ភ្នំពេញៈ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់សមុទ្រ សម្រាប់មន្ត្រីកម្ពុជា ឡាវ និងវៀតណាម ជុំវិញគោលនយោបាយដែនសមុទ្រ សន្តិសុខដែនសមុទ្រ ឆ្មាំសមុទ្រ និងកងទ័ពជើងទឹក។
ការបណ្តុះបណ្តាលនេះ ត្រូវបានអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងយុទ្ធសាស្ត្រចាត់ទុកច្បាប់សមុទ្រជារឿងសំខាន់សម្រាប់កម្ពុជា ខណៈច្បាប់នេះនៅមានភាពស្មុគស្មាញ។
វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយមជ្ឈមណ្ឌលជាតិ អូស្ត្រាលី សម្រាប់ធនធាន និងសន្តិសុខមហាសមុទ្រពីសាកលវិទ្យាល័យ Wollogong នៃប្រទេសអូស្ត្រាលី ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
វគ្គនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នាខេត្តសៀមរាប ក្រោមអធិបតីភាពលោកចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងលោក Andreas Zurbruggអនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីច្បាប់សមុទ្រនេះ មានការចូលរួមពីសិក្ខាកាមចំនួន ២៣នាក់ ដែលជាមន្ត្រីជំនាញរបស់កម្ពុជា វៀតណាម និងឡាវ ដែលកំពុងធ្វើការក្នុងជំនាញគោលនយោបាយដែនសមុទ្រ សន្តិសុខដែនសមុទ្រ ឆ្មាំសមុទ្រ និងកងទ័ពជើងទឹក ដែលការសិក្សានេះបានបញ្ចូលគោលការណ៍សំខាន់ៗជុំវិញច្បាប់សមុទ្រដែលមានចែងក្នុងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ របស់អង្គការសហប្រជាជាតិ ជាមួយសិទ្ធិ និងកាតព្វកិច្ចនៃរដ្ឋក្នុងតំបន់ដែនសមុទ្រ និងរបបនាវាចរណ៍ផ្សេងគ្នា។
ក្រសួងការបរទេសបានបញ្ជាក់ថា៖ «វគ្គសិក្សានេះបានវិភាគពីការវិវឌ្ឍនៃច្បាប់សមុទ្រ តាមរយៈការអនុវត្ត និងការចរចារបស់រដ្ឋ និងការវាយតម្លៃការការអនុវត្តចម្រុះ។ សិក្ខាកាមបានធ្វើការពិចារណាពីរបៀបដែលបទប្បញ្ញត្តិនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រត្រូវបានបកស្រាយ និងទាក់ទងទៅនឹងទិដ្ឋភាពផ្សេងទៀតនៃច្បាប់អន្តរជាតិ រួមទាំងជលផល បរិស្ថានសមុទ្រ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ»។
បន្ថែមពីនេះ មន្ត្រីជំនាញនៃប្រទេសទាំង ៣ ក៏បានធ្វើការពិចារណាទៅលើការប្រើប្រាស់ភាគីទី៣ ក្នុងដំណោះស្រាយជម្លោះដែលមានចែងក្នុងផ្នែកទី XV នៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ។
ជុំវិញបញ្ហានេះដែរ លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា វគ្គបណ្តុះបណ្តាលពីច្បាប់សមុទ្រ ជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់មន្ត្រីកម្ពុជា ដែលមានការប្រឈមលើសន្តិសុខផ្ទៃសមុទ្រ បញ្ហាឧក្រិដ្ឋកម្មក្នុងដែនសមុទ្រ ជាដើម ខណៈអូស្តាលីបានដើរតួនាទីសំខាន់សម្រាប់កម្ពុជានិងអាស៊ានលើការពង្រឹងច្បាប់អន្តរជាតិ និងការពារចរាចរណ៍សមុទ្រក្នុងភាពសេរី បើកចំហ និងសុវត្ថិភាព។
លោកសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ននេះកម្ពុជាក៏មានបញ្ហាច្រើននៅក្នុងដែនសមុទ្ររបស់ខ្លួនជាមួយនឹងប្រទេសជិតខាងដូចជាថៃនិងវៀតណាម ក៏ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ»។
លោកបន្ថែមថា កម្ពុជាត្រូវតែសហការជាមួយបណ្តាប្រទេសដទៃលើបញ្ហាសមុទ្រ ក៏ដូចជាជំរុញការសិក្សាស្វែងយល់បន្ថែមលើច្បាប់សមុទ្រ ជាពិសេសធ្វើឱ្យសកម្មជាមួយស្ថាប័នក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាកុំឱ្យមានការខ្វែងគំនិតគ្នា និងភាពតានតឹងណាមួយ ជាពិសេសជាមួយប្រទេសជិតខាង។
សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ក៏បានអះអាងប្រាប់ដែរថា កន្លងមកកម្ពុជាតែងព្យាយាមស្នើសុំភាគីពាក់ព័ន្ធនានា មិនថាតែអូស្ត្រាលីឡើយ ដើម្បីជួយផ្តល់វគ្គបណ្តុះបណ្តាល ក៏ដូចជាអាហារូបករណ៍ដល់មន្ត្រី ឬប្រជាជនកម្ពុជាសិក្សាលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រនេះ ដោយសារកម្ពុជាជាប្រទេសជាប់ដែនសមុទ្រ ខណៈសម្បូរអ្នកជំនាញផ្នែកផែនទី ផ្នែកភូមិសាស្ត្រ ប៉ុន្តែនៅខ្វះអ្នកជំនាញបញ្ហាសមុទ្រ ស្របពេលច្បាប់សមុទ្រមានការវិវត្តលឿន។
លោកថ្លែងថា៖ «បញ្ហាសមុទ្រជាបញ្ហាសំខាន់ ហើយជម្លោះដែនសមុទ្រ កើតចេញពីការមិនយល់ដឹងពីច្បាប់សមុទ្រ។ ដើម្បីដោះស្រាយលើការទាមទារសិទ្ធិកាន់កាប់លើដែនសមុទ្រត្រួតស៊ីគ្នា វាបង្កបញ្ហាទៅលើសន្តិសុខដែនសមុទ្រ និងទំនាក់ទំនងរដ្ឋនិងរដ្ឋ។ ដូច្នេះបានជាកម្ពុជាទទួចស្នើសុំការសិក្សាច្បាប់សមុទ្រនេះ»។
លោក សេង វណ្ណលី ថា វគ្គបណ្តុះបណ្តាលក្រោមជំនួយពីភាគីអូស្ត្រាលីនេះ មានសារៈសំខាន់ ទៅដល់អ្នកចាប់អារម្មណ៍លើបញ្ហាដែនសមុទ្រ ជាពិសេសសម្រាប់មន្ត្រីពាក់ព័ន្ធដែលធ្វើការលើផ្នែកនេះ ស្របពេលដែលច្បាប់សមុទ្រកំពុងរងភាពស្មុគស្មាញ ខណៈប្រទេសមួយចំនួនមានការបកស្រាយចម្រូងចម្រាសគ្នា។
កម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយទៅលើច្បាប់សមុទ្រ ដែលទាមទារឱ្យមានខិតខំប្រឹងប្រែងស្វែងយល់បន្ថែម ឬតាមរយៈការបណ្តុះបណ្តាលពីដៃគូពាក់ព័ន្ធនានារួមមានអូស្ត្រាលីជាដើមនេះ។លោក សេង វណ្ណលី បានបញ្ជាក់បន្ថែម៕