​ភ្នំពេញៈ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស សុខា រ​ដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បា​នស្នើ​ដល់​អភិបា​ល​រាជធានី​-ខេត្ត ​ពិនិត្យ​ពិចារ​ណា​ក្នុងកា​រ​បង្កើត​ផ្សារ​រាត្រី​ ឱ្យបា​ន​ច្រើន​ដោយ​កំណត់​យក​តំបន់​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​ដែល​អាច​ចាប់​ផ្តើម​បើក​ផ្សារ​រាត្រី​នេះ ​២ ​ថ្ងៃ ​ក្នុង ​១​ សប្តាហ៍​ ដោយ​​ការរៀប​ចំ​នេះ មាន​លក្ខណៈ​ស្រដៀ​ង​នឹង​ផាប់​ស្ទ្រី​ត (Pub Street)​​ នៅ​ខេត្ត​សៀមរា​ប ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទា​ក់​​ទា​ញ​ភ្ញៀវទេ​សចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​របស់​ខ្លួន​។​


​លោក ​ស សុខា បាន​ថ្លែង​ដូចនេះ​ នៅក្នុង​ពិធី​ផ្សព្វផ្សា​យ​ផែនកា​រ​ជាតិ​ទសវ​ត្សរ៍​សកម្មភា​ព​សុវត្ថិ​ភាព​ចរាច​រណ៍​ផ្លូវគោ​ក​ឆ្នាំ​២០២១-២០៣០ ​កាល​ពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​។​

​លោក​បាន​បញ្ជាក់​ថា ៖«​សូមឱ្យ​អភិ​បាល​រាជ​ធានី​-ខេត្ត​ មេត្តា​ពិនិត្យ​យក​ទីតាំង​ណាមួ​យ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ដើម្បី​ជា​ភាព​ទាក់​ទាញ​។ នៅ​ភ្នំពេញ​ក៏​ដូចគ្នា​ដែរ​ ដោយ​សារ​នៅទី​នេះ​មាន​ទីតាំង​ច្រើន​ណាស់ដែល​យើង​អាច​សិក្សា ប៉ុ​ន្តែ​សូមឱ្យ​ផ្តោត​ទៅ​លើ​កា​រងារ​ធំៗ​២ គឺ​ទី​១​រឿង​សន្តិ​សុខ ទី​២​រឿង​ចំណត​ ព្រោះ​មិន​អាច​បិទ​បាំង​ហើយ​ស្ទះ​ចរាចរ​ណ៍ប្រជា​ពលរដ្ឋ​កាន់តែ​ជេរ​យើង​ថែម​ទៀត​នោះ​ទេ​»​។​


​លោក​រដ្ឋ​មន្ត្រី​ ស សុខា បាន​បន្ត​ថា​៖«​នៅ​ក្នុង​ផែន​ការ​ ខ្ញុំ​គិត​ថា ​យើង​នឹង​អាច​ចាប់​ផ្តើម​បាន​នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០២៤ ​ខាង​មុខ​ ក្នុង​គោលដៅ​​ដើម្បី​មាន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត​ដល់​ខេត្ត​របស់​យើង​ដោយ​សារតែ​ឥឡូវ​ការ​ផ្តល់​អាទិ​ភាព​ក្នុង​ការ​ទាក់​ផ្នែក​ទេសច​រណ៍​នេះ មា​ន​ភាព​សកម្ម​ណាស់​នៅ​លើ​ពិភព​លោក​»​។​

លោក​បាន​បន្ថែមថា​ ដោយសា​រតែ​គេ​មិន​ទា​ន់​អាច​ព្យាករ​បាន​ច្បាស់​លាស់​ពី​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​២០២៤​និង​២០២៥ នា​ពេល​ខាង​មុខ​បាន​នៅ​ឡើយ ​ដូច្នេះ​កម្ពុជា​ខ្លួន​ឯងត្រូវ​មាន​ភាពរឹ​ងមាំ និ​ង​គិតគូ​រ​ឱ្យបាន​ច្បាស់​លាស់​ តា​មរយៈ​ការ​រៀប​ចំ​ផែន​ការ​រក​ចំណូល និង​ចំណាយ​នៅ​ក្នុង​ស្រុក​។​


លោក ​ឡុង ឌី​ម៉ង់ អភិបា​លរង​ខេត្ត​​ព្រះសីហនុ បាន​ឱ្យដឹង​ថា ដោយ​សារ​ខេត្ដព្រះសីហ​នុ ជា​ខេត្ត​ទេស​ចរណ៍​ស្រាប់ ដូ​ចនេះ​ការ​ជ្រើ​សរើស​ទីតាំង​នានា​ក្នុង​ការ​រៀប​ចំ​ផ្សារ​រាត្រី គឺ​មិន​មាន​ការ​លំបាក​ទេ ​ដោយ​លោក​យល់​ស្រប​នឹង​ផែនកា​រ​របស់​រ​ដ្ឋមន្ត្រី​មហាផ្ទៃ​​ ​។​

​លោក​បាន​ថ្លែង​ថា​៖«​ខេត្ត​ព្រះសី​ហនុ​យើង ​មាន​ទីតាំង​សក្តានុ​ពល​ច្រើន​ក្នុង​ការរៀ​បចំ​ជា​ផ្សារ​រាត្រី​ចុង​សប្តា​ហ៍​បែបនេះ​។ នេះ​អាច​ចាត់ទុ​ក​ថា ជា​ផលិតផ​ល​ទេសច​រណ៍​បន្ថែម​ទៀ​តរ​បស់​ខេត្ត ​ដែល​ទាក់​ទាញ​ដល់​អ្នក​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត​កាន់​តែ​ច្រើន​ឡើង​នា​ពេល​ចុង​សប្តាហ៍​»​។​

​ជុំវិញ​ការលើ​កឡើ​ង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះដែរ អ្ន​កជំនា​ញ​នៅ​ក្នុង​វិស័យ​ទេសចរ​ណ៍ ​និង​ជាទី​ប្រឹក្សា​ស​មាគ​មទីភ្នាក់​ងារ​ទេសចរ​ណ៍​កម្ពុជា​ លោក ​ហូ វណ្ឌី​ បានយល់​ស្រប​ចំពោះ​ផែន​ការ​នេះ ដោយ​​លោក​ថ្លែង​ថា វា​ផ្នែក​មួយ​ដែល​រុញ​កំណើន​ទេស​ចរ​ក្នុង​ស្រុក​បន្ថែម​ទៀត​ ដោយ​កម្ពុជា​មិន​អាច​ពឹ​ងផ្អែក​តែ​ទេស​ចរ​បរ​ទេស​មួ​យ​មុខ​នោះ​ទេ​។​

​លោក​បាន​បន្ថែម​ថា កន្លងម​ក ផ្សារ​រាត្រី​មាន​តែ​នៅ​តាម​បណ្តា​ខេត្ត​ធំៗ​និង​ល្បី​មួយ​ចំនួន​ប៉ុណ្ណោះ​ ខណៈ​លោក​សង្កេត​ឃើញ​ថា បណ្តា​ខេត្ត​ផ្សេង​ទៀត​ក៏មាន​សក្តានុព​ល​ក្នុងកា​រ​រៀបចំ​ឱ្យ​ផ្សារ​រាត្រី​នេះ​បាន​ដែរ​ ដើម្បី​ទាក់ទា​ញ​ទេសចរ​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​។​

​លោក ​ហូ ​វណ្ឌី បាន​បញ្ជាក់​ថា​៖«​តាមពិ​ត​ទៅ យើង​ឃើញថា​ កន្លង​មក​មាន​តែ​ភ្នំពេញ​ សៀមរា​ប ជាដើ​ម ដែ​លជា​ខេត្ត​មាន​ផ្សារ​រាត្រី​ច្រើន​កន្លែង​។ ផ្សារ​រាត្រី អា​ច​ចាត់ទុ​កថា​ ជា​តំបន់​ទេសច​រណ៍​មួយ​ដែលមា​ន​សារៈ​សំខាន់​ដែរ​។ កន្លង​មក​យើង​ឃើញ​ថា ទាំ​ង​ទេសច​រ​ជាតិ​និង​អន្តរជា​តិ​ចូលចិ​ត្ត​ទៅ​កម្សាន្ត​ នៅ​ផ្សារ​រាត្រី​មាត់​ទន្លេ​នៅ​ភ្នំពេញ ​ដោយ​សារ​ផ្សារ​រាត្រី​នេះ មាន​លក់​ទំនិញ​ចម្រុះ មាន​តម្លៃ​សមរ​ម្យ និង​ថែម​ទាំង​អាច​កម្សាន្ត​សប្បាយ​ជា​មួយ​ការ​សម្តែង​សិល្បៈ​ទៀត​ផង​»៕