ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​​ បានរៀបចំ​ពិធី​ចាប់ឆ្នោត កំណត់​លំដាប់​លេខ​រៀង​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​​សភា នីតិកាល​ទី៥ ឆ្នាំ​ ២០២៤ ដែលមាន​គណបក្សនយោបាយ​ចំនួន ​៤ ចូលរួម​ប្រកួតប្រជែង​។​


​ពិធី​នេះ​ធ្វើឡើង​នា​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ ​២០២៣​ នៅ​សា​លស​ន្និ​សីទ គ​.​ជ​.​ប ដោយមាន​ការចូល​​រួម​ពី​ព្រះសង្ឃ​,​សមាជិក គ​.​ជ​.​ប​, តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​, តំណាង ព្រឹទ្ធសភា តំណាង​រដ្ឋ​​សភា​, តំណាង​ក្រសួង​ពាក់ព័ន្ធ​, តំណាង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក ​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​ ២០២៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយមាន​គណបក្សនយោបាយ​ចំនួន​ ៤ បាន​ចូលរួម​ប្រកួតប្រជែង​។ លទ្ធផល​នៃ​ការចាប់​ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​១ គណ​បក្ស​ឆន្ទៈ​ខ្មែរ​លេខ​រៀង​ទី២ គណ​បក្ស​ហ្វ៊ុ​ន​ស៊ិនប៉ិច​លេខ​រៀង​ទី​៣ និង​គណបក្ស​កម្លាំង​ជាតិ លេខ​រៀង​ទី​៤​។ 


​លោក​បាន​បន្តថា៖ «​គោលបំណង​នៃ​ការចាប់​ឆ្នោត​នៅពេលនេះ គឺ​សំដៅ​ធ្វើឱ្យមាន​ភាពយុត្តិធម៌ និង​តម្លាភាព​ក្នុងការ​កំណត់​លេខ​រៀង​ឈ្មោះ​គណ​បក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​នៅលើ​សន្លឹកឆ្នោត ដែល​ត្រូវ​ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ​៥ នេះ​»​។ បើតាម គជប ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែលជា​ការ​បោះឆ្នោត​អសកល នីតិកាល​ទី​ ៥​ នេះ​មាន​អ្នកចូលរួម​បោះឆ្នោត​ដែលជា​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​សរុប​ចំនួន ​១១ ៧៤៧​ នាក់​៕