ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណីដែលលទ្ធផលនេះ រកឃើញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ខណៈក្រសួងបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសុខភាព និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ៖ «តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែលជាប្រភេទព្រួយបារម្ភ VOC ( Variant of Concern) នោះទេ»។
ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដោយតេស្ដរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។
ដោយមើលឃើញពីចំណុចនេះ ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ថា យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងវីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងណែនាំឱ្យមានវិធានការបង្ការជំងឺ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ, ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។
បើតាមក្រសួងសុខាភិបាល ៖ «អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យបុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩សរុបទូទាំងប្រទេស ចំនួន ១៣៩ ០០៣ នាក់, ករណីជាសះស្បើយសរុបចំនួន១៣៥ ៩២៨ នាក់ និងករណីស្លាប់ចំនួន ៣០៥៦ នាក់។ ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ បានចំនួន ៩៥,៧៣%៕