អង្គភាពការពារកុមារហៅកាត់ CPU បញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ក្នុងជំនួបនោះដែរ លោក កុយ វ៉ាន់នី បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គភាពការពារកុមារ CPU អំពីកិច្ចសហការជាមួយមន្រ្តីនគរបាលជាតិកម្ពុជា ក្នុងការងារស៊ើបអង្កេតបទល្មើសផ្សេងៗប្រឆាំងទៅនឹងកុមារ ព្រមទាំងធ្វើការផ្ដល់វគ្គបណ្ដុះបណ្ដាលស៊ីជម្រៅ លើជំនាញផ្នែកការងារស៊ើបអង្កេតនៃការរំលោភបំពាន និងបទល្មើសផ្សេងៗទៀតដែលបានប្រព្រឹត្តប្រឆាំងទៅនឹងកុមារ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គភាពការពារកុមារ CPU ជាពិសេស លោកនាយកប្រតិបត្តិអង្គភាព ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ជាការឆ្លើយតបលោក James McCabe នាយកប្រតិបត្តិ បានជម្រាបជូនអង្គប្រជុំថា អង្គភាពCPU បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣ និងធ្វើប្រតិបត្តិការទូទាំង២៥ រាជធានីខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងផ្តល់នូវជំនាញស៊ើបអង្កេត និងជំនាញកោសល្យវិច័យបន្ថែមក្នុងករណីធ្ងន់ធ្ងរ។
ពាក់ព័ន្ធកុមារនេះដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារអាហារូបត្ថម្ភ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការផ្តល់សេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារ ក៏ដូចជាស្តុកឱសថមួយចំនួន នៅមណ្ឌលសុខភាពចំណារក្រោម និងមណ្ឌលសុខភាពដំរីជាន់ខ្លា នាខេត្តកំពង់ធំ។
នាឱកាសនោះ លោកស្រី និងក្រុមការងារក៏បានឆ្លៀតពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខដល់ស្រ្តីដែលកំពុងមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដែលស្ថិតក្នុងភូមិចំណារក្រោម។ លោកស្រីក៏បានលើកទឹកចិត្តស្ត្រីក្រោយសម្រាលឱ្យបន្តបំបៅកូនដោយទឹកដោះម្តាយ និងយកកូនទៅទទួលថ្នាំបង្ការឱ្យបានគ្រប់មុខទៅតាមកាលវិភាគរបស់កម្មវិធីផ្តល់ថ្នាំបង្ការ៕