​ភ្នំពេញ: ​ប្រទេសកម្ពុជា​ និង​ចិន កាលពីថ្ងៃទី​១​ ខែធ្នូ​ កន្លង​ទៅ​ បានរៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​វិថី​សូត្រ​ក្រោម​ប្រធាន​បទ«​ពន្លឺ​សិល្បៈ​ប្រទេស​ចិន​» នៅ​សាល​នៃ​សា​លា​មធ្យម​សិក្សា​វិចិត្រសិ​ល្បៈ​ដែលជា​ព្រឹ​ត្ដិ​ការណ៍​សម្ដែង​សិល្បៈ​រួម​គ្នា​រវាង​ប្រទេស​ទាំង​២។​ 

ព្រឹ​ត្ដិ​ការណ៍​ដែល​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៦៥ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​កម្ពុជា​-​ចិន ​និង​ឆ្នាំ​មិត្ត​ភាព​កម្ពុជា-​ចិន​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​សិល្បករ​-​សិល្ប​ការិនី​សាកល​វិទ្យា​ល័យ​គរុ​កោសល្យ​កាន​ណាន និង​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​។

លោក​ស្រី ឡងឌី សាន់​ណា​រ៉ា រដ្ឋលេ​ខាធិ​ការ​ក្រសួង​វប្បធ​ម៌ ​និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ក្នុង​កម្ម​វិធី​សម្ដែង​សិល្បៈ​ថា​៖«​កម្ម​វិធី​សម្តែង​សិល្បៈ ក្រោ​ម​ប្រធាន​បទ «​ភាព​សម្បូរ​បែប​ចិន​» ជា​ផ្នែក​មួយ​នៃ​ការ​អ​ប​អរ​សាទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៦៥នៃ​ការ​បង្កើត​ទំនាក់ទំ​នង​ការទូត​កម្ពុជា​-​ចិន​ និង​ឆ្នាំមិត្ត​ភាព​កម្ពុជា-​ចិន​ ក៏ដូច​ជា​ការ​ផ្លាស់​ប្ដូរ​សិល្បៈ​វប្ប​ធម៌​»​។ 


លោក​ស្រី ​បាន​បន្ដ​ថា ​ក្នុង​ឆ្នាំ​២០២៣​នេះ​ ទំនាក់​ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ចិន ត្រូវ​បាន​បង្ហាញ​យ៉ាងច្បាស់​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​ទាំង​​២។ 

លោក​ស្រី សាន់​ណា​រ៉ា បាន​លើក​ឡើង​ថា​៖ «​បើ​ប្រៀបធៀ​បទៅនឹង​ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ ទំនាក់​ទំនង​ការទូត​ក្នុង​រយៈ​ពេល​ ៦៥ ​ឆ្នាំនេះ​ ប្រទេស​ទាំង​២​ បាន​ឈាន​ដល់​កម្រិត​កិច្ច​សហ​ប្រតិ​បត្តិការ​ត្បូង​ពេជ្រដែល​ផ្តោតលើ​គម្រោង​កសាង​សហ​គមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ក្នុង​យុគ​សម័យ​ថ្មី​រវាង​រដ្ឋា​ភិ​បាលនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​រដ្ឋាភិ​បាល​នៃ​សា​ធារ​ណរ​ដ្ឋ ប្រជា​មានិត​ចិន​»​។​


ក្រុម​សិល្បៈ​របស់​សាកល​វិទ្យាល័​យ​គរុកោ​សល្យ​កាន​ណាន និង​​សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ​បាន​រួមគ្នា​សម្តែង​សិល្បៈ​ដែល​ពោរ​ពេញ​ដោយលក្ខណ​ពិសេស​របស់​វ​ប្ប​ធម៌​កម្ពុជា និង​ចិន ព្រ​មទាំង​ជន​ជាតិ​ភាគ​តិច​។​

​ការស​ម្ដែង​សិល្បៈនេះ​ផ្ដោត​លើ​សុភាសិ​ត​មួយ​របស់​ចិន«​មាន​និស្ស័យ​គង់​បាន​ជួ​បគ្នា ទោះ​បីជា​ឆ្ងាយ​ពីគ្នា​រាប់ពាន់​យោជន៍​» តែបាន​ពង្រឹង​ទំនាក់​ទំនង​វប្ប​ធម៌​សិល្បៈ​រវាង​ប្រទេស​ទាំង​២​​។ 

​លោក​ Qu Xiaoyun សាកល​វិទ្យា​ធិការ​ង​នៃ​សា​កល​វិទ្យា​ល័យ​គរុកោ​សល្យ​កាន​ណាន​ប្រទេស​ចិន បាន​លើកឡើង​ពី​ភាព​រឹង​មាំ​ចំពោះ​ទំនាក់​ទំនង​ដែក​ថែប​របស់​កម្ពុជា​និង​ចិន​។ 

​លោក​បាន​ថ្លែង​ថា​៖ «​ក្នុងនាម​ជា​ប្រទេស​ដ៏​សំខាន់​មួយ​លើ​វិថី​សូត្រ​សមុទ្រ​សត​វត្សរ៍​ទី​២១ កម្ពុជា​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុងការ​បន្ស៊ី​គ្នា​រវាង​គំនិត ​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ របស់​ចិន ក្នុង​ដំណើ​រការ​នេះ​ កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យ​អប់រំ​វាង​ភាគី​ទាំង​២​កាន់​តែ​ជិត​ស្និទ្ធ ​និង​ទទួលបា​ន​ផ្លែ​ផ្កា​ច្រើន​អនេក​»​។ 

​លោក​បាន​ឱ្យដឹ​ងថា នៅ​ឆ្នាំ​២០២២ ក្រោម​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​ក្រសួង​អប់រំ​ចិន​ និង​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​កម្ពុជា​ ការ​អប់រំ​ភាសា​ចិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុ​ង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា បា​ន​ដើរ​តួនាទី​យ៉ាង ​សំខាន់​ក្នុង​កោះ​ពង្រឹង​ចំណង​មិត្ត​ភាព​រវាង​ប្រជា​ជន​ទាំង​២ ​និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ប្រជា​ជន និង​ប្រជាជ​ន​។ 

​សិល្បករ​និង​សិល្ប​ការិនី​ប្រទេស​កម្ពុជា ​និង​ចិន បាន​រៀបចំ​កម្មវិធី​យ៉ាង​ច្រើន ដែល​បង្ហាញ​វប្ប​ធម៌​ចិន​ដោយ​តាមរយៈ​របាំ​បុរាណ ​ចម្រៀង​ប្រជា​ប្រិយ​ ចម្រៀង​ល្ខោន ក្បាច់​គុន និង​ការ​សម្តែង​សៀក​ជា​ដើម​។​

​លោក ​Xiaoyun បាន​បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ការ​សម្តែង​នា​ថ្ងៃ​នេះ​អាច​ញ៉ាំង​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ ​ជា​ឱកាស​សម្រាប់​ភ្ញៀវ​កិត្តិ​យស​ ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​វប្ប​ធម៌ ​បង្កើន​ការ​ស្វែង​យល់​ពីគ្នា​ទៅវិ​ញ​ទៅ មក​រវាង​ប្រជា​ជន​ទាំង​២​ ដោយ​តាមរ​យៈសិល្បៈ ​បង្កើន​ចំណង​មិ​ត្ដ​ភាព​នៃ​ប្រជា​ជន​ទាំង​ ២​ ឱ្យ​កាន់តែ​ស៊ីជ​ម្រៅ​»​។​

​លោក​ Chang Jian អគ្គ​ទីប្រឹក្សា​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​ឱ្យដឹងថា​ ប៉ុន្មាន​ឆ្នាំ​នេះ ​ក្រោម​ការណែនាំ​ជា​យុទ្ធ​សាស្ត្រ​របស់​ប្រធា​នាធិ​បតី​ចិន Xi Jinping ជាមួយ​ព្រះក​រុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនា​ថ នរោត្តម ​សីហមុនី ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ ដល់​ដំណាក់​កាល​ថ្មី​មួយ​ទៀត​ជា​ប្រវត្តិសា​ស្ត្រ​ ដើម្បី​ចូលរួម​កសាង​ស​សហ​គម​ន៍សា​សនា​រួម​រវាង​ចិន​និង​កម្ពុជា​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​កម្រិត​ខ្ពស់ ​និង​ស្ដង់​ដា​ខ្ពស់​នៅ​ក្នុង​យុគ​សម័យ​ថ្មី​។ 

​លោក​បាន​ថ្លែង​ថា​៖«​រយៈ​ពេល​៦៥​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ទាំង២​មាន​ជំនឿ​ចិត្តនឹ​ង​គាំទ្រគ្នា​ទៅវិ​ញទៅម​ក និង​ព្រមទាំ​ង​ទទួល​បាន​សមិទ្ធ​ផល​ផ្លែផ្កា​​ក្នុង​ការ​ផ្លាស់​ប្តូរ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នយោ​បាយ​ សេដ្ឋ​កិច្ច ​វប្បធម៌ និង​យោធា​ជា​ដើម​ បង្កើត​បាន​ជា​អ្នក​ជិត​ខាង​ល្អ​ប្រៀប​ដូច​ជា ​បងប្អូន​»​។ 

​លោក​បានបន្ដ​ថា អំឡុង​ពេល​លោក ហ៊ុ​ន ម៉ា​ណែ​ត បាន​ចូល​រួម​វេទិកា​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​៣ ​ដែល​រៀបចំ​ឡើង​នៅរដ្ឋធានី​ប៉េកាំង​ កាល​ពី​ខែតុ​លា​ ​លោក Xi Jinping និង​លោកនា​យក​រដ្ឋ​មន្ដ្រី​កម្ពុជា បានរួ​ម​គ្នាប្រកា​ស​ឆ្នាំ​២០២៤​ ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រ​ជាជ​ន និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង២​។​

​លោក​បាន​បន្ថែម​ថា​៖ «​យើង​ជឿជាក់​ថា ក្រោម​ការដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ថ្នាក់ដឹ​កនាំ​កំពូលៗ​នៃ​ប្រទេស​ទាំង២​ ទំនាក់ទំ​នង​រវាង​ប្រជា​ជន​ និង​ប្រជា​ជន​កម្ពុជា និង​ចិន នឹង​ទទួល​បាន​លទ្ធ​ផល​កាន់តែ​ត្រចះ​ត្រចង់​នា​ឆ្នាំ​ថ្មី​ខាងមុខ​នេះ​»​។ 

​ជា​មួយ​គ្នានេះ​​គណៈ​ប្រតិភូ​សាក​លវិទ្យា​ល័យ​គរុកោ​សល្យ​កាន​ណាន ​ប្រទេស​ចិន ក៏​ទទួល​បាន​ការអញ្ជើញ​ចូល​រួម​សម្តែង​ក្នុងពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កែប​ផង​ដែរ​៕ 

ហុង រស្មី

ហុង រស្មី