​ក្រចេះៈ អ្នកវិនិយោគ​បរទេស​ក្នុង​វិស័យ​កសិកម្ម នឹង​ចូលមក​ដាក់ទុន​​វិនិយោគ​ដោយផ្ទាល់​ក្នុងប្រទេស​​កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ក្រៅប្រទេស នៅពេល​កម្ពុជា​បង្កើតបាន​សហគមន៍​កសិកម្ម​ទំនើប​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​អាច​ធានា​ដល់​ការ​ផ្គត់​ផ្គង់ វត្ថុធាតុដើម និង​ផលិតផល​កែច្នៃ​ជូន​អ្នកវិនិយោគ​បាន​។​


​នេះ​ជាការ​​លើកឡើង​របស់​កញ្ញា អ៊ឹម រចនា អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា ដែលមាន​រយៈពេល​ ៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​ ២ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រសួងកសិកម្ម​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​សំខាន់​សម្រាប់​អាណត្តិ​ថ្មី​នេះ គឺ​ចងក្រង​បង្កើតជា​សហគមន៍​កសិក​ម្ម​ទំនើប ដើម្បីឱ្យ​ការ​ដាំ​ដុះ​ស្វាយចន្ទី​ដែលមាន​ទាំង​កសិករ និង​អ្នកប្រមូល​ទិញ​ផ្សាភ្ជាប់​គ្នា សំដៅ​ធ្វើឱ្យ​ការផលិត និង​ការផ្គត់ផ្គង់​សមា​​មាត្រ​គ្នា ស្ថិតក្នុង​តម្លៃ​សមរម្យ​ ១​ ដែល​អាច​ទទួលយកបាន​។


​ប្រភព​នេះ​អះអាងថា សហគមន៍​កសិកម្ម​ទំនើប គឺជា​ការ​ចងក្រង​ដំណាំ​កសិកម្ម​តាម​ប្រភេទ​ចូល​ជា​សហ​គម​ន៍​តែមួយ ដោយ​ដំណើរការ​ជា​លក្ខណៈ សហករណ៍​កសិកម្ម  ​ប្រៀប​ដូចជា​ក្រុមហ៊ុន​មួយ​ដែលមាន​ទាំង​នាយក​ប្រតិបត្តិ គណនេយ្យ និង​បុគ្គលិក​ផ្សេងៗ​ទៀត ដែល​យល់​ច្បាស់​ពី​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​ផលិតផល​ស្វាយចន្ទី ដោយ​ផ្សារភ្ជាប់​ជាមួយ​កសិករ​តាមរយៈ​ការចង​កុងត្រា​។​

​កញ្ញា រចនា ថ្លែងថា​៖ «​នៅពេលដែល​កសិករ​ចង​កុងត្រា​ជាមួយនឹង​សហគមន៍​កសិកម្ម​ទំនើប ដែល​យើង​នឹង​បង្កើតឡើង​នៅពេល​ខាងមុខនេះ យើង​នឹង​អាច​ធានាបាន​ថា ប្រជា​​កសិករ លោក​នឹង​ដាំ​ដុះ​ដំណាំ​ស្វាយ​​ចន្ទី​ហើយ​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី ទៅឱ្យ​សហគមន៍​កសិកម្ម​ទៅតាម​គុណ​ភាព ដែល​សហគមន៍​កសិក​ម្ម​ចង់បាន​ដើម្បី​យកទៅ​ផលិត​កែច្នៃ និង​លក់​ចេញ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។​


​កញ្ញាបញ្ជាក់ថា ទោះបីជា​នៅតាម​សហគ្រាស​ស្វាយចន្ទី​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ទុន​នៃ​ការ​​ផលិត ទុន​នៃ​ការទិញ​ស្តុក​គ្រាប់ស្វាយចន្ទី​ស្រស់​ដើម្បី​កែច្នៃ​បន្ត​នៅមាន កម្រិត​ក៏ដោយ ប៉ុន្តែ​បញ្ហា​ទាំងនោះ​នឹង​អាច​ដោះស្រាយបាន នៅពេល​មាន​សហគមន៍​កសិកម្ម​ទំនើប​។ បន្ថែម​លើ​នោះ តាមរយៈ​គោ​លន​យោ​បាយ​អាទិភាព​ទី​ ៥ និង​ទី ​៦ រាជរដ្ឋាភិបាល​ក៏មាន​ការដាក់ចេញ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កសិករ ឬ​សហ​គម​ន៍​កសិកម្ម​ណា​ដែលមាន​សក្ដា​នុ​ពល ផងដែរ​។

​កញ្ញា​ថ្លែងថា​៖ «​នៅពេលដែល​យើង​អនុវត្ត យើង​ជឿជាក់ថា វា​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំងស្រុង​បាន និង​ជួយ​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ ហ៊ាន​ដាក់ទុន​វិនិយោគ​នៅក្នុង​ផលិតកម្ម​ស្វាយចន្ទី​នេះ​ឱ្យបាន​កាន់តែច្រើន​»​។​

​លោក Guenter wessel ប្រធាន​​ពហុ​គម្រោង GIZ បានឱ្យដឹងថា អង្គការ GIZ គ្រោង​នឹង​អនុវត្ត​គម្រោង​ថ្មី​ក្នុង​ឆ្នាំ ​២០២៤ ឈ្មោះថា CAPSAFE មាន​រយៈពេល ​៤ ​ឆ្នាំ ផ្តល់​ថវិកា​ដោយ​សហភាព​អឺរ៉ុប ផ្តោត​សំខាន់ ទៅលើ​ការជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​វិស័យ​កសិកម្ម​កម្ពុជា មាន​ស្វាយចន្ទី និង​ម្រេច​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ច្រើន​ទាក់ទង​នឹង​ស្តង់ដា គុណភាព បរិមាណ ការផលិត​របស់​កសិក​រ​តាម​រយៈ​សហគមន៍​កសិក​ម្ម ព្រមទាំង​គាំទ្រ​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ​។​

​លោក​ថ្លែងថា​៖ «​គ្រប់​ទិស​ដៅ និង​វិស័យ ដែល​គម្រោង​ថ្មី​នឹង​ជួយ​គាំទ្រ​នេះ នឹង​ទាក់​​ទាញ​អ្នកវិនិយោគ ក្នុងការ​បង្កើត​ការកែច្នៃ​បន្ថែម ឱ្យបាន​ទូលំទូលាយ​នៅក្នុង​ប្រទេស​​កម្ពុជា​»​។​

​លោក Bryan FORNARI ប្រធាន​ផ្នែក​កិច្ច​សហប្រតិបត្តិ​ការ​របស់​សហភាព​អឺរ៉ុប បានឱ្យដឹងថា ម្រេច និង​ស្វាយចន្ទី​កម្ពុជា គឺជា​ដំណាំ​មាន​សក្ដា​នុព​ល​។ សក្ដានុពល​នៅទីនេះ​គឺ​ចង់​សំដៅ​ដល់​សមត្ថភាព​នៃ​ការផលិត បរិមាណ និង​គុណ​ភាព ដែល​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​គ្រប់គ្រាន់​អាចធ្វើ​បាន ក្នុងការ​កែច្នៃ ហើយ​អាច​នាំ​ចេញទៅ​កាន់​ទីផ្សា​សកល ក៏ដូចជា​អឺរ៉ុប​។​

​លោក​បាន​ថ្លែងថា តាមរយៈ​គម្រោង CAPSAFE សហ​​ភាព​អឺរ៉ុប និង GIZ នឹងធ្វើ​ការ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ មាន​កសិករ​ដែល​ដាំ​ដើម​ស្វាយ​ចន្ទី សហព័ន្ធ​ស្វាយចន្ទី ក៏ដូចជា​សហគម​ន៍ក​សិ​កម្ម​ដែល​ផលិត​ស្វាយចន្ទី ព្រម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​ថ្លែងថា​៖ «​យើង​នឹងធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ឱ្យ​ការ​វិ​និ​​យោគ​លើ​វិស័យ​ស្វាយចន្ទី​នេះ អាចមាន​លទ្ធភាព​ល្អជា​ង​មុន ក្នុងការ​ផលិត​នៅ​ស្រុក​ខ្មែរ ហើយ​ជំហាន​បន្ទាប់​គឺ​យើង​នឹង​ទាក់ទាញ​អ្នកវិនិយោគ​នៅក្នុង​ប្រទេស​អឺរ៉ុប ដើម្បី​ធ្វើ​ការជួយ​ទិញ មានន័យថា នាំចេញ​ផលិតផល​ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​អឺរ៉ុប​»៕