ភ្នំពេញៈ ថ្វីដ្បិតតែ​កំពុងស្ថិត​នៅក្នុង​វ័យ​សិក្សា និង​មិនទាន់មាន​ថវិកា​ជាដើម​ទុន ប៉ុន្តែ​សិស្ស​ម្នាក់​ដែលជា​យុវតី អាយុ​ ១៦​ ឆ្នាំ ឈ្មោះ ប្រាក់ ចាន់​ដា​ណេ មានគំនិត​សង្កេតឃើញ​អ្នកប្រើប្រាស់​ផ្ទាំង​សូ​ឡា​សម្រាប់​ទាញយក​ថាមពល​អគ្គិសនី​មកប្រើប្រាស់​ចំណាយ​ថវិកា​ច្រើន​សម្រាប់​បំពាក់​ឧបករណ៍​តាម​កម្ដៅ​ព្រះអាទិត្យ​ដែល​នៅ​ទ្រឹង​ក្នុងទិសដៅ​តែ​ ១ ធ្វើឱ្យ​នាង​កើត​គំនិត​ស្រាវជ្រាវ​បង្កើត​បន្ទះ​សូ​ឡា រេ​តាម​ព្រះអាទិត្យ​ដើម្បី​ទាញយក​ថាមពល​មកប្រើប្រាស់​។​

ចាន់​ដា​ណេ រៀន​ថ្នាក់​ទី​ ១០ NGS-C3​ នៃ​សាលា​ស៊ីសុវត្ថិ​​ជំនាន់​ថ្មី​ ដែល​តំណាងឱ្យ​ក្រុម​មាន​គ្នា​ ៤​ នាក់ ចាន់​ដា​ណេ ប្រាប់ថា តាមពិតទៅ​ក្រុម​របស់​នាង​បាន​បង្កើត​គម្រោង​លើក​ទី​ ១ ​គឺ​រថយន្ត​បូម​ធូលី​ដី ហើយ​គម្រោង​ទី​២​ជាការ​រកឃើញ​បច្ចេកវិទ្យា​ប្រើ​បន្ទះ​ solar ​ស្រូប​ថាមពលព្រះអាទិត្យ អាច​រេ​តាម​ពន្លឺព្រះអាទិត្យ​នេះ​គឺជា​ស្នាដៃ​ទី​ ២ បន្ទាប់ពី​បាន​បង្កើត​គម្រោង​លើក​ទី​ ១ គឺ​រថយន្ត​បូម​ធូលី​ដី​។​


ចាន់​ដា​ណេ បានឱ្យដឹងថា ការស្រាវជ្រាវ​បង្កើតជា​ Solar​ ស្រូប​ពន្លឺព្រះអាទិត្យ រេ​តាម​ពន្លឺព្រះអាទិត្យ​នេះ មាន​មិត្តស្រី​រួម​ក្រុម​ចំនួន ​៣​ នាក់​ទៀត គឺ​ឈ្មោះ​ នង ភិរម្យ​ សុ​ភ័​ក្រ​នាថ អាយុ ​១៦ ​ឆ្នាំ​,​ទូច ម៉ា​លីន​នី អាយុ​ ១៥ ​ឆ្នាំ​,​ព្រៀង រចនា អាយុ​ ១៥​ ឆ្នាំ​ ជា​មិត្ត​រួម​ថ្នាក់​ជាមួយគ្នា​។

ក្រុម​នាង​បាន​ចំណាយពេល​ស្រាវជ្រាវ​អស់​ ៣ ​ខែ​រាប់ទាំង​សរសេរ​របាយការណ៍​ជា​អំ​ណះអំ​ណា​ង​ថា ហេតុអ្វី​បានជា​សម្រេចយក​គម្រោង​នេះ​មក​ធ្វើ​។ គម្រោង​នេះ​បង្កើតឡើង​មាន​ប្រយោជន៍​អ្វីខ្លះ ហើយ​តើ​ត្រូវមាន​ជា​ដំណោះស្រាយ​យ៉ាងម៉េច​ដែល​របាយការណ៍​នៃ​គម្រោង​នេះ​ក៏​ជា​ឯកសារ​ទុកឱ្យ​អ្នកផ្សេង​សិក្សា​បន្តបាន​។​


ចាន់​ដា​ណេ បញ្ជាក់ថា ដើម្បី​ដំឡើង​ឧបករណ៍​ Solar ឱ្យ​ដំណើរការ​ទៅបាន គឺ​ក្រុម​នាង​ត្រូវ​ស្រាវជ្រាវ ​ហើយ​សរសេរ​ជា​កូដ ​(code)​ ដាក់​ក្នុង​ឧបករណ៍​ដំឡើង​។ ក្នុងនោះដែរ​ក៏ត្រូវ​ត​ជា​ប្រព័ន្ធ​ខ្សែ​ភ្ជាប់​ នឹង​ឧបករណ៍​សម្ភារ អេឡិចត្រូនិក​ ផ្សេងៗ​ ទើប​ដំណើរការបាន​។

ឧបករណ៍​នេះ​ត្រូវបាន​ដាក់តាំង​នៅក្នុង​ក​ម្ម​វិធី​បង្ហាញ​ស្នាដៃ​លើក​ទី​ ១ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ​(CKCC)​ កាល​ពីថ្ងៃ​ទី​ ២៥ ខែសីហា ឆ្នាំ​ ២០២៣​។ លើក​ទី​ ២ ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា និង​លើក​ទី​ ៣ ​នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃទី ​២៨-២៩ ខែកញ្ញា ឆ្នាំ ​២០២៣​។​

ចាន់​ដា​ណេ និយាយថា​៖«​ពួក​ខ្ញុំ​បង្កើត​ solar រេ​តាម​ពន្លឺព្រះអាទិត្យ​បាន​ដោយ​ខ្ញុំ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ភាគ​​ច្រើន​ប្រើ ​solar​ នៅ ១ ​កន្លែង​ហើយ​ផ្ទះ​ខ្លះ​បំពាក់​បន្ទះ ​solar ​គ្រប់​ជ្រុងផ្ទះ​ផង​។ អ៊ីចឹង​អ្នក​ប្រើ​ប្រាស់​ទាំងនោះ​ត្រូវ​ចំណាយលុយ​ទិញ​ solar ​ច្រើន​បន្ទះ ប៉ុន្តែ​បើ​គាត់​ប្រើ​ solar រេ​តាម​ពន្លឺព្រះអាទិត្យ វា​អាច​កាត់​បន្ថយ​ការចំណាយ​ច្រើន ហើយ​វា​អាច​បំប្លែង​ជា​ថាមពល​អគ្គិសនី​ប្រើ​បាន​ទៀត​។ ឧបករណ៍​ខ្ញុំ​អាចជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ភ្លើងអគ្គិសនី​បាន​ ១ ​ផ្នែក​ទៀតផង​»​។​

ចាន់​ដា​ណេ ថ្លែងថា​៖ «​អ្វីដែល​ក្រុមការងារ​របស់ខ្ញុំ​គិត​ទៅដល់​នោះ គឺ​ភាគច្រើន​អ្នក​ដែល​រស់នៅ​ទីជនបទ​គាត់​មិនសូវមាន​ភ្លើងអគ្គិសនី​ប្រើ​គ្រប់គ្រាន់​ទេ​។ តែបើ ​solar រេ​តាម​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ក្រុម​នាង​បង្កើត​ថ្មី​នេះ​អាច​ស្រូបយក​ថាមពលព្រះអាទិត្យ​ស្តុក​ទុក និង​បំប្លែង​ជា​ភ្លើងអគ្គិសនី​ប្រើ​បាន​ក្នុងផ្ទះ​ទៀតផង​។ តែ​ពេលនេះ​ក្រុម​នាង​គ្មាន​ថវិកា​ដើម្បី​ដំ​ឡើងជា​ឧបករណ៍​ខ្នាត​ធំ​ទេ​ហើយ​បើ​មាន​អ្នក​ជួយ គឺ​ក្រុម​នាង​នឹង​ដំឡើង​ចេញ​ជា​រូបរាង​បាន​។

Solar​ នេះ ពេល​វា​ស្រូប​បាន​ពន្លឺព្រះអាទិត្យ​រួច វា​បញ្ចេញ​មក​ផ្ទុក​ក្នុង​ថ្ម​ស្តុក​សិន បន្ទាប់មក​វា​បំប្លែង​ជា​ថាមពល​អគ្គិសនី​ចន្លោះ​ពី​ ៥ ​ទៅ​ ៦ ​វ៉ុល​ដែល​អាច​ប្រើប្រាស់​កង្ហារ ឆ្នាំង​ដាំបាយ​អគ្គិសនី និង​ទូទឹកកក​ជាដើម​។ បន្ទះ​ solar ​អាច​រេ​តាម​ពន្លឺព្រះអាទិត្យ​ដែល​ក្រុម​នាង​បាន​ផលិត​មកនេះ​នឹង​នាំយក​គម្រោង​នេះ​ទៅ​ប្រកួតប្រជែង​នៅ​ប្រទេស​ថៃ​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ខាងមុខ​។​

លោកស្រី ឡេង ជី​វន ជា​គ្រូដឹកនាំ​ក្រុមការងារ​គម្រោង​ប្រព័ន្ធ​ solar រេ​តាម​ថាមពល​ពន្លឺព្រះអាទិត្យ​នៃ​សាលា​ជំនាន់​ថ្មី​ព្រះស៊ីសុវត្ថិ​បានឱ្យដឹងថា សមិទ្ធផល​ solar​ដែល​យុវ​សិស្ស​បង្កើត​មកនេះ​បានបង្ហាញ​នូវ​គំនិត​បញ្ញា​ឆ្លាត​វៃ​របស់​ពួកគេ​។ កិច្ចការ​នេះ​មិនមែន​តែ​សិស្ស​នៅក្នុង​ក្រុម​របស់​អ្នកគ្រូ​ទេ សិស្សសាលា​ជំនាន់​ថ្មី​ផ្សេងទៀត​ក៏មាន​បញ្ញា​ឆ្លាត​វៃ​ដូចគ្នា​ដែរ​ដែល​ពួកគេ បាន​បង្កើត​ស្នាដៃ​ច្រើន​ប្រភេទ​មកហើយ​។​

លោកស្រី​ថ្លែងថា​៖«​ប្រទេស​របស់​យើង​ចាប់ផ្តើម​មាន​ធនធានមនុស្ស​ហើយ ប្រទេស​នឹង​រីក​ចម្រើន ដែល​នេះ​ក៏​ជាការ​ចង់បាន​របស់​ក្រសួង​អប់រំ​ដែរ ប៉ុន្តែ​ការធ្វើ​បាន​លុះត្រា​តែមាន​អ្នក​គាំទ្រ​នៅពេល​ពួកគាត់​ផលិត​ចេញ​ជា​ឧបករណ៍ និង​ក៏ត្រូវ​ការ​ធនធាន​លុយកាក់​ដែរ​ដើម្បី​ដំឡើង​»​។​

លោកស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ពាក់ព័ន្ធ​នឹង​សាលា​ជំនាន់​ថ្មី​នេះ ចំពោះ សិស្សសាលា​ជំនាន់​ថ្មី គឺអាច​បញ្ជាក់​ពី​សតិបញ្ញា​របស់គាត់​ដែលមាន​ការទទួលស្គាល់​តាមរយៈ​ការទទួលបាន​មេ​ដាយ​កម្រិត​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ​ក្នុងការ​ប្រកួត​។​

លោកស្រី​ថ្លែងថា ជាពិសេស​នៅក្នុង​ឆ្នាំ ​២០២២-២០២៣​ នេះ​មាន​សិស្ស​ប្រុស​-​ស្រី​ទទួល​មេដាយ​បាន​ប្រមាណ​ជាជាង​ ៧០០​ មេដាយ ​(​ទិន្នន័យ​របស់​សាលា​ស៊ីសុវត្ថិ​ជំនាន់​ថ្មី​) ពី​កម្រិត​ជាតិ និង​អន្តរជាតិ​៕