ភ្នំពេញៈ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​២០២៣​ខាងមុខ ក្នុង​ខួប​លើក​ទី​៧៥ រដ្ឋាភិបាល​កម្ពុជា​នឹង​បង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់​លើកកម្ពស់​សិទ្ធិមនុស្ស​តាមរយៈ​ការ​ថ្លែង​សុន្ទរកថា ក្នុង​ព្រឹត្តិការណ៍​កម្រិត​ខ្ពស់​នៅ​ស្នាក់ការ​សិទ្ធិមនុស្ស​អន្តរជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ចំពោះ​ការពង្រឹង​កិច្ច​គាំពារ​សង្គម​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កន្លងមក និង​បាន​ច្របាច់​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។ 


នេះ​ជាការ​ថ្លែង​ឡើង​របស់លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ​តាមរយៈ​វីដេអូ​ឃ្លី​ប​ផ្សព្វផ្សាយ​ដោយ CHRC កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​សម្រាប់​ថ្ងៃទី​១០​ធ្នូ ខាងមុខ​។​

លោក​បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​ចូលរួម​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​(OHCHR) ដើម្បី​អបអរ​ព្រឹត្តិការណ៍​ខួប​នៃ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជា​សកល​នេះ​។​


​លោក កែវ រ៉េមី បាន​អះអាង​ទៀតថា​៖ «​កម្ពុជា​នឹងចូលរួម​ដោយផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ខ្ពស់​នៃ​ខួប​លើក​ទី​៧៥​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែធ្នូ ខាងមុខ នៅ​ទីក្រុង​ហ្សឺ​ណែវ ដែលជា​ទីស្នាក់ការ​កណ្តា​ល​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ជាមួយ​ការ​ថ្លែង​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ការអនុវត្ត​កន្លងមក និង​ការច្របាច់បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រដ្ឋាភិបាល​កម្ពុជា​»​។​

​សូមបញ្ជាក់ថា ក្នុង​ចំណុច​លើកកម្ពស់​សិទ្ធិមនុស្ស​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​លោក​កែវ រ៉េមី លើកឡើង​នេះ មាន​គោលនយោបាយ​អាទិភាព​ចំនួន ៦​ចំណុច​។ 


លោក​ថា ចំណុច​ទី​១ ផ្តល់​ការថែទាំ​សុខភាព ឆ្ពោះទៅ​កម្មវិធី​គ្របដណ្តប់​សុខភាព​ជាស​កល​, ទី​២ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​, ទី​៣ ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ​នៅក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​គ្រា​មាន​គ្រោះអាសន្ន​។​

លោក​បាន​បន្តថា ចំណុច​ទី​៤ ដាក់ចេញ និង​ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមាន​លទ្ធភាព​ចូលរួម​ទៅក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​, ទី​៥ ដាក់ចេញ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ និង​ទី​៦ ដាក់ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់ ដែលមាន​សកម្មភាព​ក​សិ​កម្ម នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ ជាពិសេស​នៅ​ទីជនបទ​។​

លោក កែវ រ៉េមី បាន​សង្កត់ធ្ងន់ថា​៖ «​រដ្ឋាភិបាល​បានបង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់ និង​គ្រប់​យន្តការ​របស់​អង្គការសហប្រជាជាតិ​។ កម្ពុជា​ឈានមុខ​គេ​ដែល​បាន​ទទួលយក​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស​ចំនួន​៨ ក្នុងចំណោម​៩»​។​

​លោក​បន្តថា កម្ពុជា​បានអនុញ្ញាត​ឱ្យមាន​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លើ​ទឹកដី​របស់ខ្លួន ហើយ​មាន​វត្តមាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង ជាពិសេស គ្មាន​ឡើយ​ច្បាប់​ប្រហារជីវិត​នៅ​កម្ពុជា​។​

លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​តាំងពី​សម័យ​ដឹកនាំ​របស់លោក​ហ៊ុន សែន បាន​ធានា​លទ្ធិប្រជាធិបតេយ្យ និង​សន្តិសុខ ដែលជា​មូលដ្ឋាន​ទៅលើ​ការគោរព​សិទ្ធិមនុស្ស ហើយ​សិទ្ធិមនុស្ស​ទៀតសោត ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ជាតិ​ឆ្នាំ​១៩៩៣​។​

លោក ​សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថ្លែងថា ការណ៍​ដែល​រដ្ឋាភិបាល​បង្ហាញ​ការប្តេជ្ញាចិត្ត​នោះ គឺ​ល្អ​ហើយ ប៉ុន្តែ​ខាង​សង្គម​ស៊ីវិល​ចង់ឃើញ​មានការ​អនុវត្តតាម​កា​រ​ប្តេជ្ញាចិត្ត ដោយ​ត្រូវ​ពិចារណា​បើក​លម្ហ​សិទ្ធិសេរីភាព ជាពិសេស​សិទ្ធិ​នយោបាយ ការពិនិត្យ​លើ​ច្បាប់​នានា​ឡើងវិញ​៕