ​សៅរ៍​-​អាទិត្យ​ដែរ​»​។​បើតាម​លោក សយ ស៊ី​ណុល តំបន់​ទេសចរណ៍​នៅ​ទូទាំងប្រទេស​នឹងមាន​ភ្ញៀវទេសចរ​ច្រើន​ដូចៗ​គ្នា​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ខែមិថុនា ឆ្នាំ​ ២០២៣ ធ្លាប់​លើកឡើងថា​៖«​ពេញ ១ ឆ្នាំ​ ២០២៣ នេះ​កម្ពុជា​រំពឹងថា នឹង​ទទួល​ទេសចរ​ក្នុងស្រុក​ប្រមាណ ១៦​ លាន​នាក់ ដែល​ប្រហាក់ប្រហែល​នឹង​ការ​ព្យាករ​នៅក្នុង​ផែនទី​ចង្អុល​ផ្លូវ​»​។​

​លោក​បាន​អះអាងថា ឆ្នាំ ២០២៣ នេះ គឺជា​ឆ្នាំ​ដ៏​វិសេស​សម្រាប់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ ឆ្នាំ​ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ២០២៣ ដែល​បាន​បិទ​បញ្ចប់​ដោយ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។​

​របាយការណ៍​ក្រសួងទេសចរណ៍ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ជិត ៤,៩២​ លាន​នាក់ កើន ១៥៦,៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២៕