ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ យុទ្ធនាការឱ្យអ្នកនេសាទមកចុះបញ្ជី និងឆៀកជលយានរបស់ខ្លួន បានចំនួនជាង ៨០០ គ្រឿងហើយ ខណៈដែលនៅទូទាំងខេត្តព្រះសីហនុ មានទូកនេសាទសរុបចំនួនជាង ២ ០០០ គ្រឿង ស្ថិតនៅក្រុង-ស្រុកចំនួន៤។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូថា ពាក់ព័ន្ធនឹងការចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន (ឆៀក) អាជ្ញាធរខេត្តបានរៀបចំបែងចែកចេញជា ២ដំណាក់កាលដែល ដំណាក់កាលទី១ ដែលចាប់ផ្តើមធ្វើមុនយុទ្ធនាការផ្លូវការចាប់ផ្តើមគឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះបញ្ជីជលយានបានចំនួន ៤៨៨គ្រឿង។
ចំណែកដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរសាធារណការជាសេនាធិការ បានចុះធ្វើយុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន ដើម្បីទទួលបានការបញ្ចុះតម្លៃលើការបង់សេវាចំនួន ៥០ភាគរយ។ គិតពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន បានចំនួន ៤០៣ទូក។
លោកឱ្យដឹងទៀតថា ប្រជានេសាទ ដែលមកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន នឹងទទួលផលប្រយោជន៍ដូចជា ការប្រកបមុខរបរនេសាទមានភាពត្រឹមត្រូវតាមច្បាប់ ងាយស្រួលរកទីផ្សារ ហើយផលនេសាទ អាចនាំចេញទៅក្រៅប្រទេសជាដើម។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖ «ចាប់ពីដើមឆ្នាំ២០២៤ ទៅប្រជានេសាទដែលមិនមានបណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស នឹងប្រឈមវិធានការរដ្ឋបាលដូចជា ការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទលើលម្ហសមុទ្រនៃខេត្តព្រះសីហនុយើងឡើយ»។
លោក ឡុង ឌីម៉ង់ ក៏បានបន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ រួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសជលយាន ដើម្បីទទួលបានការលើកទឹកចិត្ត អត្ថប្រយោជន៍ និងការការពារស្របច្បាប់ពីរដ្ឋបាលខេត្តព្រះសីហនុ។
ទាក់ទងនឹងការចុះបញ្ជីជលយាននេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អ្វីដែលអាជ្ញាធរខេត្តព្រះសីហនុ កំពុងតែធ្វើនេះ វាជាគោលដៅល្អ ពីព្រោះដើម្បីងាយស្រួលគ្រប់គ្រងទូកនេសាទរបស់កម្ពុជាថា មានចំនួនជាក់លាក់ប៉ុន្មានដែលកំពុងធ្វើការនេសាទនៅដែនសមុទ្ររបស់ខ្លួន។ ជាពិសេសងាយស្រួលក្នុងការបែងចែកកុំឱ្យច្រឡំជាមួយទូកនេសាទរបស់បរទេសដែលមានបំណងមកធ្វើការនេសាទក្នុងដែនសមុទ្ររបស់កម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំមើលឃើញថា គោលដៅនៃការចុះបញ្ជីនេះ គឺធានាបាននូវសុខសន្តិភាពផង សុវត្ថិភាពផង រួមទាំងគ្រប់គ្រងចំនួន និងបរិមាណទូកនេសាទរបស់កម្ពុជាយើងផង។ នៅពេលយើងគ្រប់គ្រងបានហើយ វានឹងឈានដល់ការកំណត់បរិមាណនៃការនេសាទ ឬក៏ការបង់ពន្ធជាដើម ដែលរួមចំណែកជួយដល់សង្គមជាតិយើងតាមរយៈការប្រមូលជលផលក្នុងដែនសមុទ្រ»។
បើតាមលោក ហុង វណ្ណៈ ការរួមចំណែកបង់ពន្ធជូនរដ្ឋនេះ មិនមែនជាការដាក់បន្ទុកធ្ងន់ធ្ងរសម្រាប់ក្រុមអ្នកនេសាទនោះទេ ព្រោះមុននឹងអាជ្ញាធរសម្រេចបែបនេះ គឺបានរៀបចំគិតគូររួចរាល់ហើយសម្រាប់អ្នកនេសាទដែលធ្វើការនេសាទទៅតាមចំនួន និងបរិមាណនៃការទទួលបានផលនេសាទ ដោយមិនមែនចេះតែធ្វើការគាបសង្កត់ឡើយ។
ហេតុនេះហើយក្រុមអ្នកនេសាទខ្លួនឯងក៏ត្រូវតែរួមគ្នាកសាងបង្កើតជាសមាគមអ្នកនេសាទនៅតាមដែនសមុទ្រ ដើម្បីមានសិទ្ធិពេញលេញក្នុងការធ្វើសំណូមពរទៅកាន់រាជរដ្ឋាភិបាលឱ្យជួយដោះស្រាយ និងឆ្លើយតប រាល់ពេលមានបញ្ហាប្រឈម ការគាបសង្កត់អ្វីមួយកើតឡើង។
សូមបញ្ជាក់ដែរថា តាមការឱ្យដឹងពីលោក ឡុង ឌីម៉ង់ នៅទូទាំងខេត្តព្រះសីហនុ មានទូកនេសាទសរុបចំនួន ២ ៥២៣គ្រឿង ស្ថិតនៅក្រុង-ស្រុកចំនួន៤ នៃភូមិសាស្រ្តខេត្តព្រះសីហនុ។ ក្នុងនោះក្រុងព្រះសីហនុមានចំនួន ៨០៦គ្រឿង ស្រុកស្ទឹងហាវចំនួន ៥៦៩ គ្រឿង ស្រុកព្រៃនប់ចំនួន ៧៦៧ គ្រឿង និងក្នុងតំបន់ផ្សេងៗសរុបចំនួន ៣៨១គ្រឿង៕