​វា​ជា​ការពិត​ដ៏​ក្រៀមក្រំ​ដែល​ជន​ក្រី​​ក្រ និង​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សង្គម ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​សកល​នានា​។ ជា​ប្រវត្តិសាស្ត្រ ជន​មាន​ពិការភាព​តែង​ស្ថិតនៅក្នុង​ចំ​​ណោម​ប្រជាជន ដែល​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ មិន​ទទួលបាន​ការគាំទ្រ និង​ងាយ​រងគ្រោះ​បំផុត ហើយ​ពួកគេ​រមែង​តែង​ត្រូវបាន​គេ​ទុកចោល​ក្រោយ​គេ​បំផុត​។ ជាពិសេស កុមារ និង​ស្ត្រី​មាន​ពិការភាព​ស្ថិតនៅ​ក្នុងចំណោម​ប្រជាជន​ដែល​រង​ឥទ្ធិពល​ជ្រាលជ្រៅ​បំផុត​ពី​វិបត្តិ​មនុស្ស​ធម៌​បង្កដោយ​ជម្លោះ និង​គ្រោះ​មហន្ត​​រាយ​អាកាសធាតុ​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​ពិភពលោក​។​

​ដោយសារ​យើង​កំពុង​ឈានទៅរក​ចំណុចកណ្ដាល​នៃ​របៀបវារៈ​ឆ្នាំ​​ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និន្នាការ​ដ៏​គួរឱ្យ​ព្រួយ​​បារម្ភ​បាន​បង្ហាញថា ពិភពលោក​កំពុង​ឈានទៅរក​ការមិន​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG)​ មួយចំនួន​។ គោលដៅ SDGs​ ដែលជា​គោលដៅ​សកល​ត្រូវអនុម័ត​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​ ២០១៥​ បានដាក់​ចេញ​សកម្មភាព​សកល​ដើម្បី​បញ្ចប់​ភាពក្រីក្រ ការពារ​ភពផែនដី និង​ធានាថា​នៅត្រឹម​ឆ្នាំ​ ២០៣០ ប្រជាពលរដ្ឋ​គ្រប់រូប​នឹង​ទទួលបាន​សន្តិភាព និង​វិបុលភាព មិន​ថា​ពួកគេ​ជា​នរណា និង​នៅ​កន្លែង​ណា​ទ្បើ​យ​។​

​ប្រទេស​ជាច្រើន បាននិងកំពុង​ប្តេជ្ញាចិត្ត​ផ្តល់​អាទិភាព​គាំទ្រ​ដល់​ប្រជាជន​ដែល​កំពុង​មិនសូវ​ទទួលបាន​ការគាំទ្រ ជាពិសេស​គឺ​ជន​មាន​ពិការភាព​។ វឌ្ឍន​​ភាព​ត្រូវ​បានសម្រេច​លទ្ធផល​ល្អ ប៉ុន្តែ​ក្នុង​ករណីខ្លះ បាន​ធ្លាក់ចុះ​នៅក្រោយ​ចំណុច​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៥​ ទៅវិញ​។ បញ្ហា​នេះ​បង្កឱ្យមាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ភពផែនដី និង​ប្រជាជន​។ ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ជាង​មុន ដោយសារ​ឥទ្ធិពល​ពី​ជំងឺ​រាតត្បាត​កូ​វីដ ​១៩​។​


​ដើម្បី​អបអរសាទរ​ទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិ​នៅ​ឆ្នាំ ​២០២៣ ​នេះ​យើង​ត្រូវ​រួមគ្នា​ធ្វើ​សកម្មភាព​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ SDGs សម្រាប់​ជន​មាន​ពិការភាព​។ ដូច​ការបង្ហាញ​នៅក្នុង​របាយការណ៍​ស្ដីពី​ពិការ​ភាព និង​អភិវឌ្ឍន៍​ឆ្នាំ​ ២០២៣ របស់​អង្គការសហប្រជាជាតិ យើង​ដឹងថា ពិភពលោក​កំពុង​ងាក​កាន់តែ​ឆ្ងាយ​ពី​ការសម្រេចបាន SDGs មួយចំនួន​សម្រាប់​ជន​មាន​ពិការភាព​។​

​ជន​មាន​ពិការភាព​ជួបប្រទះ​នឹង​ឧបសគ្គ​ដោយឡែក ជាពិសេស​នៅក្នុង​ការទទួលបាន​សេវា​សុខភាព អប់រំ ព័ត៌មាន និង​សេវា​សង្គម​ហើយ​ការ​​រើសអើង​បង្ក​ភាព​រាំងស្ទះ​ដល់​លទ្ធភាព​របស់​ពួកគេ​ក្នុងការ​ចូលរួម​ពេញលេញ​នៅក្នុង​សង្គម​។ ឧបសគ្គ​ទាំងនេះ​រួមមាន ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ ទីតាំង​ភូមិសាស្ត្រ គុណភាព​នៃ​ការ​ថែ​​ទាំ បញ្ហា​ខ្វះ​ចំណេះដឹង​អំពី​សេវា​សង្គម​កិច្ច និង​សិទ្ធិ​។​


​ភាពក្រីក្រ​ធ្វើឱ្យ​ស្ថានភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​អត្រា​ភាពក្រីក្រ​ចំពោះ​គ្រួសារ​ដែលមាន​សមាជិក​មាន​ពិការភាព គឺ​ ១៨ ​ភាគរយ​ធៀប​នឹង​ ១៣,៦​ ភាគ​​រយ​នៃ​គ្រួសារ​ដែល​គ្មាន​សមាជិក​មាន​ពិការភាព ​(​ការអង្កេត​សង្គម​សេដ្ឋ​កិច្ច​កម្ពុជា ​(២០០៩-២០១៤)​។ ចំនួន​នេះ​កើនឡើង​កាន់តែ​ខ្ពស់​រហូតដល់ ​៣៤ ​ភាគរយ​នៅពេល​ពិចារណា​ទៅលើ​បន្ទុក​ចំណាយ​លើ​ពិការភាព​ដែល​ធ្លាក់​ទៅលើ​គ្រួសារ​។ គ្រួសារ​មាន​ចំណូល​ទាប​ជាច្រើន​អាច​ពិបាក​ក្នុង​ការចំណាយ​លើ​កិច្ច​គាំទ្រ ឬ​សេវា​ពាក់ព័ន្ធ​នឹង​ពិការភាព​សម្រាប់​កុមារ​ដែល​ធ្វើឱ្យ​ពួកគេ​ជ្រើស​រើសយក​ជម្រើស​ដែល​មិន​ស្មាន​ដល់​ដោយ​បោះបង់​កុមារ​ចោល ឬ​ដាក់​ពួកគេ​នៅក្នុង​មណ្ឌល​ថែទាំ​កុមារ​។​


​វឌ្ឍនភាព​ត្រូវបាន​សម្រេចបាន​កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​បានបង្ហាញ​សេចក្ដី​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​សិទ្ធិ​របស់​ជន​មាន​ពិការភាព រួមមាន ការផ្ដល់​សច្ចាប័ន​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព នៅ​ឆ្នាំ ​២០១២ ព្រម​ទាំង​តាមរយៈ​ច្បាប់​ជាតិ​ពាក់ព័ន្ធ​នឹង​ពិការភាព និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​២០១៩-២០២៣ (NDSP II)​ ដែល​ផ្ដល់​មូលដ្ឋាន​មួយ​សម្រាប់​ការ​មាន​ចំណាត់ការ​។ ថ្វីបើ​មាន​សេចក្ដី​ប្ដេជ្ញាចិត្ត​នេះ​ក្ដី បញ្ហា​ប្រឈម​នៅតែមាន​ក្នុងការ​អនុវត្ត​ពេញ​លេញ​នូវ​គោលនយោបាយ និង​ផែនការ រួមមាន ធនធាន​ហិរញ្ញវត្ថុ​នៅមានកម្រិត​សម្រាប់​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ដែល​តម្រូវ​សម្រាប់​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​។​

​អង្គការសហប្រជាជាតិ​កំពុងធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​កិច្ចការ​​ពារ​សិទ្ធិ​ជន​មាន​ពិការភាព​ដោយ​ផ្ដល់យោបល់​ស្ដីពី​ការ​សម្រប​ច្បាប់​នេះ​ទៅតាម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​​ពិការភាព ​(CRPD)​។ ជាមួយ​ការ​គាំ​ទ្រ​ពី​ UNDP រាជរដ្ឋាភិបាល​បាន​អនុវត្ត​ផែនការ NDSP II និង​បាន​បង្កើត​ផែនការ​ NDSP ​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៤-២០២៨​ ដើម្បី​លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​របស់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។ ការគាំទ្រ​នេះ​បាន​ចូលរួមចំណែក​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​លើកកម្ពស់​ចំណេះដឹង​នៃ CRPD និង​កសាង​សមត្ថភាព​ស្ថាប័ន​ទាក់ទង​នឹង​ជន​មាន​ពិការភាព​។​

UNICEF និង UNDP បាន​គាំទ្រ​ក្នុងការ​បង្កើត​យន្តការ​កំណត់​ពិការភាព និង​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ពិការភាព ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​នៅ​ឆ្នាំ ​២០២៣​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ការបង្កើត​មូលដ្ឋាន​ទិន្នន័យ​ជាតិ​សម្រាប់​ជន​មាន​ពិការ​​ភាព​។ មាន​ប្រជាជន​ចំនួន​ ២៥០ ០០០ ​នាក់​ដែល​បាន​ចុះបញ្ជី រួមទាំង​កុមារ​ផងដែរ នៅពេលនេះ​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​កាន់តែច្រើន​នៅក្នុង​ប្រទេស​នេះ​នឹង​អាច​ទទួលបាន​កម្មវិធី​កិច្ច​គាំពារ​សង្គម​ដ៏​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​សុខភាព និង​ជីវភាព​របស់​ពួកគេ​ដោយ​ផ្ដល់​ដល់​ពួកគេ​នូវ​ឱកាស​ក្នុងការ​ដឹកនាំ​ជីវិត​ដ៏​ពេញលេញ​។ ក្នុង​ឆ្នាំ​ ២០២២ មាន​ជន​មាន​ពិការភាព​ចំនួន​ ៥ ​ម៉ឺន​នាក់ (៥១ ​ភាគរយ​ជា​ស្ត្រី​) បានទទួល​សេវា​គាំទ្រ​សាធារណៈ និង​កិច្ច​គាំពារ​សង្គម​។​

​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅកម្ពុជាកំពុងគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តប្រកបដោយបរិយាបន្នដែលស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។ វាជាការគាំទ្រដល់ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនៅក្នុងវិស័យ “សិទ្ធិទទួលបានយុត្តិធម៌”។ លើសពីនេះ OHCHR កំពុងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនចំណេះដឹងសាធារណៈអំពីភាពថ្លៃថ្នូរ និងសិទ្ធិនៃជនមានពិការភាព ដោយផ្សព្វផ្សាយអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងមានការបំផុសទឹកចិត្ត អំពីជនមានពិការភាពមកពីគ្រប់មជ្ឈដ្ឋានផងដែរ។

ជាមួយ​ការគាំទ្រ​របស់ UNESCO ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព ត្រូវ​បានផ្តល់​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ជី​ឌី​ថ​ល​ដើម្បី​បង្កើន​សមត្ថ​ភាព​ទទួល​ព័ត៌មាន​តាមរយៈ​បច្ចេកវិទ្យា និង​ជំនួយ​បច្ចេកទេស ដែល​ផ្តល់ជូន​សម្រាប់​ពង្រឹង​ច្បាប់​ដើម្បី​ជន​មាន​ពិការភាព​ទទួលបាន​ព័ត៌មាន​គ្រប់​គ្រាន់​។ នេះ​ជា​កត្តា​សំខាន់​សម្រាប់​ការចូលរួម​សកម្ម​របស់​ជន​មាន​ពិការ​​ភាព​ក្នុង​កិច្ចពិភាក្សា​សាធារណៈ និង​ក្នុង​ដំណើរការ​បង្កើត​គោ​លន​យោ​បាយ​នានា​។​

​អង្គការសហប្រជាជាតិ​នៅតែ​រក្សា​ការពារ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​គ្រប់រូប រួមទាំង​ស្ត្រី និង​កុមារ តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​ស្ថាប័ន​នៃ​ជន​មាន​ពិការភាព និង​សហគមន៍​ផងដែរ​។​

​ការងារ​យើង​ត្រូវធ្វើ​បន្ថែមទៀត​ជន​មាន​ពិការភាព​ត្រូវមាន​ឱកាស​ស្មើគ្នា និង​ទទួលបាន​គ្រប់​សេវា​ទាំង​​អស់ ទោះជា​ពួកគេ​រស់នៅ​ទីកន្លែង​ណាក៏ដោយ​។ គ្រួសារ​ត្រូវ​ទទួលបាន​ការគាំទ្រ​ក្នុងការ​ថែទាំ​កុមារ​មាន​ពិការភាព​។ ជន​មាន​ពិការភាព​គ្រប់រូប​ត្រូវ​ទទួលបាន​ឱកាស​រៀនសូត្រ​ពេញ​ ១ ​ជីវិត​។​

​កុមារ​មាន​ពិការភាព​គ្រប់រូប​ត្រូវ​ទទួលបាន​ឱកាស​ដើម្បី​ទទួលបាន​ការអប់រំ​បែប​បរិ​យាប​ន្ន​ប្រកបដោយ​គុណភាព​។ សំឡេង​របស់​ជន​មាន​​ពិការភាព​ទាំងអស់​ត្រូវតែ​ទទួល​បានការ​ស្ដាប់ឮ និង​ការគោរព​។​

​តម្រូវការ​របស់​ពួកគេ​ត្រូវតែ​ទទួល​បាន​កិច្ច​គាំទ្រ​នៅ​ចំពោះមុខ​កំណើន​ជម្លោះ និង​វិបត្តិ​អាកាសធាតុ យើង​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល សាធារណជន និង​ដៃគូ​វិស័យ​ឯកជន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ និង​សម្រេចបាន SDGs នៅ​កម្ពុជា​សម្រាប់​ជន​មាន​ពិការភាព ជាមួយ​ពួកគេ និង​ដោយ​ពួកគេ​ផ្ទាល់ ជាពិសេស កុមារ​។ យើង​ត្រូវ​ចាត់​អាទិ​​ភាព​លើ​វិធានការ​ដូចតទៅ៖ ​លុបបំបាត់​ការ​មាក់ងាយ និង​ការរើសអើង ដែល​រារាំង​ជន​មាន​ពិការភាព​ពី​ការចូលរួម​ពេញលេញ​នៅក្នុង​សង្គម​។ បង្កើន និង​ផ្ដល់​ភាព​អង់អាច​ចំពោះ​សំឡេង​របស់​ពួកគេ និង​រួម​បញ្ចូល​ពួកគេ​នៅក្នុង​ដំណើរ​ការធ្វើ​សេចក្ដីសម្រេចចិត្ត​។​

● ​ធានា​នូវ​លទ្ធភាព​ស្មើគ្នា​ពេញ ​១ ​ជីវិត​ក្នុង​ការទទួល​បានការ​អប់រំ​គ្រប់​កម្រិត និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាមរយៈ​ការបញ្ចូល​សម្ភារ​រៀនសូត្រ​និង​កម្មវិធីសិក្សា​ប្រកបដោយ​បរិ​យាប​ន្ន ដោយ​រក្សាបាន​នូវ​បច្ចេកវិទ្យា​ជំនួយ ការបណ្ដុះបណ្ដាល​គ្រូបង្រៀន និង​បុគ្គលិក​រដ្ឋបាល ព្រមទាំង​ការផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ លម្ហ​លេង​កម្សាន្ត បរិក្ខារ​អនាម័យ និង​ការដឹកជញ្ជូន​។​

● ​ពង្រឹង​លទ្ធភាព​ក្នុង​ការទទួល​បាន​សេវា​ថែទាំ និង​សេវា​គាំទ្រ​គ្រប់​ជ្រុងជ្រោយ​នៅតាម​សហគមន៍ រួម​ទាំង​តាមរយៈ​វិធានការ​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​ពិការ​​ភាព និង​វិធានការ​ប្រកបដោយ​បរិ​យាប​ន្ន​ពិការភាព​នៅក្នុង​ស្ថានភាព​ហានិភ័យ​ផ្នែក​អាកាសធាតុ​នៅ​ទូទាំង​វិស័យ​មនុស្សធម៌ និង​អភិវឌ្ឍន៍​។​

● ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ការ​មាន និង​ការប្រើប្រាស់​ទិន្នន័យ សេវា កម្មវិធី និង​វេទិកា​សម្របសម្រួល​ប្រកប​ដោយ​បរិ​យាប​ន្ន​ពិការភាព រួមទាំង​សម្រាប់​សុខភាព​ផ្លូវចិត្ត និង​កិច្ច​គាំទ្រ​ចិត្ត​សង្គម​។​

● ​ធានា​ការចូលរួម​ពេញលេញ និង​ប្រកបដោយ​អត្ថន័យ​របស់​កុមារ និង​យុវវ័យ​មាន​ពិការភាព​។ យុវជន​មាន​ពិការភាព​ត្រូវតែ​ទទួលបាន​លម្ហ​សុវត្ថិភាព​មួយ​ដើម្បី​បង្ហាញ​គំនិត​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​របស់​ពួកគេ​ស្រប​ពេលដែល​ក៏​ទទួលបាន​ឧបករណ៍​អប់រំ​ដែល​ចាំបាច់​ដើម្បី​រួម​​ចំណែក​ចំពោះ​កិច្ចពិភាក្សា​បែបនេះ​។​

​តាមរយៈ​ការរួបរួម​គ្នា​នៅក្នុង​ការចាត់វិធានកា​រ ការធ្វើការងារ​ដោយផ្ទាល់​ជាមួយ​សហគមន៍​ជន​មាន​ពិការ​​ភាព និង​កុមារ​មាន​ពិការភាព​ព្រមទាំង​តាមរយៈ​ការ​ស្ដាប់​សំឡេង​តម្រូវការ​និង​អាទិភាព​របស់​ពួកគេ​នៅក្នុង​គ្រប់​ពិពិធ​ភាព​របស់​ពួកគេ យើង​អាច​តំណាងឱ្យ​ស្មារតី​នៃ​ការមិន​ទុក​នរណាម្នាក់​ចោល​យ៉ាងពិត​ប្រាកដ ហើយ​តាមរយៈ​កិច្ច​គាំទ្រ​ដល់​តម្រូវការ​របស់​ជ​ន​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សង្គម​យើង​ធ្វើ​ការងារ​ឆ្ពោះទៅរក​អនាគត​កាន់តែ​ស្រស់បំព្រង​សម្រាប់​មនុស្ស​គ្រប់រូប​។ យើង​មិនត្រូវ​ទុក​នរណាម្នាក់​ចោល​ឡើយ​៕

ដោយ​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ OHCHR, UNDP, UNESCO, UNICEF នៅ​កម្ពុជា​