ភ្នំពេញៈ ​ប្រធាន​ឆ្មាំ​ទន្លេ​នៃ​តំបន់​កាំ​ពី ខេត្តក្រចេះ លោក នុត ឫទ្ធី បាន​ប្រាប់​ឱ្យដឹងថា ការអនុវត្ត​យន្តការ​យាមល្បាត​ ២៤ ​ម៉ោង លើ​ ២៤​ ម៉ោង នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី បាន​ជំរុញ​ឱ្យ​អត្រា​ស្លាប់​របស់​ផ្សោត​មានការ​ថយចុះ និង​ផ្សោត​កើត​ថ្មី​មានការ​កើនឡើង ប៉ុន្តែ​នៅតែមាន​ហានិភ័យ​មួយចំនួន​ចំពោះ​ផ្សោត​ទន្លេមេគង្គ​នេះ​។​


ក្នុង​ដំណើរ​ដឹកនាំ​អ្នកសារព័ត៌មាន ទៅ​ទស្សនា​សត្វ​ផ្សោត នៅ​តំបន់​អន្លង់​ផ្សោត​កាំ​ពី កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ លោក នុត ឫទ្ធី បាន​លើកឡើងថា នៅក្នុង​តំបន់​អន្លង់​ផ្សោត​កាំ​ពី ដែលមាន​ទំហំ​ប្រមាណ​ជាង ​២០ ​គីឡូ​ម៉ែត​ក្រឡា ដោយ​រាប់​ចាប់ពី​តំបន់​កោះ​ទ្រង់ ដល់​តំបន់​កាំ​ពី ស្រុក​សំបូរ ក្នុង​ខេត្តក្រចេះ​នេះ មាន​សត្វ​ផ្សោត​រស់នៅ​ប្រមាណ ​៣៥​ ទៅ ​៤០​ ក្បាលក្នុងចំណោម​សត្វ​ផ្សោត​សរុបដែលមាន​ចំនួន​ ៨៩​ ក្បាល ដោយ​បូកសរុប​ទាំង​ផ្សោត​នៅ​ខេត្តស្ទឹងត្រែង ​ផងដែរ​។​

លោក ថ្លែងថា​៖«​ការ​ល្បាត ២៤ ​ម៉ោង​លើ ​២៤​ ម៉ោង​នេះ ដោយសារតែ​យើង​មាន​កម្លាំង​គ្រប់គ្រាន់ គឺ​២៤​ នាក់ ដែល​ល្បាត​នៅក្នុង​តំបន់​កាំ​ពីនេះ ដូច្នេះ​យើង​អាច​ផ្លាស់ប្តូរ​គ្នា​ក្នុងការ​ទប់ស្កាត់​បទល្មើស​នានា​បាន​។ ការណ៍​ដែល​យើង​មាន​គ្នាច្រើន​បែបនេះ យើង​អាច​មើល​បាន​គ្រប់​ជ្រុងជ្រោយ​»​។​


​បើតាម​លោក​ប្រធាន​ឆ្មាំ​ទន្លេ​នៃ​តំបន់​កាំ​ពីនេះ ចំនួន​ផ្សោត​សរុប​ ៨៩ ​ក្បាល​នេះ គឺជា​តួលេខ​តាំងពី​ឆ្នាំ​២០២០ ដោយ​ការរាប់​ចំនួន​សត្វ​ផ្សោត​នេះ គេ​ត្រូវធ្វើឡើង​រៀងរាល់​៣​ឆ្នាំ​ម្តង ដោយ​ស្ថិតិ​ចំនួន​ផ្សោត​នឹងត្រូវ​រាប់​ម្តងទៀត​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​។​

​លោក​ នុត ឫទ្ធី​ បាន​បន្តទៀតថា នៅក្នុង​ឆ្នាំ​២០២៣​ នេះ មាន​ផ្សោត​កើត​ថ្មី​ចំនួន​ ៨ ​ក្បាល និង​ស្លាប់​ចំនួន​ ៥​ ក្បាល ដែល​ចំនួន​ស្លាប់​នេះ គឺ​រាប់ទាំង​សត្វ​ផ្សោត​ដែល​ស្លាប់​ដោយសារ​វ័យចាស់ និង​ស្លាប់​ដោយសារ​ជាប់​មង​អ្នកនេសាទ និង​ការ​ឆក់​ដោយ​ឧបករណ៍​ខុសច្បាប់​របស់​អ្នកនេសាទ​មួយចំនួន​ជាដើម​។​


បើទោះបីជា​បេសកកម្ម​ការងារ​អភិរក្ស​សត្វ​ផ្សោត បាននិងកំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​ដៃគូ​យ៉ាងណាក៏ដោយ ក៏​ការបាត់បង់​នៃ​សត្វ​ផ្សោត​នៅតែមាន​ហានិភ័យ​ខ្ពស់​។​

​លោក ឫទ្ធី បាន​អំពាវនាវ​ថា​៖ «​សូម​បងប្អូន​អ្នកនេសាទ​មេត្តា​អធ្យាស្រ័យ និង​សូម​ឈប់​បន្ត​លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ណា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​របស់​សត្វ​ផ្សោត​ទៀត​ទៅ ព្រោះ​បើ​បង​ប្អូ​នៅតែ​បន្ត​ប្រើប្រាស់ វា​នឹង​ប្រឈម​ដល់​ការបាត់បង់​សត្វ​ផ្សោត​របស់​យើង ហើយ​អ្នកស្រុក​នឹង​លែង​បាន​ចំណូល​ពី​ការនាំ​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត​ទៀតហើយ​។ យើង​ដឹង​ស្រាប់​ហើយ​ថា ការស្លាប់​របស់​សត្វ​ផ្សោត វា​ជា​ហានិភ័យ​មួយ​សម្រាប់​ប្រទេស ខណៈ​សត្វ​នេះ​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់​របស់​ជាតិ​យើង​»​។​

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​ប្រាប់​ឱ្យដឹងថា ឆ្នាំនេះ អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​មាន​ចំនួន​តិចជាង អត្រា​ផ្សោត​កើត​ថ្មី ខណៈ​ឆ្នាំ​កន្លងទៅ​អត្រា​ស្លាប់​តែងតែមាន​ចំនួន​ច្រើនជាង​អត្រា​កើត​ថ្មី​។​

កញ្ញា​បាន​បញ្ជាក់ថា​៖«​ឆ្នាំនេះ ជា​សញ្ញា​វិជ្ជមាន​មួយ បន្ទាប់ពី​យើង​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ការពារ និង​តាមដាន​ឃ្លាំមើល​យ៉ាង​ជាប់លាប់​ពី​សំណាក់​ឆ្មាំ​យើង ដោយមាន​ការគាំទ្រ​ពី​អង្គការ​ WWF។​បន្ទាប់ពី​យើង​បាន​ដាក់ចេញ​យន្តការ​នេះ​មក ក្រោម​ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត យើង​ឃើញ​អត្រា​កើត​របស់​សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ​នេះ វា​ចំនួន​កើនឡើង​»​។​

​បើ​តា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម ក្រោយពី​ការស្លាប់​ចុងក្រោយ របស់​ផ្សោត​ទន្លេមេគង្គ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ ដែល​បាន​កើតឡើង​ដោយសារ​ឧបករណ៍​ឆក់ ក្រសួង​បានដាក់​ចេញ​យុទ្ធនាការ​​ប្រមូល​ឧបករណ៍​ឆក់​ទាំងនោះ នៅតាម​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។​

​កញ្ញា​បាន​បន្តថា ៖ «​តាម​បទបញ្ជា​ដាច់​ណាត់​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី អ្នកប្រព្រឹត្តិ​បទល្មើស​ឆក់ យើង​នឹង​តាមដាន​ស្រាវជ្រាវ​ស្វែង​រកមុខ​ឱ្យ​ទាល់តែ​ឃើញ និង​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ដោយ​មិនមាន​ការលើកលែង​ឡើយ​»​។​

កញ្ញា អ៊ឹម រចនា បន្តទៀតថា សត្វ​ផ្សោត​វ័យក្មេង​ ១ ​ក្បាល នៅ​ខេត្តស្ទឹងត្រែង បាន​ស្លាប់​ដោយ​សារ​តែ​​​ឧបករណ៍​ឆក់ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​ ក្រោយមក​ក្រសួង​ បាន​ឃាត់ខ្លួន​ជនល្មើស​បាន​ ២​ នាក់ ដោយបាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​រួចរាល់​ហើយ​។ នេះ​ជា​វិធាន​ការដែល​ក្រសួង​បាន​ធ្វើ​នាពេល​កន្លងមក ហើយនឹង​នៅតែ​បន្ត​អនុវត្ត​ជា​បន្តទៀត ដើម្បី​ធានា​និរន្តរភាព​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ធ្វើឱ្យ​ចំនួន​សត្វ​ផ្សោត​មាន​កំណើន​ពី ​១​ ឆ្នាំ ទៅ ​១​ ឆ្នាំ​៕

ហុង មិនា

ហុង មិនា