ក្រុមការងារបច្ចេកទេសប្រចាំខេត្តក្រចេះ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានទទួលកូនកន្ធាយក្បាលកង្កែបប្រភេទសត្វជិតផុតពូជមួយសម្បុក ដែលមានពងប្រមាណ ៣០គ្រាប់ ពីសមាជិកសហគមន៍នេសាទ ខណៈក្រុមការងារបច្ចេកទេសយកទៅរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។
យោងតាម (WCS) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ខែធ្នូ បានឱ្យដឹងថាសម្បុកកន្ធាយក្បាលកង្កែបដែលទទួលបានមានពងសរុបចំនួន ២៩គ្រាប់ គឺជាសម្បុកទីមួយក្នុងរដូវកាលពងកូន។ សម្បុកកន្ធាយក្បាលកង្កែបនេះ ត្រូវបានក្រុមការងារបច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុកធ្វើការវាស់វែង ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។
គួរជម្រាបថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែបនេះគឺស្ថិតក្រោមការគាំទ្រដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការអនុវត្តដោយខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមអង្គការសមាគមអភិរក្សសត្វព្រៃ គូសបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសាជាថ្មីម្ដងទៀតចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ។
អង្គការសមាគមអភិរក្សសត្វព្រៃ មានក្ដីសោមនស្សដែលសមាជិកសហគមន៍បានយល់ដឹងលើការងារអភិរក្សធនធានជលផលជិតផុតពូជ ជាពិសេសការងារការពារ និងអភិរក្សកន្ធាយក្បាលកង្កែប។
WCS បានបញ្ជាក់ថា៖«ទាំងនេះសបញ្ជាក់ឱ្យឃើញថា ការងារអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ពិតជាមានសារៈសំខាន់ ក្នុងការជួយដល់ការងារការពារ និងអភិរក្សជីវចម្រុះតាមដងទន្លេមេគង្គ រួមទាំងកន្ធាយក្បាលកង្កែបផងដែរ»។
បើតាមប្រភពដដែល បញ្ជាក់ទៀតថា ការចាប់ ការប្រមូលពង ការលក់ ការទិញ ការហូប ការរក្សាទុក និងការដឹកជញ្ជូនកន្ធាយក្បាលកង្កែបពីដែនទឹកធម្មជាតិ ជាអំពើល្មើសច្បាប់ ហើយជនដែលប្រព្រឹត្តល្មើស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គួរជម្រាបថា ក្នុងរដូវពងកូនកាលពីខែកុម្ភៈឆ្នាំ ២០២២ ក្រុមការពារសម្បុកសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ២៨ សម្បុក ដែលមានពងសរុបចំនួន ៨២៣ ពង ដែលចំនួននេះ កើនលើស ៥០% បើធៀបទៅនឹងរដូវពងកូនឆ្នាំ ២០២០-២០២១ ក្នុងរយៈពេលដូចគ្នា៕