ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ទាំងអស់​បន្ត​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព​ដោយ​មិន​មានការ​រើស​អើ​ង​ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជន​មាន​ពិការ​ភាព​ទទួលបាន​សិទ្ធិ​ពេញលេញ​។​


​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​ព្រះរាជសារ​នាឱកាស «​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២៥ និង​អន្តរជាតិ​លើក​ទី​​៤១» នា​ថ្ងៃទី ​៣ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​ជាមួយគ្នានេះ​ព្រះមហាក្សត្រ បាន​សម្តែង​ព្រះទ័យ​ស្ងើចសរសើរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ​២០១៦-២០២៥ ​សំដៅ​បង្កើត​មូលនិធិ​ជាតិ​ជំនួយ​សង្គម​បង្កើន​ប្រសិទ្ធភាព​សេវា​​កម្ម​ប្រកបដោយ​តម្លាភាព សម​ធម៌​និង​បរិ​យាប​ន្ន ដែលជា​ការ​លើកកម្ពស់​សុខុមាលភាព​ជន​ងាយ​រងគ្រោះ ជាពិសេស ជន​មាន​ពិការភាព​ឱ្យមាន​លំនឹង​ជីវ​​ភាព​រស់នៅ​កាន់តែ​ប្រសើរ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។


ឆ្លៀត​ក្នុងឱកាស​នេះដែរ​ព្រះករុណា​បាន​ផ្តាំផ្ញើ​ដល់ ជន​មាន​ពិការភាព​កម្ពុជា​សូម​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ចំណេះ ជំនាញ​ឱ្យទាន់​យុគសម័យ​អភិវឌ្ឍន៍​ជឿនលឿន ពិសេស​សម័យ បច្ចេកវិទ្យា​ទំនើប​ក្រោម​ដំបូល​នៃ​សន្តិភាព​ដើម្បី​ប្រកួត​​ប្រជែង​លើ​ទីផ្សារការងារ​និង​មុខរបរ ឈានទៅ​សម្រេចបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ​។​

​ជាមួយគ្នានេះ​ព្រះករុណា​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​លើកកម្ពស់​សិទ្ធិ​និង​ការចូលរួម​របស់​ជន​មាន​ពិការ​ភា​ដោយ​មិនមាន​ការរើសអើង ដើម្បី​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា​។


ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ «​ជន​មាន​ពិ​​ការ​ភាព​របស់​យើង​ត្រូវការ​ភាព​កក់ក្ដៅ ស្រឡាញ់ រាប់អាន​ដែល​ប្រការនេះ​ គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​ខ្លួន​របស់​ពួកគាត់​ដោយ​មិន​មានការ​រើស​​អើ​ង​ពី​សង្គម និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជន​មាន​ពិការភាព​ទទួលបាន​សិទ្ធិ​ពេញ​លេញ​»​។​

​ជាមួយគ្នានេះ​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ដែលជា​ប្រ​​ធាន​កិត្តិយស​ក្រុមប្រឹក្សា​សកម្ម​ភាព​ជនពិការ​និង​ភរិយា​នឹងចូលរួម ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​ ២៥ និង​អន្តរជាតិ​លើក​ទី ​៤១ ដែល​នឹងធ្វើ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ថ្ងៃទី ​៤ ខែធ្នូ ឆ្នាំ​ ២០២៣​។ យោងតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្រកាស​ឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា នេះ​ជា​កម្មវិធី​លើក​ទី​១ ដែល​លោក ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ជា​អធិបតី ខណៈ​អាណត្តិ​កន្លងទៅ​លោក​ហ៊ុន សែន​អតីត​នាយករដ្ឋមន្ត្រី​និង​ភរិយា តែង​បាន​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល​ជាមួយ​ជន​មាន​ពិការភាព​មកពី​តាម​រាជធានី​-​ខេត្ត​។

​នៅក្នុង​សារលិខិត​របស់លោក​ ហ៊ុន ម៉ា​ណែ​ត នាឱកាស​ទិវា ជន​មាន​ពិការភាព​កម្ពុជា ក្រោម​ប្រធានបទ​ «​ដំណោះស្រាយ​ប្រ​កប​ដោយ​នវានុវត្តន៍​ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ​និង​សមធម៌​» បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​មោទនភាព​ដោយបាន​ចូលរួម​រៀបចំ​ប្រារព្ធ​ទិវា​ដ៏​ឱឡារិក​នេះ ជាមួយ​ប្រជាជាតិ​ទូទាំង​ពិភព​លោក​ជាការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ថ្មីៗ នៃ​វិស័យ​ពិការភាព​ដែល​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត និង​យកចិត្តទុកដាក់ របស់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​នីមួយៗ ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព​។

​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ឆ្នាំ ​២០២៣ ​នេះ​កម្ពុជា​បានជ្រើសរើស​យក​ប្រធានបទ​គន្លឹះ​មួយ ក្នុង​គោលដៅ​ជំរុញឱ្យមាន​ការគិតគូ​រ​សមស្រប ដើម្បី​សង្គម​មួយ​សម្រាប់​យើងទាំងអស់គ្នា ក្នុងឋានៈ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​មានការ​យកចិត្ត​ទុកដាក់​ក្នុង​យុទ្ធសាស្ត្រ​ន​យោ​បាយ​យ៉ាង​ជាក់លាក់​សម្រាប់​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់​លាស់ ធ្វើយ៉ាងណា​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ដំណោះ​​ស្រាយ​ប្រកបដោយ​នវានុវត្តន៍​»​។​

​តាងនាម​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត​ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​​កាល​ទី​១ ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព​ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​នាពេលខាងមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​កាត់បន្ថយ​ហា​​និ​ភ័យ​សេដ្ឋកិច្ច​និង​ធានា​ដល់​សន្តិ​សុខ​ប្រាក់ចំណូល​របស់​ប្រជាជន ជាពិសេស​ជន​មាន​ពិការភាព​។​

​ទាក់ទង​នឹង​ការរៀបចំ​ទិវា​នេះដែរ យោងតាម​សារាចរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី បាន​លើកឡើងថា ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដើម្បី​រំឭក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុងសង្គម​របស់​ជន​មាន​ពិការភាព​ប្រមាណ ១,៣ ​ពាន់​លាន​នាក់​នៃ​ប្រជាជន​សរុប​នៅក្នុង​ពិភពលោក​។

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ឱ្យដឹងថា​៖ «​ដោយឡែក​កម្ពុជា​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​ឡើង ដើម្បី​រំឭក​ពី​មហា​វិនាសកម្ម នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ក្នុងនោះ​រួមមាន ជន​មាន​ពិការ​ភាព ស្ត្រី​មេម៉ាយ និង​កុមារកំព្រា​»​។

លោក​ថា មរតក​នៃ​សង្គ្រាម ក៏បាន​បន្សល់ទុក​នូវ​គ្រាប់មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​ជាច្រើន​រាយប៉ាយ ពាសពេញ​ផ្ទៃ​ប្រទេស​ជាពិសេស​គ្រាប់បែក​ចង្កោម​មាន​ផ្ទុក​សារ​​ជាតិគីមី​ដែល​បាន​រកឃើញ​ជា​​ច្រើន​នៅ​កម្ពុជា​។​

​ទន្ទឹមនឹង​នេះដែរ​លោក​ទេស​​រដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន បាន​ថ្លែងថា កម្ពុជា​ប្តេជ្ញាចិត្ត​ដើម្បី​ធានា និង​ផ្តល់​តាម​ការសន្យា​ដែល​បានធ្វើ​ចំពោះ​​ជនរងគ្រោះ​ដោយសារ​មីន​ព្រម​ទាំង​បន្ត​ជំរុញ​ភាពជា​ដៃគូ​ជា​មួយ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព​និង​តម្រឹម​ការខិតខំ​ជា​​មួយ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ 

​លោក​ថ្លែងថា៖ «​ក្នុងការ​រំឭក​ទិវា​ជនពិការ​អន្តរ​​ជាតិ យើង​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​របស់​ក្មេងស្រី ក្មេងប្រុស បុរស និង​ស្ត្រី​ពិការភាព​ចំនួន ១,៣ ពាន់​លាន​នាក់ រួម​ទាំង​អ្នក​រស់រានមានជីវិត​ពី​មីន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​អបអរ​សាទរ​ចំពោះ​ការរួមចំណែក​ដ៏​មានតម្លៃ​ដែល​ពួកគេ បានធ្វើ​ចំពោះ​សហគមន៍​ពិភពលោក​ចម្រុះ​របស់​យើង​»​។​ 

​លោក​បន្តថា ភាព​រឹងមាំ និង​ភាព​ធន់​របស់​ពួកគេ ជាពិសេស​នៅពេល​ប្រឈមមុខ​នឹង​គ្រោះអាសន្ន​និង​វិបត្តិ​មនុស្សធម៌​សម​នឹង​ទទួលបាន​ការ​កោត​សរសើរ និង​ទទួលស្គាល់​។​

​ជាមួយគ្នានេះ លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ថ្លែងថា ថ្នាក់ដឹកនាំ​ប្រទេស​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ជន​មាន​ពិការភាព​ដែល​ទាំងនេះ គឺជា​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ការ​ផ្តល់នូវ​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​ជន​មាន​ពិការ​ភាព​ទាំងអស់​ឱ្យបាន​រស់រាន​ក្នុង​ភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គម​ដែលមាន​សុខសន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​។

«​យើង​ពិការ​តែ​កាយ​តែ​បេះដូង​មិន​ពិការ​ឡើយ​។ យើងខ្ញុំ​មាន​បេះដូង មាន​ទឹកចិត្ត មានការ​តស៊ូ ចេះ​ជួយ​ខ្លួនឯង​និង​ជួយ​អ្នកដទៃ ហើយ​អាច​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម​បាន ជាពិសេស​ចូលរួម​ក្នុង​ការការពារ​សុខសន្តិភាព​»៕​