ភ្នំពេញៈ អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល មន្ទីរ​បរិស្ថាន រួម​នឹង​អាជ្ញាធរ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ​២៧ ខែធ្នូ បានផ្តល់​ធុងសំរាម​ចំនួន​ជាង ​២០០​ ធុង ទៅដល់​ឃុំ​-​សង្កាត់​ចំនួន​ ៣ នៃ​បឹង​ទន្លេសាប ដែលជា​ផ្នែក​មួយ​ជួយ​ដល់​យុទ្ធនា​ការគ្រប់គ្រង​សំរាម​ប្លា​ស្ទិ​ក​ក្នុង​ខេត្ត​សៀមរាប​។​


​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប លោក យុក សេង​ឡុង នាយក​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិ​រក្ស​ធនធាន​ជលផល ឬ​ហៅថា​អង្គ​​ការ ហ្វេ​ក ​(FACT) បាន​លើកឡើងថា ធុងសំរាម​ដែល​បានផ្តល់​ឱ្យ​ឃុំ​-​សង្កាត់​ចំនួន​ ៣ នោះ​គឺ សង្កាត់​ជ្រាវ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។

FACT បានឱ្យដឹង​ទៀតថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អង្គការ​នេះ​ក៏បាន​ចែក​ធុងសំរាម​ដល់​ឃុំ​ចំនួន​ ៣ នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ដែរ​។​


​លោក សេង​ឡុង បាន​ថ្លែងថា ធុង​សំរាម​ដែល​បានផ្តល់​ជូន​នេះ មាន​សរុប​ចំនួន ២៣៥ ​ធុង ដែលមាន​ ៣​ ខ្នាត ដែលមាន​ចំណុះ​ ១២០​ លីត្រ ចំណុះ ​៦៦០​ លីត្រ និង​ខ្នាត​ធុង​សម្រាប់​ដាក់​ជីសរីរាង្គ​។ ការប្រគល់​នេះ គឺជា​គោលដៅ​របស់​គម្រោង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​ភាព​ធន់​របស់​សហគម​ន៍ នេសាទ​នៅ​តំបន់​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប រយៈពេល​យូរអង្វែង​»​។​

​លោក យុក សេង​ឡុង បានឱ្យដឹងថា គម្រោង​នេះ​មានការ​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បង្កើន​ជីវភាព​របស់​សមាជិក​សហគមន៍​គោលដៅ តាមរយៈ​ការបង្កើត​សហ​គម​ន៍​កសិកម្ម សេវាកម្ម​អេកូ​ទេស​ចរណ៍ ការបង្កើត និង​ដំណើរការ​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប (TEN) ការដាំ​បន្លែ ការចិញ្ចឹម​ឃ្មុំ ការកែច្នៃ​ផល​នេសាទ ការកែច្នៃ​កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ពី​កំប្លោក និង​ការ​គ្រប់គ្រង​កាកសំណល់​ក្នុង​តំបន់​គោលដៅ​គម្រោង តាមរយៈ​ការកែច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឱ្យទៅជា​ឥដ្ឋ​អេកូ កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​។​


ការ​ប្រគល់ជូន​ធុងសំរាម​នេះ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គម្រោង​នេះ ដោយមាន​ការសហការ​យ៉ាង​ល្អជា​មួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ជា​​ពិសេស​រដ្ឋបាល​ក្រុង និង​មន្ទីរ​បរិស្ថាន​ខេត្ត ក៏ដូចជា​រដ្ឋបាល​ស្រុក និង​ឃុំ​នៅក្នុង​តំបន់​គោល ដោយ​ផ្តោតជាសំខាន់​លើ​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​នៅតាម​ទីសាធារណៈ តាមរយៈ​ការ​ប្រមូល ទុកដាក់ និង​ចាត់ចែង​។​

​ជាមួយគ្នានេះ​អង្គការ​ហ្វេ​ក ក៏មាន​ផែនការ​ទិញ និង​ផ្តល់ជូន​ដល់​ឃុំ សង្កាត់​គោលដៅ​ទាំងនេះ នូវ​ម​ធ្យោ​បាយ​ដឹកជញ្ជូន​សំរាម ដូចជា​ទូក កាណូត ឬ​រ៉ឺម៉ក​កង់ ​៣  នៅក្នុងពេល​ឆាប់​ខាងមុខ​នេះដែរ​។​

​លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ថ្លែងថា បញ្ហា​អនាម័យ​បរិស្ថាន ជា​ផ្នែក​មួយ​សំខាន់​ក្នុងចំណោម​វិស័យ​ផ្សេងទៀត​ដែលមាន​នៅក្នុង​ផែនការអភិវឌ្ឍន៍​សង្កា​ត់ ហើយ​វា​ក៏​ស្ថិតនៅក្នុង​ផែនការ​សកម្ម​ភាព​ប្រចាំខែ​របស់​សង្កាត់​ផងដែរ​។​

​លោក​បន្តថា បើទោះបីជា​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក៏ដោយ ក៏​បញ្ហា​សំរាម​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល ដោយសារ​តែមាន​ប្រជាជន​មួយ​ភាគ​តូច តែងតែ​លប​​លួច​ដឹកយក​សំរាម​ទៅ​ចោល​តាម​ទីសាធារណៈ​នៅពេល​យប់​។ បើ​ទោះ​ជា​យ៉ាងណា លោក​បាន​រំពឹងថា ធុង​សំរាម​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល បាន​មួយផ្នែកធំ​ដែរ​។​

​អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​សៀម​រាប លោក ណ​ម គិ​ម​អន បាន​ថ្លែងថា នៅ​ខេត្តសៀមរាប ប្រជាពលរដ្ឋ​បាន​បង្កើត​សំរាម​ប្រមាណ ៦០០ ​តោន​ក្នុង ១ ​ថ្ងៃ ហើយ​ភាគច្រើន​ជា​សំរាម​ប្លា​ស្ទិ​ក ក្នុងនោះ​សំរាម​ប្រមាណ​ជាង ៥០ ​ភាគរយ បាន​ប្រមូល​ចូល​ទីលាន​ចាក់​​សំរាម និង​យកមក​កែច្នៃ​។

​លោក​បាន​បន្តថា ក្នុង​គោលដៅ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រសួងបរិស្ថាន​បានដាក់​ចេញ​យុទ្ធ​សាស្ត្រ​ច​ក្រា​នៃ​វិស័យ​បរិស្ថាន​ថ្មី ឆ្នាំ​ ២០២៣-២០២៨ ដែល​ឈរលើ​អាទិភាព​ចម្បង​ ៣ គឺ​៖ ស្អាត បៃតង និង​ចីរភាព ដែល​ឆ្ពោះទៅរក​ការ​សម្រេចបាន​អព្យាក្រឹតភាព​កាបូន​។​

​លោក​ថា​៖ «​ដើម្បី​សម្រេចបាន​គោលដៅ​នេះ វា​ទាមទារ​ឱ្យមាន​ការ​ចូលរួម​ទាំងអស់គ្នា ព្រោះថា​ផែនដី​របស់​យើង​មាន​តែមួយ ដូច្នេះ​សំរាម​ដែល​យើង​បោះចោល​ទោះ​តិច​ឬ​ច្រើន​វា​នៅតែ​លើ​ផែនដី​ដដែល​»​។​

​យោងតាម​របាយការណ៍​ក្រសួង​បរិស្ថាន​ពី​ខែកញ្ញា ដល់​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២៣ មាន​អ្នកចូលរួម​យុទ្ធនា​​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​សរុប​ចំនួន​ជាង ៣,៦​ លាន​នាក់ រួម​ទាំង​ព្រះសង្ឃ ក្នុងនោះ​រួមមាន​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី និង​អ្នកចូលរួម​ផ្សេងៗ​ទៀត​ដែរ​នៅ​ទូទាំងប្រទេស​កម្ពុជា​៕