ភ្នំពេញៈ នាវា​ទេសចរណ៍ MS Westerdam ដែលមាន​ផ្ទុក​ភ្ញៀវទេសចរ​ជិត​​ ២ ​ពាន់​នាក់​ បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ជា​លើក​ទី​ ២ ​ដើម្បី​ធ្វើ​ទេស​ចរណ៍ និង​ជាការ​រំឭក​អនុ​ស្សាវ​​រី​យ៍​ដែល​កម្ពុជា​ធ្លាប់បាន​អនុញ្ញាត​ឱ្យចូល​សំចត​លើក​ទី​១ ក្នុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩ នៅ​ឆ្នាំ​ ២០២០ ខណៈ​ប្រទេស​ជាច្រើន​បដិសេធ​ក្រោម​ហេតុផល​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ តែ​វត្ដ​មាន​លើក​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​ធ្វើឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្បាស់​ថែមទៀត​។​


​នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន Holland American នេះ បាន​ចូល​សំចត​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី ​២៨ ខែធ្នូ ឆ្ នាំ​២០២៣ ដោយមាន​ការទទួល​ស្វាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​លោក សុខ​ សូកេន និង​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត​រួមទាំង​អាជ្ញាធរខេត្ត​ព្រះសីហនុ​ផងដែរ​។​

​នាវា MS Westerdam នេះ​ចូល​សំចត​ក្រុងព្រះសីហនុ​រយៈពេល ​១ ​ថ្ងៃ​ពេញ ជាមួយ​អ្នកដំណើរ​ជិត​ ២​ ពាន់​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​ប្រមាណ​ ៦០០​ នាក់​បានសម្រេច​បន្តធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ក្រៅពីនោះ​ត្រូវ​ចាក​ចេញពី​កម្ពុជា​បន្តដំណើរ​ជាមួយ​នាវា​នៅវេលា​ម៉ោង​ ៩​ យប់​។​


​ជុំវិញ​រឿងនេះ លោក សុខ​ សូកេន បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក​ចាត់ទុក​ការ​វិលត្រឡប់​មកវិញរ​បស់​នាវា Westerdam ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា បន្ទាប់ពី​នាវា​នេះ​ធ្លាប់​ចូល​សំចត​កាលពី​កែ​កុម្ភៈ ឆ្នាំ​ ២០២០ កន្លងទៅ​។ លោក​បន្តថា ការ​សំចត​ជាថ្មី​នេះ ទាំង​ប្រធាន​នាវិក ទាំង​ភ្ញៀវ​ទេស​​ចរ បង្ហាញ​ភាពកក់ក្តៅ​ចំពោះ​កម្ពុជា ជាពិសេស​នឹក​ដល់​គ្រា​ដែល​កម្ពុជា​អនុញ្ញាតឱ្យ​នាវា​នេះ​ចូល​ចត​ក្នុងពេល​កំពុង​ជួប​វិបត្តិ​កូ​វីដ​ ១៩​។​

​លោក​បាន​បន្តថា​៖ «​ថ្ងៃនេះ​យើង​ឃើញ​មាន​ភ្ញៀវ​ត្រឡប់មក​ប្រមាណ​ ១ ៩៩១​ នាក់​ ដែល​នៅលើ​នាវា Westerdam ជាមួយ​បរិយាកាស​អំណោយផល​មែនទែន ដែលជា​ពេលវេលា​មួយ​ដែល​យើង​កំណត់​បាន​ចំពោះ​វិស័យ​ធ្វើដំណើរ​តាម​នាវាចរណ៍​នេះ​គឺមាន​លក្ខណៈ​​វិជ្ជមាន​ខ្ពស់​ហើយនឹង​មានការ​​ធ្វើដំណើរ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត ហើយ​យើង​នឹង​សម្រួល​ឱ្យ​នាវា​លក្ខណៈ​ធំ​នេះ​ចូលមក​កម្ពុជា​»​។​


​លោក​ សុខ សូកេន បាន​បន្តថា ទេសចរណ៍​ប្រភេទ​នាវា​មាន​លក្ខណពិសេស​ដែល​លោក​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត កម្ពុជា​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅលើ​ផ្លូវទឹក​។ លើសពីនេះ​លោក​ក៏​បញ្ជាក់​ផងដែរ​ថា ក្រសួង​ទេស​ចរណ៍​នឹង​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​កញ្ចប់​ផលិត​​ផល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​កម្ពុជា​បន្ថែមទៀត​។​

​ក្នុងពេល​មន្ត្រី​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​នេះ អ្នកទេសចរ​ជាច្រើន​ថ្លែងប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា​ដោយ​ពួកគាត់​បង្ហាញ​ក្តីរំភើប​រីករាយ​ខណៈ​មានការ​ស្វា​គម​ន៍​យ៉ាង​កក់ក្តៅ និង​បានបង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់​មកលើ​ប្រទេស​កម្ពុជា​។ ក្នុងនោះ​ស្ត្រី​ជនជាតិ​អាមេរិក​ ១ ​រូប បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដ៏​ប្រពៃ ហើយ​លោកស្រី​រំភើប​ណាស់​ដែល​បានមក​កម្ពុជា ទោះបី​នេះ​ជា​លើក​ទី​១ ​ក៏ដោយ​។​

​ចំណែក​អ្នកដំណើរ​ជា​បុរស​ជនជាតិ​អូទ្រីស​ម្នាក់​បាន​ថ្លែងថា លោក​បានមក​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់ពី​លើក​ទី​១ កាលពី​ ១១ ​ឆ្នាំមុន ហើយ​លោក​លើកឡើងថា កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​ច្រើន ប៉ុន្តែ​កម្ពុជា​នៅតែ​ជាទី​គួរឱ្យ​ចាប់​​អារម្មណ៍​សម្រាប់​រូបលោក​។​

​ជុំវិញ​រឿងនេះ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ដោយបាន​ស្វាគមន៍​ការវិលត្រឡប់​របស់​នា​វា Westerdam ​នេះ ហើយ​លោក​បង្ហាញ​សុទិដ្ឋិនិយម​ថា ​នឹង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា​បន្ថែមទៀត​។​

​លោក​បាន​រំឭក​ដល់​ព្រឹត្តិការណ៍​ខែកុម្ភៈ ឆ្នាំ ​២០២០ ដែល​អតីត​​នាយក​រដ្ឋ​ម​ន្រី្ដ លោក​ ហ៊ុន សែន អនុញ្ញាតឱ្យ​នាវា​នេះ​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩​ ធ្ងន់ធ្ងរ ហើយ​បាន​ជួយ​អាយុ​ជីវិត​អ្នកដំណើរ​លើ​នាវា​ជាង ​២ ២០០​ នាក់ ឱ្យ​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​បុព្វ​​ហេតុ​មនុស្សធម៌​ដែលជា​ការលើក​​កម្ពស់​សិទ្ធិ​រស់រានមានជីវិត និង​ផ្តល់​គុណ​តម្លៃ​មនុស្សជាតិ​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​ការ​ត្រឡប់មកវិញ​នេះ​គឺជា​ការ​រំឭក​ដឹងគុណ និង​យល់ច្បាស់​អំពី​សក្តានុពល​របស់​កម្ពុជា ព្រម​ទាំង​បេះដូង​មនុស្សធម៌​ដែល​បានគិត​គូរ​ពី​អាយុជីវិត​ជាជាង​ភាព​​ភ័យខ្លាច គឺ​បានបញ្ជាក់​ច្បាស់​ពី​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ប្រកប​ដោយ​ភាពប្រាកដនិយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

​ជាមួយគ្នានេះ ប្រធាន​ក្រុម​នា​​វិក​របស់​នាវា​ Westerdam ​លោក Vincent Smit បាន​ផ្ញើ​សារ​អរគុណ​ចំពោះ​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន ដែល​ធ្លាប់បាន​អនុញ្ញាតឱ្យ​នាវា​របស់លោក​ចូល​ចត​នៅ​កម្ពុជា​ក្នុង​ដំ​ណាក់​កាល​ដ៏​លំបាក​ដោយសារ​វិបត្តិ​កូ​វីដ​ ១៩ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០​។​

​លោក​ថ្លែងថា​៖ «​ពួកយើង​ត្រូវបាន​បដិសេធ​ឱ្យចូល​សំចត​ពី​កំពង់ផែ​ជាច្រើន លើកលែងតែ​កម្ពុជា​ប៉ុណ្ណោះ ហើយ​គ្រានោះ​រដ្ឋាភិបាល​កម្ពុជា​ថែមទាំង​ទទួល​ពួកយើង​យ៉ាង​កក់ក្តៅ​ផង ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ពួកយើង​បញ្ជូន​អ្នកដំណើរ​ក្នុង​នាវា​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ប្រទេស​រៀងខ្លួន​វិញ​»​។​

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ រដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស MS Westerdam របស់​ក្រុមហ៊ុន Holland American ចូល​សំចត​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក្រោយ​ប្រទេស​ជាច្រើន​បាន​បដិសេធ​ដោយសារតែ​ភ័យ​ខ្លាច​ការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩​។ គ្រានោះ មាន​មនុស្ស​នៅលើ​នាវា​ប្រមាណ​ជាង ​២ ២០០ ​នាក់ ដែល​ក្នុងនោះ​មាន​ក្រុមការងារ​ចំនួន ៨០២​ នាក់ និង​អ្នកដំណើរ​ចំនួន​ ១ ៤៥៥​ នាក់ មកពី​ជាង​ ៤០​ ប្រទេស​ដែល​ភាគច្រើន គឺជា​ជនជាតិ​អាមេរិក​៕