ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​ឱ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ចុះ​ត្រួតពិនិត្យ និង​មាន​វិធាន​ការឱ្យ​តឹងរ៉ឹង​បំផុត​ទៅលើ​រថយន្ត​ធុន​ធំៗ ដែល​បិទ​វាំងនន និង​ស្ទិ​ក​ឃ័​រ​ពណ៌​ខ្មៅ​នៅលើ​កញ្ចក់​ខាងមុខ​រថយន្ត​។  


លោក ស សុខា បានដាក់​បទបញ្ជា​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​លើក​ទី​២ ឆ្នាំ​២០២១-២០៣០ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅ​។​

លោក​បាន​ថ្លែងថា​៖«​ក្រុមហ៊ុន​ដឹកជញ្ជូន បើ​អាចទៅរួច ខ្ញុំ​ស្នើសុំ​ឯកឧត្តម​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេត្តា​ចុះ​ត្រួតពិនិត្យ មិនមែន​ហាម​មិនឱ្យ​បិទ​ខ្មៅ​ទេ ប៉ុន្តែ​អា​វាំងនន​ជុំវិញ​នោះ ព្រោះ​មែនទែនទៅ​កញ្ចក់​ធ្វើ​មកឱ្យ​យើង​មើលឃើញ​ ១០០% ប៉ុន្តែ​នៅពេល​យើង​បាំង​ទាំងអស់ គាត់​ឃើញតែ​ប៉ុន្មាន​ភាគរយ​នៃ​ទំហំ​កញ្ចក់ អ៊ីចឹង​ការសម្រេចចិត្ត​របស់គាត់​ក៏​ទៅតាម​ហ្នឹង​ដែរ​»​។​


លោក ស សុខា បាន​បន្តថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ក៏​គួរ​មាន​វិធានការ​ទៅលើ​ការបិទ​កញ្ចក់​នៅ​សងខាង​នៃ​រថយន្ត​ដែរ ព្រោះ​ការបិទ​នោះ គឺ​ការពារ​កម្ដៅ ប៉ុន្តែ​សម្រាប់​កញ្ចក់​នៅខាងមុខ គឺ​ហាម​ដាច់ខាត​មិនអាច​ឱ្យ​ដាក់​វាំងនន ឬ​ស្ទិ​ក​ឃ័​របាំង​ទេ ក្រៅតែពី​ក្រដាស​ពន្ធ ឬ​ពន្ធ​ផ្លូវ​តែប៉ុណ្ណោះ​»​។   

​លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣ បាន​ប្រាប់​ឱ្យដឹងថា លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែធ្នូ បានដាក់​ផែនការ​ឱ្យ​នគរបាល​នៅតាម​ខណ្ឌ​មួយចំនួន​រួចហើយ ឱ្យ​រឹតបន្តឹង និង​អនុវត្ត​ចំពោះ​រថយន្ត​ដែល​បាន​បិទ​កញ្ចក់​ខ្មៅ និង​មាន​វាំងនន​នៅខាងមុខ​រថយន្ត​។​


លោក សំ វិច្ឆិកា បាន​ប្រាប់ថា​៖ «​កិច្ចការងារ​នេះ បើ​ពិនិត្យមើល​ទៅលើ​លក្ខណៈ​បច្ចេកទេស វា​ខុស​ហើយ រថយន្ត​ធំៗ ភាគច្រើន ដូចជា​ឡាន​ដឹក​ដី ឬ​ឡានធំៗ គាត់​បិទ​កញ្ចក់​ខ្មៅ គាត់​បាំងវាំងនន​ជិតៗ វា​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​ដែរ ហើយ​ថ្នាក់លើ​ដាក់បទបញ្ជា​មក គឺ​ក្នុងនាម​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​កិច្ចការងារ​នេះ​»​។

 លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី នៅ​ថ្ងៃទី​៣ ខែធ្នូ បាន​ថ្លែង​ដោយ​គាំទ្រ​លើ​ការត្រួតពិនិត្យ និង​ចំណាត់ការ​ចំពោះ​រថយន្ត​ធុន​ធំ​ដែលមាន​ដាក់​វាំងនន និង​បិទ​ស្ទិ​ក​ឃ័​រ​ពណ៌​ខ្មៅ​នេះ ព្រោះ​ការដាក់​វាំងនន និង​បិទ​ស្ទិ​ក​ឃ័​រ​ពណ៌​ខ្មៅ​នេះ ក៏​ជាហេតុ​មួយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ផងដែរ ខណៈ​មាន​ករណីខ្លះ នៅពេលដែល​ពលរដ្ឋ​ឈប់​នៅ​ស្តុ​ប រថយន្ត​ទាំងនោះ​មកពី​ក្រោយ​បុក​តែម្តង ក៏មាន​។​

លោក គឹម បញ្ញា ថ្លែង​ដោយ​ស្នើ​ដល់​ក្រសួងមហាផ្ទៃ គួរតែ​ចេញ​សេចក្តីណែនាំ​សមស្រប​ណាមួយ​ដល់​ម្ចាស់​ក្រុមហ៊ុន ដែលមាន​រថយន្ត​ធុន​ធំ​ដោយ​កំណត់​ទំហំ​ដែល​អាច​បិទ​ស្ទិ​ក​ឃ័​រ ឬ​វាំងនន​នេះ​បាន​។ រីឯ​ចំពោះ​បុគ្គល​វិញ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​ខណ្ឌ ត្រូវ​កោះហៅ​ម្ចាស់​រថយន្ត​នោះមក​ណែនាំ និង​បន្ទាប់មក​ត្រូវមាន​វិធានការ​ជាក់ស្តែង និង​ជាប្រចាំ ដូច​ទៅនឹង​វិធានការ​ករណី​រថយន្ត​ត​ទ្រុង​ជាដើម​។ 

លោក​បានស្នើ​ទៀតថា​៖«​ខ្ញុំ​លើក​ទឺ​ក​ចិត្ត​ឱ្យមាន​ក្រុម​ល្បាត​ចល័ត​ផងដែរ ដែល​ក្រុម​ល្បាត​ចល័ត​នេះ ត្រូវ​ត្រួតពិនិត្យ​រថយន្ត ដែល​គាត់​បិទ​ស្ទិ​ក​ឃ័​រ ឬ​វាំងនន​ខុសពី​ច្បាប់ ត្រូវ​ជិះ​ធ្វើ​ការឃាត់​រថយន្ត​ប្រភេទ​នេះ នៅ​កន្លែង​សមស្រប​ណាមួយ យកមកអនុវត្ត​វិធានការ​ច្បាប់​របស់​យើង​»​។​

យោងតាម​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅ​ឆ្នាំ​២០១១ អត្រា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ធៀប​នឹង​ចំនួន​យានយន្ត​ចុះបញ្ជី ១០ ០០០​ គ្រឿង គឺមាន​ចំនួន ១០ ​នាក់ ប៉ុន្តែ​អត្រា​នេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ២,៨ ​នាក់ នៅ​ឆ្នាំ​២០២០ និង ២,៦​ នាក់ នៅ​ឆ្នាំ​២០២២​។ ក្នុងចំណោម​អ្នកស្លាប់​សរុប​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ប្រមាណ​ជាង​៧៥% ជា​អ្នកប្រើប្រាស់​ម៉ូតូ​។​

​ក្នុង​រយៈពេល​ប្រមាណ ​១០ ​ឆ្នាំ នៃ​ការអនុវត្ត​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១ ឆ្នាំ​២០១១- ២០២០ កម្ពុជា​បាន​កាត់បន្ថយ​អត្រា​អ្នកស្លាប់​ ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​​ផ្លូវគោក ធៀប​នឹង​ចំនួន​ប្រជាជន ១០០ ០០០​ នាក់ ពី​ ១៣,១ ​នាក់ នៅ​ឆ្នាំ​២០១១ មក​នៅត្រឹម ១០,៩​ នាក់ នៅ​ឆ្នាំ​២០២០ និង​ ១០,១​ នាក់ នៅ​ឆ្នាំ​២០២២​។ 

ក្រសួង​បាន​បន្តថា កត្តា​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ កត្តា​មនុស្ស​ចំនួន ៩៦,៨% កត្តា​យានយន្ត​ចំនួន ២,៨% និង​កត្តា​ផ្លូវ​ចំនួន ០,៦%​។ ក្នុង​ឆ្នាំ​២០២០ ដោយ​យោងតាម​ការសិក្សា​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​ជំនាញ​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) កម្ពុជា​ត្រូវបាន​ប៉ាន់ស្មាន ពី​ការខាតបង់​សេដ្ឋកិច្ច ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មាន​ចំនួន ប្រមាណ ៣៧៩,២​លាន​ដុល្លារ​អាមេរិក​៕