ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ដោយ​ស្នើឱ្យ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ​អន្តរជាតិ​រួម​នឹង​ឪពុក​ម្តាយ​ចូលរួម​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​អប់រំ ជាពិសេស​ត្រូវ​អប់រំ​ណែនាំ​កូន​ឱ្យមាន​គុណធម៌ និង​សីល​​ធម៌​ល្អ​ក្នុងការ​រស់នៅ​។​ ​លោក​បានលើកឡើង​ដូចនេះ​កាលពី​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០២៣ នា​វិទ្យាល័យ​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​


​លោក​បញ្ជាក់ថា ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នាពេលនេះ គឺជា​ឆ្នាំ​ចាប់ផ្តើម​ដ៏​ល្អ​មួយ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​​ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​ទី១ ឆ្ពោះទៅ​អភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​ចំណេះដឹង សមត្ថភាព​ខ្ពស់ និង​ក្រមសីលធម៌​ខ្ពស់ ក្នុងការ​រួមចំណែក​ដ​ល់​ការ​អភិ​​វ​ឌ្ឍ​សង្គម និង​កំណើនសេដ្ឋកិច្ច​ប្រកប​​ដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​លោក ​ហង់​ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា​៖ «​ទន្ទឹមនឹង​នេះដែរ ខ្ញុំ​សូម​ស្នើ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ សូម​ចូលរួម​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា រួមទាំង​លោកឪពុក អ្នក​ម្តាយ និង​អាណាព្យាបាល​ទាំងអស់​នៅ​ទូទាំងប្រទេស​សូម​ចូលរួមចំណែក​ឱ្យ​សកម្ម​ខ្លាំងក្លា​ដល់​ការជួយ​អប់រំ​កូនចៅ​របស់ខ្លួន​ឱ្យ​ចេះ​គោរព​ឱន​លំ​​ទោន មាន​ចរិយា​ល្អ មានគុណ​ធម៌ ដឹងគុណ​គ្រូ​ជាដើម​»​។​


​លោក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា នៅក្នុង​អំឡុងពេល​នៃ​ដំណើរការ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ក្រសួង​នឹង​ជ្រើសរើស​សាលារៀន​សំ​​ណាក ដែលជា​សាលារៀន​មាន​សក្តា​​នុព​ល​ប្រមាណ ៥០០ ​សាលា ដើម្បី​ទទួល​ការជួយ​គាំទ្រ និង​ធ្វើការ​វាយតម្លៃ ដោយ​រំពឹងថា សម្រេចបាន​តាម​ស្តង់ដា​សាលារៀន​គំរូ ក្នុង​រយៈពេល ​២ ​ឆ្នាំ​ខាងមុខ​។​

​លោក​បន្តថា​៖ «​ក្រសួង​ក៏​នឹង​បង្កើត​ក្រុមការងារ​វាយតម្លៃ​សាលារៀន ដើម្បី​ចុះ​វាយតម្លៃ​សាលារៀន ដោយ​ប្រើប្រាស់​ស្តង់ដា និង​សូចនាករ​ដែល​
​បានរៀបចំ​ក្នុង​គោលដៅ​ផ្តល់​ការគាំទ្រ និង​ការ​ចុះជួយ​នៅតាម​សាលារៀន​គោលដៅ​ដែល​មិន​សម្រេចបាន​តាម ស្តង់ដា និង​រៀបចំ​ផ្តល់​ការលើកទឹកចិត្ត​ចំពោះ​សាលារៀន​ដែល​សម្រេចបាន​តាម​ស្តង់ដា​»​។


ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្តេជ្ញា​ដែរ​ថា ក្រសួង​នឹង​អនុវត្ត​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ ឱ្យបាន​ជោគជ័យ​ដោយ​ធ្វើយ៉ាងណា​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ខាងមុខនេះ ត្រូវ​ប្រែក្លាយ​គ្រឹះស្ថានសិក្សា​យ៉ាងហោចណាស់​ចំនួន​ពី ៥០០ ទៅ ១​ ពាន់​សាលា​ឱ្យ​ក្លាយជា​សាលារៀន គំរូ​ដោយ​ចាប់ផ្តើម​ពី​ការរៀបចំ​សាលា​រៀន​គំរូ សម្រាប់​ប្រកាស​នៅក្នុង​ស​ន្និ​បាត​អប់រំ​នា​ខែមេសា ឆ្នាំ​ ២០២៤​ ខាងមុខ ឱ្យបាន​ពី​ ៥០ ​ទៅ ​១០០ ​សាលា​។​

​សូម​បញ្ជាក់ដែរថា ក្នុង​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ​មាន​សា​លាម​ត្តេ​យ្យ​សិក្សា​សាធារណៈ​សរុប ៤ ៦៥១ និង​សិស្ស​​ម​ត្តេ​យ្យ​សិក្សា​សាធារណៈ​សរុប ២៣៩ ៤១៨ ​នាក់ (​ស្រី ១២៧ ៤៩៣ នាក់​)​។ សាលាបឋមសិក្សា​សរុប ៧៣៤៨ សាលា និង​សិស្ស​ចំនួន ២ ០៧៣ ៤៥១​ នាក់ ​(​ស្រី ១ ២២២ ២៧១ នាក់​)​។ ចំ​ណែ​ក​អនុវិទ្យាល័យ​មាន​ចំនួន​ ១ ២៤៤​ សាលា និង​សិស្ស​សរុប​ចំនួន ៥១២ ៣៩៦​ នាក់ (​ស្រី ២៥៧ ៧៦១​នាក់​) និង​វិទ្យាល័យ​ចំនួន ៥៧៥ ​សាលា និង​សិស្ស​សរុប​ចំនួន ​៤៧៥ ១៦៨​ នាក់ (​ស្រី ២៧០ ៥១៩ នាក់​)​។​

​លោក ​គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា ថ្លែងថា ដើម្បីឱ្យ​ដំណើរ​​ការ​នៃ​ការអប់រំ​របស់​ប្រទេសមួយ​ទទួលបាន​ជោគជ័យ និង​មាន​ផ្លែផ្កា លុះត្រាតែ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​នោះ​។ ដូច្នេះ​ការអំពាវនាវ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​អបរំ ឱ្យ​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ គឺជា​រឿង​ត្រឹមត្រូវ និង​ចាំបាច់​បំផុត​។ 

​លោក​ថ្លែងថា​៖ «​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​អប់រំ​គឺជា​ប្រសាសន៍​ដ៏​ថ្លៃថ្លា ពីព្រោះថា ក្រសួង​អប់រំ សាលារៀន និង​លោកគ្រូ​-​អ្នកគ្រូ មិនអាច​ធ្វើទៅ​តែឯង​បានទេ​។ អ៊ីចឹង មានតែ​សិស្ស​ខ្លួនឯង និង​សហគមន៍ មាតាបិតា និង​អាណាព្យាបាល ឱ្យ​តម្លៃ​លើ​ការអប់រំ​ហ្នឹង​ផង​»​។ 

​បើតាម លោក​ សំនៀង អាណាព្យាបាល ឪពុកម្តាយ ត្រូវតែ​ចំណាយពេល​ចូលរួម​រាល់​សកម្ម​​ភាព​របស់​សាលា ដូចជា​ការតាមដាន​ការសិក្សា​របស់​កូន ដែល​សាលា​ដាក់ឱ្យ​ធ្វើជា​ដើម ដើម្បី​ឱ្យដឹងពី​ការរៀនសូត្រ​របស់​កូន ប៉ុន្តែ​ភាគច្រើន​ពួកគាត់​មិនសូវ​ជា​យកចិត្តទុកដាក់​ទេ គិតតែ​ពី​ការ​​រកស៊ី និង​ធ្វើការ​ប៉ុណ្ណោះ ហើយ​ពឹង​ផ្អែក​ទាំងស្រុង តែ​ទៅលើ​តែ​សាលារៀន លោកគ្រូ​-​អ្នកគ្រូ គឺ​មិន​អាចឱ្យ​វិស័យ​អប់រំ​មានការ​រីកចម្រើន​បានទេ​៕