ភ្នំពេញៈ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានបង្ក្រាបរថយន្ត ១ គ្រឿង ដែលដឹកស៊ុតសត្វមាន់ និងស៊ុតសត្វក្រួច សរុបចំនួនជាង ១០ ០០០ គ្រាប់ ពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែង ចូលមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត។
លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែធ្នូថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់រថយន្ ត១ គ្រឿង ដែលបានដឹកស៊ុតសត្វមាន់ចំនួន ៥ ម៉ឺនគ្រាប់ និងស៊ុតសត្វក្រួចចំនួន ៧ ម៉ឺនគ្រាប់ ចេញមកពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោកបានឱ្យដឹងថា រថយន្តដែលដឹកស៊ុតសត្វទាំងនោះ ត្រូវបានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា៖ «វត្ថុតាង និងបទល្មើសនេះ ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី »។
ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ថា សម្រាប់ប្រទេសកម្ពុជា សព្វថ្ងៃនេះ ទាំងការផ្គត់ផ្គង់សត្វមាន់ និងការផ្គត់ផ្គង់ស៊ុតសត្វមាន់ផងដែរ គឺមិនចាំបាច់ត្រូវការនាំចូលពីប្រទេសជិតខាង ទេ ដោយសារអ្នកចិញ្ចឹមសត្វក្នុងស្រុកអាចផលិតបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
លោកបានបន្តថា ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ អ្នកចិញ្ចឹមសត្វក៏អាចផលិតបានសម្រាប់ផ្តត់ផ្គង់ទីផ្សារនៅក្រៅស្រុកបានផងដែរ។
លោកបានថ្លែងថា៖ «កាលណាយើងចិញ្ចឹមបាន ផលិតក៏បានដែរ ហើយបើមានគេនាំចូលមកស្រុកយើង ផ្ទះយើងអ៊ីចឹង វាមានបញ្ហា និងប៉ះពាល់ដល់ការចិញ្ចឹមហើយ ទោះបីជាចំនួននោះតិចតួចក៏ដោយ»។
បើតាមលោក ស្រ៊ុន ពៅ បើទោះបីទំហំនៃការនាំចូលស៊ុតសត្វទាំងនេះ មានចំនួនតិចក្ដីច្រើនក្ដី ប៉ុន្តែប្រសិនបើស៊ុតសត្វទាំងនោះត្រូវបានលក់ និងចែកចាយ វាមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកបរិភោគនោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ទៅដល់អ្នកចិញ្ចឹមក្នុងប្រទេសផងដែរ។ ជាពិសេសការនាំចូលមកដោយគ្មានលិខិតស្នាម ឬលិខិតអនុញ្ញាត និងការត្រួតពិនិត្យ វាកាន់តែមានផលប៉ះពាល់ខ្លាំងទៅដល់អ្នកទិញយកទៅបរិភោគ។
សូមបញ្ជាក់ថា គិតចាប់ពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបរថយន្តដឹកស៊ុតសត្វមាន់ សត្វទា និងស៊ុតសត្វក្រួចសរុបចំនួន ៥ ករណី ក្នុងនោះមានស៊ុតសត្វមាន់ចំនួន ១១២ ០០០គ្រាប់ ស៊ុតសត្វទាចំនួន ៦៦ ៩០០ គ្រាប់ និងស៊ុតសត្វក្រួចចំនួន ១០០ ០០០ គ្រាប់។រថយន្តដែលដឹកស៊ុតសត្វទាំងនោះភាគច្រើននាំមកពីប្រទេសរៀតណាម តាមច្រកព្រំដែនក្នុងខេត្តព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ៕