សៀមរាបៈ​លោក ​ថោង ខុន ​ទេសរ​ដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈក​ម្មាធិ​ការ​ជាតិ​អូឡាំពិ​ក​កម្ពុជា​(NOCC) ត្រូវបា​ន​អង្គ​មហា​សន្និ​បាត​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ជា​សមា​ជិក​កិត្តិ​យស​របស់​ក្លិប​។ 


​លោក ​Louis Thebault ប្រធាន​ក្លិប​នេះ​បាន​ប្រគល់​វិញ្ញា​បន​បត្រ​សមាជិ​ក​កិត្តិ​យស​នេះ​ដល់​លោក​ ថោង ​ខុន​ក្នុង​ឱកាស​នៃ​ទិវា​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​នៅ​ខេត្ត​សៀម​រាប នៅ​​ថ្ងៃទី​៣ ខែធ្នូ​។ 

​លោក ​Louis Thebault បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា លោក ​ថោង ​ខុន គឺជា​ឥស្សរ​ជន​ដ៏​ឆ្នើម​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមា​ជិក​ក្លិប​នេះ​តាំងពី​ឆ្នាំ​២០១០​ ហើយ​បន្ត​មក​ទៀត លោក​បាន​រៀប​ចំ​ឱ្យ​មាន​យន្តកា​រ​ស្ថាប័​ន​មួយ​ចំនួន​ដូច​ជា​ គណៈ​ក​ម្មាធិកា​រ​ជាតិ​គ្រប់​គ្រង​និង​អភិ​វឌ្ឍ​ន៍តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​និង​ការ​រៀបចំ​​ឱ្យ​មាន​បុណ្យ​សមុទ្រ​ជា​ដើមដែល​ផ្ដើម​ចេញ​អំពី​ក្លិប​នេះ​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​ឆ្នេរ​សមុទ្រ​កម្ពុជា​បានប​ង្ហាញ​​អំពី​ភាព​ស្រស់​ស្អាត​របស់ខ្លួន​សក្ដានុព​ល​ជា​ច្រើន​រាប់​តាំងពី​កោះ​ ទីក្រុង​តំបន់​ព្រៃកោ​ងកា​ង​នៅ​ពាម​ក្រសោប​នៅ​កោះកុង​​។ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​រក្សា​នូវ​​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ចាប់​តាំង​ពី​ចូល​ជា​សមា​ជិក​ក្លិប​នេះ​កាល​ពី​ឆ្នាំ​២០១១ ​រហូត​មក​ទល់​បច្ចុ​ប្បន្ន​»​។​

​លោក Louis Thebault​ បាន​កោត​សរ​សើរ​ ​លោក ​ថោង​ ខុន​ ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ទេស​ចរណ៍​ផង ​និង​ជា​តំណាង​ឆ្នេរ​សមុទ្រ​កម្ពុជា​ផង ​ដែល​បាន​ធ្វើ​កិច្ច​ការ​ជាច្រើ​ន​ដែល​ធ្វើឱ្យ​​អន្តរជា​តិ​កោតសរ​សើរ​​ចំពោះ​ការ​គ្រ​ប់គ្រង​តំបន់​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​។​


​ជា​មួយ​គ្នា​នេះ​លោក​ប្រធាន​ក្លិប​រូប​នេះ​បាន​ថ្លែងអំណ​រ​គុណ​ចំពោះ​កម្ពុជា​ ជាពិសេ​ស​លោក ថោ​ង ខុ​ន ផ្ទាល់​ដែល​បាន​រៀប​ចំ​ម​ហាសន្និ​បាត​ចំនួន​២​លើក​ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១៣ និង​លើក​ទី​២​នៅ​ឆ្នាំ​២០២០ ​ដែល​បាន​ធ្វើឱ្យ​​គណៈប្រ​តិភូ​ជាច្រើន​ពេញ​ចិត្ត​ចំពោះ​ការរៀ​បចំ​កម្រិត​ថ្នាក់​ជាតិ​របស់​កម្ពុជា ​ហើយ​លោក​ថា លោក ​ថោង ខុន ​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ទទួល​បាន​តួនាទី​​ជា​សមា​ជិក​កិត្តិ​យស​នេះ​។​

​លោក​ ថោង ខុន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ថា លោក​មាន​សេចក្តី​រំភើប​ណាស់​ចំពោះ​ការ​ខិត​ខំ​របស់លោ​ក Louis Thebault​ ក្នុង​ការ​ផ្តល់​កិត្តិ​យស​ប្រគល់​វិញ្ញា​បន​បត្រ​សមា​ជិក​ក្លិប​នេះ​ដល់​រូបលោ​ក​។ ​លោក​បញ្ជាក់​ថា លោក​នឹង​ខិត​ខំបន្ត​ទៀត​ដោយ​ជំ​រុញ​ឱ្យ​ក្រសួង​ស្ថា​ប័ន​ពាក់ព័​ន្ធ​ទាំង​អស់​ខិតខំ​ថែរ​ក្សា គ្រ​ប់គ្រង ​និង​អភិវឌ្ឍ​ឆ្នេរ​របស់​កម្ពុជា​ប្រកប​ដោយ​និរន្តរ​ភាព​និង​ការ​អភិវឌ្ឍ​ដើម្បី​ទាក់​ទាញ​ទេសច​រ​ឆ្នេរ​ឱ្យ​បាន​ច្រើន​៕