ភ្នំពេញៈ យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​១ កញ្ញា រហូតដល់ ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០២៣ មនុស្ស​ប្រមាណ​ជាង ៣,៣០ ​លាន​នាក់ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុង​រយៈពេល​ជាង​១​ខែ ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» «​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិ​ក​»​។​


ក្រសួង​បាន​បញ្ជាក់ថា អ្នកចូលរួម​ទាំងនោះ រួមមាន​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន ១១៨,០២២ នាក់ សិស្សានុសិស្ស​សរុប​ចំនួន ២ ៩៧៤ ៩១២ នាក់ កម្មករ​កម្ម​ការិនី និង​អ្នកចូលរួម​ផ្សេងៗ​ទៀត សរុប​ចំនួន ៥៦២ ២៧០ នាក់ ដោយ​ផ្សព្វផ្សាយ​សរុប​បាន​ចំនួន ១០ ២៥១ លើក ក្នុង​សាលារៀន​សរុប​ចំនួន ៧ ១៣៥ សាលា​, រោងចក្រ ១៧៩, វត្ត​អារាម ២៨ និង​សហគមន៍ ទីប្រជុំជន ចំនួន ៧១ កន្លែង នៅ​ទូទាំងប្រទេស​។​

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែធ្នូ បាន​ប្រាប់​ឱ្យដឹងថា លោក​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ ដែល​ក្នុង​នោះវាបានធ្វើ​ទៅដល់​កម្ម​ករក​ម្ម​ការិនី នៅតាម​បណ្តា​រោងចក្រ សហគ្រាស ព្រោះ​មាន​រោងចក្រ​ជាច្រើន​នៅ​កម្ពុជា បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន ហើយ​ទុកដាក់​មិនបាន​ត្រឹមត្រូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។​


ជាមួយគ្នានេះ លោក អាត់ ធន់ បានស្នើ​ដល់​ក្រសួងបរិស្ថាន​ឱ្យ​បន្ត​នូវ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​ទៅដល់​កម្មករ​កម្មកា​រិ​នី​ផ្សេងទៀត នៅតាម​បណ្តា​រោងចក្រ​នៅ​ទូទាំងប្រទេស ដើម្បីឱ្យ​ពួកគាត់​ចូលរួម​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ដើម្បី​សោភណភាព និង​បរិស្ថាន​ព្រមទាំង​អនាម័យ​នៅតាម​រោងចក្រ​។​

ចំណែក លោក ចេង លឹម​ហ៊​ន់ ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា ខេត្តព្រះវិហារ ក៏បាន​ប្រាប់​ដែរ​ថា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅតាម​សាលារៀន​ក្នុង​ខេត្តព្រះវិហារ​នេះ បាននិងកំពុង​យកចិត្ត​ដាក់​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​ផងដែរ​។​


លោក​បាន​ថ្លែងថា​៖ «​ប្លា​ស្ទិ​ក​នេះ​នៅពេលដែល​មានការ​ប្រើប្រាស់​ច្រើន បង្ក​គ្រោះថ្នាក់​ជាច្រើន ជាពិសេស​ប៉ះពាល់​ដល់​ប​រិ​ស្ថាន និង​ខូច​សោភណភាព នៅពេល​ដែលមាន​ប្លា​ស្ទិ​ក​ត្រូវបាន​ចោល​ពាសវាលពាសកាល និង​ទុកដាក់​មិនបាន​ត្រឹមត្រូវ​»​។​

លោក​បាន​បន្តថា ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ​សាលារៀន​នៅក្នុង​ក្រុង​ព្រះវិហារ​បានចាប់ផ្តើម​អនុវត្ត​សាកល្បង​នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ នេះ ដោយ​ចាប់ផ្តើម មិនឱ្យ​មាន​លក់​នំ និង​ចំណី​ណា​ដែល​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដោយ​ឱ្យ​ជំនួស​មកប្រើប្រាស់​ស្លឹកចេក ឬក៏​ស្លឹកឈើ​ផ្សេងៗ​វិញ​។​

លោក ចេង លឹម​ហ៊​ន់ បាន​ថ្លែងថា​៖ «​ថង់​ប្លា​ស្ទិ​ក មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​បរិស្ថាន នៅពេលដែល​យើង​ប្រើប្រាស់​ច្រើន ហើយ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​។ ដូច្នេះ យើង​ចាប់ផ្តើម មិនឱ្យ​ប្រើ​ថង់​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​ក្នុង​ក្រុង​សិន សម្រាប់​ឆ្នាំ​សិក្សា ២០២៣-២០២៤ បើ​ជោគជ័យ យើង​នឹង​ពង្រីក​ទៅតាម​សាលារៀន​នៅតាម​បណ្តា​ស្រុក​ផ្សេងទៀត​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​តែម្តង​»៕